ព័ត៌មានជាតិ

អភិបាលខេត្តជំរុញមន្ត្រីជំនាញពន្លឿនការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋឲ្យអស់ត្រឹមឆ្នាំ២០២៥

ដោយ៖ កំចាយ

កំពត÷ អភិបាលខេត្តកំពតបានជំរុញដល់អាជ្ញាធរក្រុង ស្រុក សហការជាមួយមន្ត្រីជំនាញធ្វើយ៉ាងណាពន្លឿនកិច្ចការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីដែលនៅសេសសល់ជូនប្រជាពលរដ្ឋទូទាំងខេត្តឲ្យបានអស់ត្រឹមឆ្នាំ២០២៥។

កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅបរិវេណសាលាស្រុកឈូក មានរៀបចំពិធីប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋស្រុកឈូក និងស្រុកជុំគិរីប្រមាណជាង៥.០០០ក្បាលដី។

ថ្លែងក្នុងពិធីខាងលើ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា គោលនយោបាយលើវិស័យដីធ្លីគឺជាកិច្ចចង្អុលការរបស់ប្រមុខរាជរដ្ឋាភិបាល ដោយតម្រូវឱ្យគណៈកម្មការសុរិយោដីខេត្ត គណៈកម្មការដីរដ្ឋ មន្ទីរជំនាញធ្វើយ៉ាងណាពន្លឿនការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។ ក្រោយពីបានពិគ្រោះដោយយកចិត្តទុកដាក់ជាមួយមន្ទីរជំនាញ ក៏ដូចជាអាជ្ញាធរក្រុង ស្រុកទាំង៩ និងអ្នកពាក់ព័ន្ធ មន្ត្រីក្នុងដែនការងារត្រូវធ្វើយ៉ាងណាពន្លឿនការចេញប័ណ្ណកម្មសិទ្ធិដីធ្លីដែលនៅសេសសល់ជូនពលរដ្ឋទូទាំងខេត្តឲ្យបានចប់សព្វគ្រប់នាឆ្នាំ២០២៥ ស្របតាមបទបញ្ជារបស់រាជរដ្ឋាភិបាលក្រោមកិច្ចចង្អុលការពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

លោក ព្រាប សុផាត ប្រធានស្តីទីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតបានរាយការណ៍ថា ការប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋស្រុកឈូក និងស្រុកជុំគិរីនាពេលនេះគឺមានចំនួន ៥.១៨៨ក្បាលដី។ ក្នុងនោះ ស្រុកឈូកចុះនួន៣.៦៨២ប័ណ្ណ និងស្រុកជុំគិរីមាន១.៥០៦បណ្ណ៕