កីឡា

Pochettino មិនជឿថា Mbappe មានចំណែកធំធ្វើឱ្យគាត់ត្រូវបញ្ចប់តួនាទី នៅ PSG

លោក Mauricio Pochettino មិនជឿថា ខ្សែប្រយុទ្ធ Kylian Mbappe មានការបញ្ចេញគំនិតដ៏ធំណា១ ក្នុងចំណែកនៃការបញ្ចប់តួនាទីរបស់លោកនោះទេ ហើយបានអះអាងថា គាត់ធ្វើការងារបានល្អនៅឯក្លិប Paris Saint-Germain (PSG) ដែលសម្រេចចែកផ្លូវជាមួយគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន កាលពីខែកក្កដា ក្រោយតែងតាំង បានរយៈពេលត្រឹមតែ ១៨ខែប៉ុណ្ណោះ ដោយយកលោក Christophe Galtier មកកាន់តំណែងជំនួសវិញ។

អតីតគ្រូបង្វឹករបស់ក្រុម Tottenham រូបនេះ បានដឹកនាំក្រុមឱ្យឈ្នះពានរង្វាន់ នៅក្របខ័ណ្ឌ Ligue 1 កាលពីរដូវកាលមុន ពានក្នុងកម្មវិធី Coupe de France និង Trophee des Champions ក្នុងឆ្នាំ២០២១ សម្រាប់រជ្ជកាលដ៏ខ្លីរបស់គាត់។

តែលោក Pochettino មិនអាចមានលទ្ធភាពជួយឱ្យក្រុមយក្សក្រុងប៉ារីសលើកពានរង្វាន់ នៅក្របខ័ណ្ឌ Champions League ជាលើកដំបូងបាននោះទេ ខណៈពួកគេត្រូវបានក្រុម Real Madrid ទម្លាក់ បន្ទាប់ពីមានឱកាសនាំមុខ ២គ្រាប់មុន ក្នុងវគ្គ ១៦ក្រុមចុងក្រោយ។

មានការនិយាយពីកីឡាករ Mbappe ដែលប្រហែលជាបានបង្កើនឥទ្ធិពលកាន់តែខ្លាំង នៅក្លិប PSG បន្ទាប់ពីកីឡាកររូបនេះបានច្រានចោលសំណើរបស់ក្លិប Real ដើម្បីចុះកិច្ចសន្យាថ្មី តែលោក Pochettino មិនគិតថា ខ្សែប្រយុទ្ធបារាំងរូបនេះ បានជំរុញឱ្យមានការដកតួនាទីរបស់គាត់នោះឡើយ។

លោក Pochettino បាននិយាយនៅក្នុងបទសម្ភាសដ៏វែងមួយជាមួយវេបសាយ Infobae ថា៖ «អ្វីដែលខ្ញុំគិត គឺថា PSG បានធ្វើអ្វីគ្រប់យ៉ាងដែលអាច ដើម្បីរក្សាទុក Kylian (Mbappe) ហើយខ្ញុំក៏យល់ស្របនឹងរឿងនោះដែរ។ រូបគេគឺជាកីឡាករល្អបំផុតម្នាក់ ក្នុងពិភពបាល់ទាត់ នាពេលបច្ចុប្បន្ន ហើយខ្ញុំគិតថា PSG មានធនធានគ្រប់យ៉ាង ដើម្បីបញ្ចុះបញ្ចូលរូបគេឱ្យស្នាក់នៅបន្ត»។

«តែខ្ញុំមិនគិតថា Kylian គឺជាអ្នករចនាគម្រោងថ្មីនោះទេ។ អ្នកដែលគ្រប់គ្រង ក្នុងករណីនេះប្រធានក្លិប (លោក Nasser Al-Khelaifi) គឺជាអ្នកដែលគិតថា អ្វីដែលមានអត្ថប្រយោជន៍បំផុតគឺជាគម្រោងការថ្មី នៅក្នុង ក្លឹប»។ លោក Pochettino បានបញ្ជាក់បន្ត។

លោក Pochettino មានអារម្មណ៍ថា មានការឈ្លក់វង្វេងខ្លាំងពេក ក្នុងការចង់ឈ្នះពាន Champions League របស់ក្លិប PSG ដោយអ្វីក្រៅពីការលើកពានដ៏ធំនោះ ពួកគេចាត់ទុកថា បរាជ័យ។

លោកបានបន្ថែមទៀតថា៖ «រឿងតែ ១គត់ ដែលមិនផ្លាស់ប្តូរ (តាំងពីពេលដែលគាត់ចូលរួមជាមួយ PSG) គឺជាការរំពឹងទុក ក្នុងការឈ្នះជើងឯក Champions League, Champions League និង Champions League។ ការចង់បានយ៉ាងងប់ងុល គឺ Champions League ហើយការសម្រេចគ្រប់យ៉ាង ដែលមិនឈ្នះ Champions League គឺមានន័យដូចនឹងបរាជ័យ តែមិនមែនសម្រាប់យើងទេ។ ខ្ញុំជឿបែបនោះ»។

«យើងបានធ្វើការងារមួយ ដោយស្មោះត្រង់ យើងបានប្រឹងប្រែងយ៉ាងខ្លាំង តាមដែលអាចធ្វើបាន ហើយយើងមានសំណាងមិនល្អ នៅនាទីចុងក្រោយ ពេលទល់នឹងនៅក្រុង Madrid។ យើងបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីឆ្នាំមុន នៅពេលកីឡាករ Mbappe រងរបួស នៅជើងទី ១ ទល់នឹងក្រុម Manchester City ហើយដោយមានរូបគេ នៅទីក្រុង Manchester យើងអាចឡើងដល់វគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីទម្លាក់ក្រុម Barcelona និង Bayern Munich។ និយាយម៉្យាងទៀត ខ្ញុំគិតថា យើងធ្វើបានល្អ ដោយគ្រាន់តែប្រហែលជាមិនត្រូវបានទទួលស្គាល់ពីខាងក្រៅប៉ុណ្ណោះ ព្រោះការរំពឹងទុក គឺឈ្នះ Champions League»។ នេះជាការបន្ថែមរបស់លោក Pochettino៕