កីឡា

Jota បន្លាយការស្នាក់នៅ Liverpool ដោយបន្តកិច្ចសន្យារយៈពេលវែង

កីឡាករ Diogo Jota បានព្រមព្រៀងចុះហត្ថលេខា ក្នុងកិច្ចសន្យារយៈពេលវែងថ្មី ជាមួយក្រុមហង្សក្រហម Liverpool។ នេះបើតាមការប្រកាសរបស់ក្លិបយក្ស នៅក្របខ័ណ្ឌ Premier League អង់គ្លេស កាលពីថ្ងៃអង្គារ។

ទាំងរយៈពេលពិតប្រាកដ និងតម្លៃនៃកិច្ចសន្យា មិនត្រូវបានបញ្ចេញឱ្យដឹងនោះឡើយ តែប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស បានរាយការណ៍ថា ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ ដែលបានចូលរួមជាមួយ Liverpool ដោយការចាកចេញពីក្រុមគូប្រជែង Wolves ក្នុងឆ្នាំ២០២០ នឹងស្នាក់នៅ Anfield យ៉ាងហោចណាស់រហូតដល់ឆ្នាំ២០២៧។

កីឡាករវ័យ ២៥ឆ្នាំ គឺជាខ្សែប្រយុទ្ធកណ្ដាលដ៏សំខាន់ ១រូប ដោយស៊ុតបញ្ចូលទីបាន ៣៤គ្រាប់ ក្នុងការបង្ហាញខ្លួន ៨៥លើក។ ក្រុម Liverpool រដូវកាលមុន ត្រូវបានបដិសេធយ៉ាងប្រផិតប្រផើយ ក្នុងការឈ្នះពានរង្វាន់ ៤ដងជាប្រវត្តិសាស្ត្រ ដោយពួកគេត្រូវរបូតពាន Premier League ជាមួយនឹងការចាញ់ក្រុម Manchester City តែ ១ពិន្ទុ និងរបូតពាន នៅក្របខ័ណ្ឌ Champions League ដោយបរាជ័យ ១-០ ក្រោមស្នាដៃរបស់ក្រុម Real Madrid បន្ទាប់ពីបានលើកពាន ក្នុងកម្មវិធី League Cup និង FA Cup រួចហើយ។

កីឡាករ Jota ត្រូវនៅក្រៅទីលានដោយសាររបួសសរសៃពួរ ហើយនឹងមិនបានចូលរួមការប្រកួតបើកឆាករដូវកាលថ្មីរបស់ Premier League នោះឡើយ ពេលក្រុម Liverpool ត្រូវទល់នឹងក្រុម Fulham នាថ្ងៃសៅរ៍នេះឡើយ។

ក្រោយព្រមព្រៀងបន្លាយរយៈពេលកិច្ចសន្យា កីឡាករ Jota បានប្រាប់គេហទំព័រផ្លូវការរបស់ក្រុម Liverpool ថា៖ «ពិតជាមោទនភាពណាស់ នេះជាអ្វីដែលខ្ញុំត្រូវតែនិយាយ។ ជាក់ស្តែងចាប់តាំងពីខ្ញុំបានមកដល់ កាលពី ២ឆ្នាំមុន ខ្ញុំបានអភិវឌ្ឍខ្លួនខ្ញុំឱ្យក្លាយជាកីឡាករដ៏សំខាន់ម្នាក់ នៅក្នុងក្រុមនេះ។ នោះហើយជាអ្វីដែលខ្ញុំចង់បានតាំងពីដំបូងមក»។

«ឥឡូវនេះ មានការចុះហត្ថលេខាក្នុងកិច្ចសន្យាថ្មីរយៈពេលវែង ដូច្នេះ វាគឺច្បាស់ណាស់ ដែលបង្ហាញពីជំនឿរបស់ក្លិប ចំពោះរូបខ្លួនខ្ញុំ ក្នុងនាមជាកីឡាករម្នាក់។ សម្រាប់ខ្ញុំ វាពិតជាល្អណាស់ ក្នុងការបង្ហាញថា ខ្ញុំនឹងនៅទីនេះមួយរយៈពេលធំទៀត។ ដូច្នេះ ចាប់ផ្តើមនៃរដូវកាលថ្មី តស់សម្រេចវាជាមួយគ្នា»។ នេះជាសម្ដីបន្ថែមរបស់កីឡាករ Jota។

កីឡាករ Jota នឹងក្លាយជាផ្នែកមួយនៃតំបន់ប្រយុទ្ធរបស់ក្រុមហង្សក្រហម ដែលត្រូវបានពង្រឹងដោយការមកដល់របស់កីឡាករចំណូលថ្មីៗ គឺ Darwin Nunez និង Luis Diaz ក្នុងខណៈដែលកីឡាករ Mohamed Salah នឹងបន្តដឹកនាំ នៅតំបន់ប្រយុទ្ធនេះ ដោយមានកីឡាករ Roberto Firmino ជម្រើស ១ផ្សេងទៀត តែកីឡាករ Sadio Mane បានផ្លាស់ទៅក្លិប Bayern Munich នៅអាល្លឺម៉ង់បាត់ហើយ៕