ព័ត៌មានជាតិ

ពលរដ្ឋរស់នៅតំបន់អភិរក្សភាគច្រើនចូលរួមរុះរើសំយាបមុខផ្ទះ

បាត់ដំបង៖ប្រជាពលរដ្ឋរស់នៅក្នុងតំបន់អភិរក្សក្រុងបាត់ដំបងប្រមាណ ៨០ ភាគរយ បានចូលរួមរុះរើប៉ាណូពាណិជ្ជកម្ម និងសំយាបមុខផ្ទះនៅថ្ងៃផុតឱសានវាទ។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី០១ ខែសីហានេះថា ក្រោយការជូនដំណឹងជាបន្តបន្ទាប់ និងច្រើនថ្ងៃ រហូតដល់ថ្ងៃកំណត់ឱសានវាទថ្ងៃទី០១ ខែសីហានេះ ពលរដ្ឋភាគច្រើនជាអ្នកលក់ដូរមានការភ្ញាក់រលឹកចូលរួមរុះរើសំយាបមុខផ្ទះ​របស់ពួកគាត់រៀងៗខ្លួនបានប្រមាណជា៨០ភាគរយហើយ។

ការរៀបចំតំបន់អភិរក្សនេះ ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់ សោភ័ណភាព និងបរិស្ថានឱ្យ​បាន​ល្អប្រសើរ ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យចូលមកលេងកម្សាន្តក្នុងទឹកដី​វប្បធម៌ ប្រវត្តិសាស្ត្រប្រកបដោយសក្តានុពលរបស់យើងទាំងអស់គ្នា ពិសេសសំដៅការ​ប្រកួតប្រជែងជាសកលនៅលើឆាកអន្តរជាតិ។

ការកែសម្រួលតាមគំរូអនុវត្តទៅលើលំនៅស្ថានបុរាណត្រង់ផ្លូវខេត្តលេខ ១កន្លះ, ផ្លូវលេខ២,ផ្លូវលេខ២កន្លះ,ផ្លូវខេត្តលេខ ៣ និងកំណាត់ផ្លូវកាត់ទទឹងមួយចំនួនទៀត ក្នុងរង្វង់តំបន់អភិរក្សចាប់ពីចំណុចវត្តពិភិទ្ធារាម ដល់វត្តដំរីស ក្នុងខេត្តបាត់ដំបង៕

ដោយ៖ ព្រះអង្គខ្មៅ