កីឡា

ក្លិបនៅ Premier League នឹងបញ្ឈប់លុតជង្គង់ នៅមុនរៀងរាល់ការប្រកួត

សេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធ បានឱ្យដឹងថា កីឡាករបាល់ទាត់ នៅក្របខ័ណ្ឌ Premier League របស់អង់គ្លេស នឹងលែងលុតជង្គង់ នៅមុនការប្រកួតទាំងអស់ ក្នុងរដូវកាលខាងមុខនេះហើយ ដោយកំណត់ការបង្ហាញកាយវិការប្រឆាំងនឹងការរើសអើងជាតិសាសន៍នេះ ចំពោះហ្គេមមួយចំនួនប៉ុណ្ណោះ។

កីឡាករប្រធានក្រុមជាច្រើន បាននិយាយ ក្នុងសេចក្តីប្រកាស នៅលើវេបសាយផ្លូវការរបស់ Premier League ថា៖ «យើងបានសម្រេចចិត្តជ្រើសរើសពេលវេលាសំខាន់ៗ ដើម្បីលុតជង្គង់ ក្នុងរដូវកាលនេះ ដែលជាការបង្ហាញពីការរួបរួមរបស់យើងប្រឆាំងនឹងការរើសអើងជាតិសាសន៍គ្រប់រូបភាពទាំងអស់ ហើយក្នុងការធ្វើដូច្នេះ យើងបន្តបង្ហាញពីសាមគ្គីភាព សម្រាប់បុព្វហេតុទូទៅ»។

ខាង Premier League បាននិយាយថា ខ្លួនគាំទ្រការសម្រេចចិត្តរបស់ប្រធានក្រុមទាំងអស់ ហើយនឹងបង្កើនការផ្ញើសារប្រឆាំងនឹងការរើសអើងជាតិសាសន៍ ដែលជាផ្នែក ១ នៃយុទ្ធនាការ «No Room for Racism» (គ្មានកន្លែងសម្រាប់ការរើសអើងជាតិសាសន៍ទេ) ជាពាក្យ ដែលមាននៅលើដៃអាវរបស់កីឡាកររួចហើយ។

កីឡាករបាល់ទាត់ នៅ Premier League បានចាប់ផ្តើមលុតជង្គង់ នៅរៀងរាល់ការចាប់ផ្តើមនូវការប្រកួត ក្នុងខែមិថុនា ឆ្នាំ២០២០ នៅពេលដែលរដូវកាល បានចាប់ផ្ដើមឡើងវិញក្រោយផ្អាក ដោយសារជំងឺរាតត្បាតកូវីដ-១៩ ពោលគឺមានរយៈពេល ១ខែបន្ទាប់ពីការស្លាប់របស់បុរស្បែកខ្មៅ George Floyd នៅសហរដ្ឋអាមេរិក។

លោក Colin Kaepernick ដែលជាអតីតកីឡាករបាល់ទាត់បែបអាមេរិក (American Football) នៅក្របខ័ណ្ឌ NFL បានចាប់ផ្តើមលុតជង្គង់តវ៉ាប្រឆាំងនឹងភាពអយុត្តិធម៌ខាងពូជសាសន៍ ក្នុងឆ្នាំ២០១៦ ហើយកាយវិការនេះ បានក្លាយទៅជាការបង្ហាញរូបភាពជាទម្លាប់ នៅក្នុងកីឡាជាច្រើន ចាប់តាំងពីមានការសម្លាប់លោក Floyd ដោយមន្ត្រីប៉ូលិសអាមេរិក។

តែកីឡាករជាច្រើន នៅ Premier League បាននិយាយថា កាយវិការនេះ បានបាត់បង់ឥទ្ធិពលរបស់ខ្លួនហើយ ហើយអ្នកនយោបាយស្តាំនិយមមួយចំនួន នៅចក្រភពអង់គ្លេស បានរិះគន់ការបង្ហាញអត្តសញ្ញាណរបស់ខ្លួន ជាមួយនឹងចលនាតវ៉ា «Black Lives Matter» (ជីវិតរបស់ជនស្បែកខ្មៅ ក៏មានតម្លៃ)៕