ព័ត៌មានជាតិ

ក្រុមមេធាវីអាជ្ញាធរជាតិអប្សរា បញ្ជាក់ជាថ្មីអំពីតំបន់១និងតំបន់២ នៃរមណីយដ្ឋានអង្គរ មិនអាចបុគ្គលណាចូលទៅបំពានបាន

សៀមរាប៖ ក្រុមមេធាវីនៃអាជ្ញាធរជាតិអប្សរា បានថ្លែងបញ្ជាក់ជាថ្មីថា តំបន់អង្គរនៅក្នុងខេត្ត​សៀមរាប ត្រូវបានកំណត់ជាតំបន់រមណីយដ្ឋានវប្បធម៌ ដែលត្រូវការពារ ជាពិរសេស​តំបន់១​និងតំបន់២ ជាចំណុចពិសេសនិងសំខាន់ជាងគេ ដ្បិតជាតំបន់ស្នូលប្រាសាទ និងបុរាណវិទ្យា។

មេធាវីរបស់អាជ្ញាធរជាតិអប្សរា អ្នកស្រី ជា សុកនួន បានថ្លែងថា នៅក្នុងតំបន់១និងតំបន់២នៃរមណីយដ្ឋានអង្គរ គឺហាមឃាត់រាល់ការអភិវឌ្ឍនានា លើកលែងតែការអភិវឌ្ឍណាដែលមានសារប្រយោជន៍សម្រាប់ការពារ និងលើកស្ទួយតម្លៃនៃរមណីយដ្ឋាន ស្ថានីយបុរាណវត្ថុ ឬសម្រាប់ថែរក្សា របៀបរស់នៅរបស់មនុស្សនៅតំបន់នោះប៉ុណ្ណោះ។ ក្នុងនោះដែរ ក៏ត្រូវរក្សាទេសភាពវប្បធម៌ ដែលមានតាំងពីដើមផង។

ការសាងសង់ផ្ទះថ្មី ក៏ត្រូវបានហាមឃាត់។ សម្រាប់ពលរដ្ឋរស់នៅយូរលង់មកហើយ ពួកគេទទួលបានសិទ្ធិរស់នៅ ស្នើសុំការជួសជុល តែមិនអាចពង្រីកខ្នងផ្ទះបានឡើយ។

ការថ្លែងរបស់ក្រុមមេធាវីនៃអាជ្ញាធរជាតិអប្សរានេះ បានធ្វើឡើងនៅក្នុងសិក្ខាសាលា​ស្ដីពីការ​គ្រប់គ្រងដីធ្លីនៅតំបន់១និងតំបន់២ ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលមានសិក្ខាកាមជាមន្ត្រីនិងបុគ្គលិកនៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរចូលរួមចំនួនជាង៦០នាក់ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២។

មេធាវីនៃអាជ្ញាធរជាតិអប្សរា១រូបទៀត លោកស៊ន់ សុជាតិ ក៏បានលើកឡើងដែរថា ការប្រើប្រាស់ដីធ្លីក្នុងតំបន់១និងតំបន់២នៃរមណីយដ្ឋានអង្គរ គឺអនុញ្ញាតឱ្យប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននិងជាអ្នកដែលរស់នៅយូរលង់មកហើយ អាចបន្តរស់នៅបាន តែពុំមានសិទ្ធិលក់ដូរទេ។ ករណីផ្ទះសំបែងទ្រុឌទ្រោម ម្ចាស់ផ្ទះអាចស្នើសុំជួសជុល រុះរើ ឬសាងសង់ថ្មីបាន  ហើយក៏មានករណីចាំបាច់​ដោះស្រាយជីវភាព ពួកគេក៏អាចលក់ដូរ ឱ្យអ្នកភូមិផងជាមួយគ្នាបាន តែហាម​សម្រាប់ការលក់ឱ្យអ្នកចំណូលថ្មី។

ការថ្លែងបញ្ជាក់ជាថ្មីរបស់ក្រុមមេធាវីនៃអាជ្ញាធរជាតិអប្សរានេះ ហាក់បានធ្វើឡើង​ដើម្បីឆ្លើយតបទៅនិងក្រុមប្រជាពលរដ្ឋមួយចំនួន ដែលនៅតែជម្នះសាងសង់សំណង់ថ្មីៗ នៅលើដីនៃតំបន់ការពាររបស់រមណីយដ្ឋានអង្គរ ព្រមទាំងជេរប្រមាថដល់ក្រុមការងារ​នៃអាជ្ញាធរជាតិអប្សរាដែលបានចុះទៅអនុវត្តន៍ច្បាប់ រារាំងដល់ការសាងសង់​សំណង់ទាំងនោះផង កាលពីពេលថ្មីៗ។

អ្នកស្រី ជា សុកនួន បានលើកឡើងពីច្បាប់ និងលិខិតគតិយុត្តមួយចំនួនមកពន្យល់ថា ការងារគ្រប់គ្រងដីតំបន់១ និងតំបន់២ដែលជាដីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា គឺក្នុងបំណងឱ្យការគ្រប់គ្រង ថែរក្សានិងអភិវឌ្ឍន៍​ប្រកបដោយចីរភាព។ ដូច្នេះដើម្បីអនុវត្តន៍តាមលក្ខខណ្ឌក្នុងការចុះ​បញ្ជីបញ្ចូល​រមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ  រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតច្បាប់ បទបញ្ជានិងបទដ្ឋានគតិយុត្តនានាជាបន្តបន្ទាប់ ដើម្បីកំណត់និងចាត់ចែងគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ។

តំបន់អង្គរ ត្រូវបានកំណត់ជាតំបន់រមណីយដ្ឋានវប្បធម៌ ត្រូវការពារ និងត្រូវបានធ្វើ​ចំណាត់ថ្នាក់ជា៥ប្រភេទ ដែលមានតំបន់១រហូតដល់តំបន់៥។ដីតំបន់១និងតំបន់២ មានចំណុចពិសេស និងសំខាន់ជាងគេ ដ្បិតជាតំបន់ស្នូលប្រាសាទ និងបុរាណវិទ្យា។ ការអភិវឌ្ឍនានាត្រូវបានហាមឃាត់ លើកលែងតែការអភិវឌ្ឍណាដែលមាន​សារប្រយោជន៍សម្រាប់ការពារ និងលើកស្ទួយតម្លៃនៃរមណីយដ្ឋាន ស្ថានីយបុរាណវត្ថុ ឬសម្រាប់ថែរក្សារបៀបរស់នៅរបស់មនុស្សនៅតំបន់នោះ។ ក្នុងនោះ ក៏ត្រូវមានកិច្​ចថែរក្សាទេសភាពវប្បធម៌ ដែលមានតាំងពីដើមមកផងដែរ៕