សេដ្ឋកិច្ច

សេដ្ឋកិច្ចកម្ពុជា នឹងមាន​កំណើន​វិញ​ប្រមាណ ៦​ភាគរយ នៅ​ឆ្នាំ​២០២៣

​ភ្នំពេញ​៖​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា រំពឹងថា កំណើន​សេដ្ឋកិច្ចជាតិ នឹង​សម្រេចបាន​ក្នុង​អត្រា​ប្រមាណ ៦,០% នៅ​ឆ្នាំ​២០២៣​ខាងមុខ ខណៈ​ឆ្នាំ​២០២២​នេះ​រំពឹងថា​សម្រេចបាន​ក្នុង​អត្រាកំណើន​ប្រមាណ ៥,០% ដែល​ស្រប​ការដាក់ចេញ និង ​អនុវត្ត​នូវ​ក្របខណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ​និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ក្នុ​ការរស់នៅ​ជាមួយ​កូ​វីដ​១៩​តាម​គន្លង​ប្រក្រតីភាព​ថ្មី​។​

​នៅក្នុង​ពិធី​ផ្ទេរតំណែង​លោក ឌិ​ត ទីណា ជា​រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ថ្មីៗ​កន្លងទៅនេះ លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ បាន​មានប្រសាសន៍ថា​៖ ការដាក់ចេញ និង​អនុវត្ត​នូវ​វិធានការ​រដ្ឋបាល និង​សុខាភិបាល​ប្រកបដោយ​ភាពម៉ឺងម៉ាត់ និង​ប្រសិទ្ធភាព​គួបផ្សំ​នឹង​ការអនុវត្ត​ដោយ​ជោគជ័យ​នូវ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ទូទាំងប្រទេស​បានធ្វើឱ្យ​កម្ពុជា​សម្រេចបាន​ភាពស៊ាំ​សហគមន៍​កម្រិត​ខ្ពស់ បានអនុញ្ញាត​ឱ្យ​កម្ពុជា​បើក​សកម្មភាព​សង្គម​-​សេដ្ឋកិច្ច​លើ​គ្រប់​វិស័យ មុន​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់ និង​លើ​សកលលោក ចាប់តាំងពី​ចុងឆ្នាំ​២០២១​មក​។​

​លោក​រដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែមថា ការដាក់ចេញ និង​អនុវត្ត​នូវ​ក្របខណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ​និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុងការ​រស់នៅ​ជាមួយ​កូ​វីដ​-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​សម្រាប់​ឆ្នាំ​២០២១-២០២៣ បានធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​កម្ពុជា ងើបឡើង​វិញ​ក្នុ​អាត្រា​ប្រមាណ ៣% នៅ​ឆ្នាំ​២០២១ និង រំពឹងថា​សម្រេចបាន ក្នុង​អត្រាកំណើន​ប្រមាណ​ជាង ៥,០% ក្នុង​ឆ្នាំ ២០២២ និង​ប្រមាណ ៦,០% ក្នុង​ឆ្នាំ ២០២៣​ខាងមុខ​៕ដោយៈសិរីមតី