ព័ត៌មានជាតិ

ព្រះសង្ឃនិងពលរដ្ឋ២១អង្គ/នាក់វិជ្ជមានកូវីដ-១៩ អាជ្ញាធរសុំឱ្យប្រុងប្រយ័ត្ន

កំពង់ឆ្នាំង៖ក្រោយរកឃើញពលរដ្ឋនិងព្រះសង្ឃ២១អង្គ/នាក់វិជ្ជមានកូវីដ-១៩ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន។

មន្ត្រីសាលាសុ្រកបរិបូណ៌បានឱ្យដឹងថា ពលរដ្ឋនិងព្រះសង្ឃចំនួន២១អង្គ/នាក់​ក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី៣ ខែសីហាឆ្នាំ២០២២។ក្រោយទទួលព័ត៌មានថា ព្រះសង្ឃគង្គនៅក្នុងវត្តអង្គមាន​អាការក្តៅខ្លួន,ក្អក,ក្រុមគ្រូពេទ្យមណ្ឌលសុខភាពស្រុកបរិបូណ៌បានចុះយក​សំណាកព្រះសង្ឃក្នុងវត្តនោះ។ជាលទ្ធផលព្រះសង្ឃនិងតាជីចំនួន១៧អង្គ/នាក់​បានរកឃើញវិជ្ជមានកូវីដ-១៩។

ក្រោយរកឃើញវិជ្ជមានកូវីដ-១៩ ព្រះសង្ឃនិងតាជីនៅវត្តអង្គនោះបានបន្តយកសំណាក​ទៅពិនិត្យម៉ាស៊ីនធំនៅរាជធានីភ្នំពេញទៀត។ក្នុងនោះព្រះសង្ឃនិងអ្នកវិជ្ជមាន​ទាំងអស់ត្រូវបានដាក់ឱ្យព្យាបាលនៅក្នុងវត្តមិនឱ្យចេញទៅណាទេ។នៅសាលាខេត្តកំពង់ឆ្នាំងក៏បានធ្វើតេស្តលើមន្ត្រីរាជការផងដែរ ជាលទ្ធផលតេស្តរហ័សបានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៤នាក់។

ប្រធានមន្ទីរសុខាភិបាលបានអំពាវនាវដល់ពលរដ្ឋមេត្តាប្រុងប្រយ័ត្នបន្ថែមទៀត គឺត្រូវអនុវត្តនូវវិធានការរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល គឺ៣កុំ៣ការពារ​ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩នេះ៕

ដោយ៖វិចិត្រ