ពន្ធដារ

មកដឹងពីឯកសារតម្រូវសំខាន់ៗដែលត្រូវភ្ជាប់មករដ្ឋបាលសារពើពន្ធដើម្បីស្នើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ

ភ្នំពេញ៖ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ កើតឡើងនៅពេលដែលមានការផ្ទេកម្មសិទ្ធិ ដូចជាការដោះដូរ ការធ្វើអំណោយ ការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន ការទទួលកម្មសិទ្ធិតាមរយៈសាលដីកាតុលាការ ឬភាគច្រើនកើតឡើងតាមរយៈការទិញលក់ជាដើម។ ពន្ធនេះជាកាតព្វកិច្ចរបស់អ្នកទទួលកម្មសិទ្ធិ ដែលយើងអាចនិយាយសាមញ្ញថា “អ្នកទិញ” តាមអត្រា ៤% នៃតម្លៃទីផ្សាររបស់អចលនទ្រព្យ។

បន្ទាប់ពីកាលបរិច្ឆេទនៃដីកាបញ្ជូនពីមន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត សម្រាប់អចលនទ្រព្យដែលបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ) ឬដីកាបញ្ជូនពីរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ សម្រាប់អចលនទ្រព្យដែលពុំទាន់ចុះបញ្ជី (ពុំមានប័ណ្ណកម្មសិទ្ធិ) អ្នកជាប់ពន្ធមានរយៈពេល ៣ខែ សម្រាប់ការបំពេញកាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធ ដោយត្រូវរៀបចំសំណុំឯកសារស្នើសុំបង់ពន្ធប្រថាប់ត្រាប មករដ្ឋបាលសារពើពន្ធ ដូចមានរាយនាមលម្អិតក្នុងបញ្ជីឯកសារតម្រូវ (Checklist) ខាងក្រោម៖

