ព័ត៌មានជាតិ

ក្រុមបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរកំពុងជួសជុលក្បាច់ចម្លាក់កំបោរបាយអរ និងថ្មភក់ ប្រាសាទបាគង

សៀមរាប៖ ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលក្បាច់ ចម្លាក់កំបោរបាយអរ និងចម្លាក់ថ្មភក់នៅតាមជញ្ជាំងតួប៉មឥដ្ឋទី៨ របស់ប្រាសាទបាគង ដែលកំពុងតែទទួលរងការខូចខាតជាច្រើន។

ដំណើរការជួសជុលក្បាច់ចម្លាក់នានានៅតួប៉មឥដ្ឋទី៨ របស់ប្រាសាទបាគងនេះ គឺជាគម្រោងនៃកិច្ចសហការរវាងក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា ជាមួយ អង្គការអាល្លឺម៉ង់(G.A.C.P) ដើម្បីសង្គ្រោះនិងការពាររាល់ក្បាច់ចម្លាក់កំបោរ បាយអរ និងក្បាច់ចម្លាក់ថ្មភក់ របស់ប្រាសាទបុរាណ ដែលកំពុងទទួលរងការខូចខាត ប្រឈមនឹង គ្រោះថ្នាក់ខ្លាំង ដោយថ្មភក់និងកំបោរបាយអរមានការពុកផុយ របេះធ្លាក់ជាបន្តបន្ទាប់នោះ។

ការជួសជុលដែលចាប់ដំណើរការតាំងពីដើមឆ្នាំ២០២២មកនេះ បានផ្តោតសំខាន់ទៅលើ ការងារពង្រឹងក្បាច់ចម្លាក់មួយចំនួនដែលនៅសេសសល់តាមជញ្ជាំងប្រាសាទ កុំឱ្យខូចខាត បន្តទៀត ដោយប្រើប្រភេទកាវពិសេសម្យ៉ាងឈ្មោះEthyl silicate បញ្ជ្រាបចូលក្នុងសាច់ថ្ម ដែលពុកផុយ និងបិទភ្ជិតតាមស្នាមប្រេះនានា ដើម្បីឱ្យចម្លាក់មានភាពរឹងមាំឡើងវិញ។

គម្រោងជួសជុលក្បាច់ចម្លាក់កំបោរបាយអរ និងចម្លាក់ថ្មភក់នៅតាមជញ្ជាំងតួប៉មឥដ្ឋទី៨ របស់ប្រាសាទបាគងនេះត្រូវប្រើពេលយ៉ាងតិចក៏២ឆ្នាំដែរ ដោយគ្រោងនឹងបញ្ចប់នៅ ដំណាច់ឆ្នាំ២០២៣ខាងមុខ៕