កីឡា

Eriksen និយាយជាមួយគ្រប់គ្រូបង្វឹក នៅ Man United មុនសម្រេចចូលរួមជាមួយ Ten Hag

កីឡាករ Christian Eriksen បានបង្ហើបឱ្យដឹងថា រូបគេបានបដិសេធតម្លៃម្តងហើយម្តងទៀតពីក្រុមបិសាចកក្រហម Manchester United មុនពេលសម្រេចចិត្តចុះហត្ថលេខា កាលពីខែមុនដោយខ្សែបម្រើរអន្តរជាតិដាណឺម៉ាក បានចូលរួមជាមួយក្រុមរបស់លោក Erik ten Hag ក្នុងលក្ខខណ្ឌឥតតម្លៃខ្លួន កាលពីខែកក្កដា បន្ទាប់ពីចំណាយរយៈពេលខ្លីជាមួយក្លិប Brentford ក្រោយចាកចេញពីក្លិប Inter Milan ដោយសារបញ្ហាសុខភាព ដែលមានន័យថា រូបគេមិនអាចលេង នៅប្រទេសអ៊ីតាលីទៀតទេ។

ឧបករណ៍តាមដានចង្វាក់បេះដូង ដែលកីឡាករ Eriksen ត្រូវបានបំពាក់ បន្ទាប់ពីកើតមានអាការគាំងបេះដូង នៅឯការប្រកួតជើងឯកអឺរ៉ុប កាលពីឆ្នាំមុន បានធ្វើឱ្យរូបគេមិនអាចវិលទៅរកការប្រកួតប្រជែង នៅក្របខ័ណ្ឌ Serie A បានវិញទេ។

តែពេលចូលរួមជាមួយក្រុម Brentford របស់លោក Thomas Frank រូបគេបានបង្ហាញនូវទម្រង់លេងយ៉ាងអស្ចារ្យ ដោយស៊ុតបញ្ចូលទីបាន ១គ្រាប់ និងរួមចំណែកបញ្ជូនឱ្យមិត្តរួមក្រុមស៊ុត ៤ដង ក្នុងចំណោមការបង្ហាញខ្លួន ១១លើក នៅក្របខ័ណ្ឌ Premier League ដែលសមិទ្ធផលនេះ នាំឱ្យក្រុម Man United ចាប់អារម្មណ៍។

រូបគេបានបង្ហាញថា ធ្លាប់បាននិយាយជាមួយអតីតគ្រូបង្វឹក ដូចជាលោក Louis van Gaal, Jose Mourinho និង Ole Gunnar Solskjaer អំពីការផ្លាស់ប្តូរដែលអាចនឹងកើតមាននាពេលខាងមុខ ដោយទទួលបានការកោតសរសើរ ចាប់តាំងពីការផ្លាស់ទៅ Premier League ជាលើកដំបូងក្នុងឆ្នាំ២០១៣ ជាមួយក្លិប Tottenham (Spurs)។

កីឡាករ Eriksen បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ESPN ថា៖ “ខ្ញុំបាននិយាយជាមួយអ្នកចាត់ការក្រុមទាំងអស់ ដែលធ្លាប់នៅទីនេះជាមួយក្លិប Man United ដើម្បីបានដឹងថា តើស្ថានភាពបែបណាដែរ។ តែពេលខ្ញុំនៅជាមួយក្រុម Spurs ខ្ញុំពិតជាមើលមិនឃើញខ្លួនឯងថា នឹងលេងក្នុងក្រុម នៅអង់គ្លេសផ្សេងទៀតឡើយ នាពេលនោះ។ ខ្ញុំបានចាកចេញទៅអ៊ីតាលី ហើយចូលរួមជាមួយក្លិប Inter»។

«សម្រាប់ខ្ញុំ វាមិនមែនជាពេលវេលាសមរម្យល្អទេ ព្រោះខ្ញុំនៅជាមួយក្រុម Spurs ជាយូរមកហើយ។ ដូច្នេះ ខ្ញុំចង់សាកល្បងអ្វីថ្មី នៅបរទេស ហើយខ្ញុំបានទៅក្លិប Inter ហើយបានបញ្ចប់ពេលវេលាដ៏រីករាយ។ តែបន្ទាប់មក ដោយជាក់ស្តែង មានអ្វីមួយបានកើតឡើងនៅរដូវក្តៅ ហើយវាបានផ្លាស់ប្តូរបន្តិចលើផ្លូវនៃអាជីព ដែលខ្ញុំគិត ហើយបន្ទាប់មកច្បាស់ណាស់ ជាដំបូងត្រឡប់មកក្រុម Brentford សិន ហើយបន្ទាប់មកនៅទីនេះ គឺជាអ្វីដែលខ្ញុំមិនគិតថា អាចកើតឡើងបានឡើយ កាលពីឆ្នាំមុន»។ នេះជាការនិយាយបន្តរបស់ Eriksen។

ទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់ Eriksen នៅឯក្លិប Brentford បាននាំឱ្យក្លិប Man United ប្រជែងជាមួយក្រុមក្លិបនៅក្រុងឡុងដ៍ ដើម្បីដណ្ដើមហត្ថលេខារបស់គេ តែយ៉ាងណា ខ្សែបម្រើវ័យ ៣០ឆ្នាំ បានបដិសេធនូវការវិលត្រឡប់ទៅក្លិបចាស់ Spurs វិញ។

រូបគេបាននិយាយបន្ថែមថា៖ «វាគ្រាន់តែជាការនិយាយតែប៉ុណ្ណោះ។ ពួកគេមិនដែលមកដោយមានអ្វីជាមួយឡើយ ដូច្នេះ វាពិតជាមិនមែនជាការគិត សម្រាប់ខ្ញុំ ក្នុងការត្រឡប់ទៅក្លិប Tottenham វិញទេ ហើយក្លិប Man United បានចាប់ផ្តើមមានភាពវិជ្ជមាន តាំងពីដំបូង ហើយខ្ញុំមានការសន្ទនាជាមួយគ្នាល្អណាស់។ វាមានភាពវិជ្ជមានខ្លាំង តាំងពីការហៅទូរស័ព្ទ ២-៣ដងដំបូងរួចមកហើយ ហើយក្លិបបានបង្ហាញពីអារម្មណ៍ ដែលពួកគេចង់បានខ្ញុំ ដូច្នេះ វាមានរយៈពេលយូរមកហើយ»៕