ព័ត៌មានជាតិ

ផ្លូវជាតិលេខ៧ពីក្រុងកំពង់ចាមដល់ផ្សារស្គន់ស្រុកជើងព្រៃនឹងស្ថាបនានៅចុងឆ្នាំនេះ

កំពង់ចាម៖ ផ្លូវជាតិលេខ៧ ចំនួន បួន គន្លងចម្ងាយជាង៤០ គីឡូម៉ែត្រចាប់ពីក្រុងកំពង់ចាម ឆ្ពោះទៅផ្សារស្គន់ ស្រុកជើងព្រៃ នឹងចាប់ដំណើរការបើកការដ្ឋានស្ថាបនាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នៅចុងឆ្នាំ២០២២។

នេះបើតាមការថ្លែងឱ្យដឹងរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅក្នុងជំនួបពិភាក្សាការងារជាមួយក្រុមការងារសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅសាលាខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី ៣ សីហានេះ។

លោកអភិបាលខេត្តកំពង់ចាមបានថ្លែងថា៖ ផ្លូវជាតិមួយខ្សែនេះជាជំនួយថវិការបស់ប្រទេសចិន គឺក្រៅពីមានទំហំទទឹងចំនួន បួន គន្លង នោះ ក៏នឹងបំពាក់ដោយប្រព័ន្ធលូដែលមានមុខកាត់ ១,៨ ម៉ែត្រ ជីកកប់ចុះក្រោមជម្រៅ ពីរ ម៉ែត្រ ពិសេសនៅតំបន់ទីប្រជុំជនជាប់ផ្លូវនេះ។

លោកបានបន្ថែមថា៖ បញ្ហានេះរដ្ឋបាលខេត្តកំពង់ចាមបានធ្វើសំណើដាក់ជូនលោក ស៊ុន ចាន់ថុល ជាទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជួន ហើយលោករដ្ឋមន្រ្តី ( ស៊ុន ចាន់ថុល) បានបង្គាប់ឱ្យខាងក្រុមហ៊ុនដែលទទួលបានសិទ្ធិស្ថាបនាផ្លូវនេះ រៀបចំកិច្ចសន្យាបំពេញបន្ថែមទៀត ក្នុងការរៀបចំប្រព័ន្ធលូ គឺនៅពេលដែលផ្លូវជាតិលេខ៧ បានសាងសង់ ប្រព័ន្ធលូនេះក៏ត្រូវធ្វើ ក៏ត្រូវធ្វើជាមួយគ្នា និងក្នុងកម្រិតដែលបានពិភាក្សាគ្នា។

លោកបានបន្តថា៖ បើគ្មានអ្វីប្រែប្រួលទេ នៅចុងឆ្នាំ២០២២ ខាងមុខនេះនឹងបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែនេះជាផ្លូវការ ក្រោមវត្តមានដ៏ខ្ពងខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