ព័ត៌មានជាតិ

ប័ណ្ណព្រំដែនកម្ពុជា-ថៃពីថ្ងៃទី៤សីហានេះតទៅ វាយត្រាម្តងអាចស្នាក់នៅបាន៧ថ្ងៃ

​បន្ទាយមានជ័យ៖ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ពីថ្ងៃទី៤ ខែសីហាឆ្នាំ២០២២នេះតទៅ ប័ណ្ណព្រំដែនកម្ពុជា-ថៃដែលបានវាយត្រាម្តង​អាចស្នាក់នៅរយៈពេល៧ថ្ងៃ។

មន្ត្រីសាលាខេត្ត​បន្ទាយមានជ័យ​បានឱ្យដឹងថា ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ពីថ្ងៃទី៤ ខែសីហាឆ្នាំ២០២២នេះតទៅ ប័ណ្ណព្រំដែនកម្ពុជា-ថៃដែលវាយត្រាម្តង​អាចស្នាក់នៅបានរយៈពេល៧ថ្ងៃវិញហើយ។

ក្រោមការយកចិត្តទុកដាក់និងកិច្ចសម្របសម្រួលរបស់អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្រ្តីពាក់ព័ន្ធជុំវិញខេត្ត និងរដ្ឋបាលក្រុងប៉ោយប៉ែតជាមួយអាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ។ឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋ ពិសេសបងប្អូនអាជីវករ​ដែលតែងតែធ្វើដំណើរចេញ-ចូលក្នុងផ្សាររោងក្លឿ​ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។

ជាលទ្ធផល អាជ្ញាធរថៃយល់ព្រមឱ្យពលរដ្ឋខ្មែរដែលប្រើប្រាស់ប័ណ្ណព្រំដែនកម្ពុជា-ថៃ Cambodia-Thailand Border Pass  មានសុពលភាពប្រើប្រាស់រយៈពេល៧ថ្ងៃ។ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី៤ ខែសីហាឆ្នាំ២០២២នេះតទៅ គឺខាងភាគី​អន្តោប្រវេសន៍ថៃអនុញ្ញាតឱ្យប្តូរប្រថាប់ត្រាពី៣ថ្ងៃឱ្យបាន៧ថ្ងៃវិញ៕

ដោយ៖វិចិត្រ