  • អចលនទ្រព្យបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ-ប្លង់រឹង)
  • សំណុំឯកសារពីរដ្ឋបាលសុរិយោដី
  1. ដីការបញ្ជូនរបស់មន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី
  2. កំណត់បង្ហាញរបស់មន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី
  3. លិខិតលក់ផ្តាច់ (ករណីទិញលក់) ឬលិខិតអំណោយផ្តាច់ (ករណីប្រទានកម្ម)
  4. សេចក្តីព្រមព្រៀងនិងអនុញ្ញាត ឬសំបុត្រអនុញ្ញាតពីក្រុមប្រឹក្សាញ្ញាតិ ឬសំបុត្រតំណវង្សត្រកូលខ្មោច ឬបណ្តាំមរតកជាលាយលក្ខណ៍អក្សរ (ករណីសន្តតិកម្ម)
  5. វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ដីធ្លី ឬប័ណ្ណសម្គាល់កម្មសិទ្ធិផ្សេងៗទៀត
  6. សលាកបត្រសម្រង់ប្លង់ជាក់ស្តែង (និយាមកា) និងរូបថតអចលនទ្រព្យ
  7. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសំបុត្របញ្ជាក់មរណភាព
  8. សំបុត្រអាពាហ៍ពិពាហ៍ ឬសំបុត្របញ្ជាក់កំណើត ឬសៀវភៅគ្រួសារ (ករណីប្រទានកម្ម ឬសន្តតិកម្ម)
  9. ទម្រង់បែបបទប្រមូលទិន្និន័យក្បាលដី (ករណីចុះបញ្ជីលើកដំបូង)
  10. សលាកបត្របង្រួមក្បាលដី ឬបំបែកក្បាលដី (ករណីបង្រួម ឬបំបែកក្បាលដី)
  11. សាលក្រម ឬសាលដីកា (ប្រសិនបើមាន)
  12. លិខិត សជណ របស់ទីស្តីការគណៈរដ្ឋមន្រ្តី (ប្រសិនបើមាន)
  13. ព័ត៌មានក្បាលដី (ប្រសិនបើមាន)
  • ឯកសារតម្រូវបន្ថែមសម្រាប់រដ្ឋបាលសារពើពន្ធ
  1. ពាក្យស្នើសុំបង់ពន្ធប្រថាប់ត្រាទម្រង់ FORM PT 02
  2. បង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធ ឬប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ (ប្រសិនបើមាន)
  3. បណ្ណពន្ធប៉ាតង់ ឬវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីពន្ធដារ (អាករលើតម្លៃបន្ថែម-អតប) (ករណីអ្នកលក់ ឬអ្នកទិញជានីតិបុគ្គល)
  4. លក្ខន្តិកៈ ឬវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីក្រុមហ៊ុន (ករណីអ្នកលក់ ឬអ្នកទិញជានីតិបុគ្គល)
  5. កិច្ចសន្យាទិញលក់អចលនទ្រព្យ (ករណីអ្នកលក់ ឬអ្នកទិញជានីតិបុគ្គល)
  6. លិខិតបញ្ជាក់ប្រវត្តិដី (ករណីមានប្រវត្តិផ្ទេរច្រើនតំណ)
  • អចលនទ្រព្យមិនទាន់ចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ-ប្លង់ទន់)
  • សំណុំឯកសារពីរដ្ឋបាលសុរិយោដី
  1. ដីការបញ្ជូនរបស់អាជ្ញាធរដែនដី
  2. លិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់បានចុះបញ្ជី
  3. លិខិតអំណោយផ្តាច់ (ករណីប្រទានកម្ម)
  4. លិខិតបញ្ជាក់ការធ្វើសន្តតិកម្ម ឬសេចក្តីព្រមព្រៀងនិងអនុញ្ញាត ឬសំបុត្រអនុញ្ញាតពីក្រុមប្រឹក្សាញាតិ ឬសំបុត្រតំណវង្សត្រកូលខ្មោច ឬបណ្តាំមរតកជាលាយលក្ខណ៍អក្សរ (ករណីសន្តតិកម្ម)
  5. គំនូសបង្ហាញទីតាំងអចលនទ្រព្យដែលមិនទាន់បានចុះបញ្ជី (និយាមកា) និងរូបថតអចលនទ្រព្យ
  6. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសំបុត្របញ្ជាក់មរណភាព
  7. សំបុត្រអាពាហ៍ពិពាហ៍ ឬសំបុត្របញ្ជាក់កំណើត ឬសៀវភៅគ្រួសារ (ករណីប្រទានកម្ម ឬសន្តតិកម្ម)
  8. លិខិតបញ្ជាក់ប្រវត្តិដី (ករណីមានប្រវត្តិផ្ទេរច្រើនតំណរ)
  9. សាលក្រម ឬសាលដីការ (ប្រសិនបើមាន)
  • ឯកសារតម្រូវបន្ថែមសម្រាប់រដ្ឋបាលសារពើពន្ធ
  1. ពាក្យស្នើសុំបង់ពន្ធប្រថាប់ត្រាទម្រង់ FORM PT 02
  2. បង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធ ឬប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ (ប្រសិនបើមាន)
  3. បណ្ណពន្ធប៉ាតង់ ឬវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីពន្ធដារ (អាករលើតម្លៃបន្ថែម-អតប) (ករណីអ្នកលក់ ឬអ្នកទិញជានីតិបុគ្គល)
  4. លក្ខន្តិកៈ ឬវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីក្រុមហ៊ុន (ករណីអ្នកលក់ ឬអ្នកទិញជានីតិបុគ្គល)
  5. កិច្ចសន្យាទិញលក់អចលនទ្រព្យ (ករណីអ្នកលក់ ឬអ្នកទិញជានីតិបុគ្គល)

គួរបញ្ជាក់ឱ្យដឹងផងដែរថា ក្នុងករណីទិញលក់អចលនទ្រព្យរបស់ប្រជាពលរដ្ឋ (មិនមែននីតិបុគ្គល) សំណុំឯកសារខាងលើនេះភាគច្រើនត្រូវបានកសាងនិងរៀបចំរួចរាល់ដោយរដ្ឋបាលសុរិយោដី ឬអាជ្ញាធរមានសមត្ថកិច្ច នៅពេលប្រជាពលរដ្ឋចាប់ផ្តើមស្នើសុំផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដូចនេះ អ្នកជាប់ពន្ធគ្រាន់តែយកសំណុំឯកសារដែលមានភ្ជាប់ជាមួយដីកាបញ្ជូនរបស់រដ្ឋបាលសុរិយោដី ឬរដ្ឋបាល ក្រុង-ស្រុក-ខណ្ឌ មកស្នើសុំបង់ពន្ធប្រថាប់ត្រា នៅរដ្ឋបាលសារពើពន្ធជាការស្រេច៕