ភ្នំពេញ៖អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់នៅក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ចេញផ្សាយថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ថា គ្មានគោលរណ៍ឬវិធានការណាមួយអនុញ្ញាតឲ្យមន្ត្រីដើរប្រមូលប្រាក់ពន្ធនៅតាមសហគ្រាសនោះទេ។
អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា រាល់ការបំពេញការងាររបស់មន្ត្រីពន្ធដារគឺសុទ្ធតែមានលិខិតបញ្ជាបេសកកម្មត្រឹមត្រូវ ចេញពីប្រព័ន្ធរបស់ អគ្គនាយកដ្ឋានពន្ធដារ ដែលអាចស្គែនបញ្ជាក់ពីភាពត្រឹមត្រូវតាម រយៈកម្មវិធីត្រួតពិនិត្យនិងតាមដានឯកសារ GDT Check and Track។
អគ្គនាយកដ្ឋានពន្ធដារ ក៏គ្មានគោលការណ៍ ឬវិធានការណាមួយ ឱ្យមន្ត្រីពន្ធដារដើរប្រមូលប្រាក់ពន្ធអាករជាសាច់ប្រាក់ដោយផ្ទាល់នៅតាមសហគ្រាសនោះឡើយ។
បច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធដារបានអភិវឌ្ឍប្រព័ន្ធ និងកម្មវិធីបច្ចេកវិទ្យាព័ត៌មាន ដើម្បីដាក់ឱ្យអ្នកជាប់ពន្ធប្រើប្រាស់ ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធរបស់ខ្លួនបានយ៉ាងត្រឹមត្រូវ ងាយស្រួល និងមានតម្លាភាពខ្ពស់បំផុត ដោយការប្រកាសនិងបង់ប្រាក់ ពន្ធអាករគ្រប់ប្រភេទសុទ្ធសឹងតែអាចប្រើប្រាស់ប្រព័ន្ធ និងកម្មវិធីបច្ចេកវិទ្យាព័ត៌មាន ហើយការបង់ប្រាក់ពន្ធអាករត្រូវធ្វើឡើងតាមធនាគារ ឬតាមអនឡាញផ្ទាល់តែម្តង។
អគ្គនាយកដ្ឋានពន្ធដារ សូមអំពាវនាវដល់អ្នកជាប់ពន្ធ ក៏ដូចជាប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងពិនិត្យឱ្យបានច្បាស់លាស់នូវភាពត្រឹមត្រូវ នៃប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការ និងលិខិតបញ្ញាបេសកកម្ម តាមរយៈកម្មវិធីទូរស័ព្ទដៃត្រួតពិនិត្យនិងតាមដានឯកសារ GDT Check and Track ក្នុងករណីមានការសង្ស័យ សូមផ្តល់ព័ត៌មានមកអគ្គនាយកដ្ឋានពន្ធដារតាមលេខទូរស័ព្ទ ១២៧៧ ដោយឥតគិតថ្លៃ ឬដាក់ ពាក្យបណ្ដឹងជាបន្ទាន់ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ៕