កីឡា

Ronaldo និង Maguire ត្រូវបានរំលោភបំពានច្រើនបំផុត នៅលើ Twitter

របាយការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ បានបង្ហាញឱ្យឃើញថា ខ្សែប្រយុទ្ធ Cristiano Ronaldo និងខ្សែការពារ Harry Maguire របស់ក្រុមបិសាចក្រហម Manchester United ទទួលរងការរំលោភបំពាន នៅលើបណ្ដាញសង្គម Twitter ច្រើនបំផុតជាងកីឡាករណាទាំងអស់ នៅក្របខ័ណ្ឌ Premier League។

ការវិភាគដោយនិយតករគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស Ofcom ចំពោះការសរសេរសារ នៅលើ Twitter ចំនួន ២,៣លាន ក្នុងឆមាសទី១ នៃរដូវកាលមុន បានរកឃើញថា ការផូស្តរំលោភបំពានជិត ៦០ ០០០ បានវាយប្រហារកីឡាករដល់ទៅ ៧នាក់ ក្នុងចំណោមកីឡាករ ១០រូបរបស់លីគកំពូលអង់គ្លេស។

ពាក់កណ្តាលនៃការរំលោភបំពាននោះ គឺសំដៅទៅលើបុគ្គលតែ ១២នាក់ប៉ុណ្ណោះ ដោយក្នុងនោះ ៨នាក់ នៅក្នុងក្រុម Man United។ Twitter ត្រូវបានជ្រើសរើសដោយសារតែការនិយមរបស់កីឡាករ ហើយដោយសារតែវាមានទិន្នន័យសម្រាប់ការស្រាវជ្រាវ ប៉ុន្តែការសិក្សាមិនបានគិតដល់ការការពារសុវត្ថិភាពនោះឡើយ ហើយឥឡូវនេះ Ofcom កំពុងរៀបចំគ្រប់គ្រងក្រុមហ៊ុនបច្ចេកវិទ្យាក្រោមច្បាប់សុវត្ថិភាពអនឡាញថ្មី ក្នុងគោលបំណងការពារអ្នកប្រើប្រាស់។

«ការរកឃើញទាំងនេះ បានបង្ហាញឱ្យឃើញពីផ្នែកងងឹតនៃការប្រកួតដ៏ស្រស់ស្អាត។ ការរំលោភបំពានលើអ៊ីនធឺណិត មិនត្រូវមាននៅក្នុងកីឡា ឬនៅក្នុងសង្គមដ៏ធំទូលំទូលាយនេះឡើយ ហើយការដោះស្រាយវាទាមទារការខិតខំប្រឹងប្រែងជាក្រុម»។ នេះជាការលើកឡើងរបស់លោក Kevin Bakhurst ដែលជានាយក Ofcom សម្រាប់ការផ្សាយ និងមាតិកាអនឡាញ។

លោក Bakhurst បានបន្ថែមថា៖ «ក្រុមហ៊ុនបណ្ដាញសង្គមទាំងអស់ មិនចាំបាច់រង់ចាំច្បាប់ថ្មីដើម្បីធ្វើឱ្យគេហទំព័រ និងកម្មវិធីរបស់ពួកគេ មានសុវត្ថិភាពជាងមុន សម្រាប់អ្នកប្រើប្រាស់នោះទេ។ នៅពេលដែលយើងក្លាយជានិយតករសម្រាប់សុវត្ថិភាពអនឡាញ ក្រុមហ៊ុនបច្ចេកវិទ្យានឹងត្រូវតែបើកចំហយ៉ាងពិតប្រាកដពីជំហាន ដែលពួកគេកំពុងអនុវត្ត ដើម្បីការពារអ្នកប្រើប្រាស់។ យើង នឹងរំពឹងថា ពួកគេនឹងបង្កើតសេវាកម្មរបស់ពួកគេ ដោយគិតពីសុវត្ថិភាពជាចម្បង»។

បើតាមរបាយការណ៍នេះ មានការរំលោភបំពានខ្ពស់បំផុតចំនួន ២ដង ដោយលើកទី១ បានកើតឡើងនៅថ្ងៃដែលកីឡាករ Ronaldo ត្រឡប់មកចូលរួមជាមួយក្លិប Man United វិញ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ដោយមានការផ្ញើសារ នៅលើ Twitter ច្រើនជាងថ្ងៃណាទាំងអស់ដល់ទៅ ៣ដង (១៨ ៨៧៦៩) ដែលក្នុងនោះ ៣ ៩៦១ គឺជាសាររំលោភបំពាន។

លើកទី២ បានកើតឡើងនៅថ្ងៃទី៧ ខែវិច្ឆិកា នៅពេលដែលកីឡាករ Maguire បានបង្ហោះសារសុំទោស បន្ទាប់ពីបរាជ័យ ២-០ ក្នុងទឹកដីខ្លួនឯង ដោយសារក្រុម Manchester City ដោយការបង្ហោះសារជាច្រើន បានប្រើភាសាប្រមាថទៅលើខ្សែការពារសញ្ជាតិអង់គ្លេស៕