ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេសឥណ្ឌា បានចំណាយពេលជិត១ថ្ងៃ ទស្សនាប្រាង្គប្រាសាទបុរាណនៅសៀមរាប

សៀមរាប៖ រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar និងគណៈប្រតិភូ បានចំណាយពេលពេញមួយថ្ងៃ ដើម្បីអញ្ជើញទស្សនាប្រាង្គប្រាសាទបុរាណជាច្រើន កន្លែងនៅក្នុងទឹកដីនៃខេត្តសៀមរាប កាលពីថ្ងៃទី៣សីហា​ ឆ្នាំ២០២២ ។

គ្រាន់តែអញ្ជើញមកដល់ខេត្តសៀមរាបភ្លាម រដ្ឋមន្រ្តីការបរទេសឥណ្ឌា និងគណៈប្រតិភូ ចំនួន១១រូបផ្សេងទៀត បានទៅធ្វើទស្សនកិច្ចនៅរមណីយដ្ឋានអង្គរ។

នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានទៅទស្សនាប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម ជាពិសេសសាលរបាំ ដែលជាគម្រោងនៃកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) និងអាជ្ញាធរជាតិអប្សរា បានជួសជុល  និងសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ី ដោយមានការចូលររួមអមដំណើរដោយ លោកបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា  អគ្គនាយករង និងមន្រ្តីជំនាញ ជាច្រើនរូបទៀតផងដែរ។

ដំណើរទស្សនាប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម និងសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ី របស់រដ្ឋមន្ត្រីការបរទេសឥណ្ឌានេះ បានធ្វើឡើងនៅមុនដែលលោកត្រូវបន្តដំណើរ ទៅកាន់រាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥៕