បទវិភាគ

បទវិភាគ៖ ការវាយលុករបស់អ៊ុយក្រែនឆ្លងកាត់ព្រំដែនចូលប្រទេសរុស្ស៊ីគឺបង្ហាញពីកម្សោយនៃការគ្រប់គ្រងដែលកំពុងមានវិបត្តិរបស់លោកពូទីន

ប្រែសម្រួល៖រតនា

លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីចូលចិត្តតាំងខ្លួនឯងជាបុរសខ្លាំងប៉ុន្តែនៅក្នុងការដោះស្រាយវិបត្តិថ្មីៗរបស់គាត់នៅក្នុងប្រទេសបានបង្ហាញពីបុគ្គលិកលក្ខណៈរបស់គាត់ជាមនុស្សខ្សោយមិនច្បាស់លាស់ក្នុងការឆ្លើយតបភ្លាមៗទៅនឹងការវាយលុកឆ្លងកាត់ព្រំដែនរបស់យោធាអ៊ុយក្រែន។

នៅក្នុងរយ:ពេលត្រឹមតែមួយថ្ងៃកន្លះបន្ទាប់ពីទាហានអ៊ុយក្រែនបានវាយលុកឆ្លងកាត់វាលស្មៅបៃតងដ៏ធំទូលាយស្ទើរតែគ្មានការរារាំងហើយក្បួនយោធាអ៊ុយក្រែនបានរុលទៅមុខយ៉ាងលឿនទៅកាន់តំបន់ Kursk ភាគខាងត្បូងប្រទេសរុស្សី។

លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីបានហៅការលុកលុយនេះថាជា “ការបង្កហេតុដ៏ធំ” ហើយបានចោប្រកាន់យោធាអ៊ុយក្រែនថាបានបាញ់ប្រហារទៅលើជនស៊ីវិល។

ប្រាំថ្ងៃបន្ទាប់ពីការលុកលុយទើបមានការឆ្លើយតបខាងយោធាបណ្តាលឲ្យរុស្សីបាត់បង់មណ្ឌលតាំងទីលំនៅជិត ៣០។

ពូទីន មិនបានចុះទៅតំបន់ទាំងនោះដើម្បីជួបជនភៀសខ្លួនរាប់ម៉ឺននាក់របស់គាត់និងប្រកាសច្បាប់អាជ្ញាសឹកនៅតាមតំបន់ទាំងនោះទេ។លោកពូទីនបានធ្វើឲ្យមានការកត់សម្គាល់ជាសាធារណៈលើកដំបូងអំពីការគ្រប់គ្រងវិបត្តិដ៏ច្របូកច្របល់ថាពិតជាមានបញ្ហា។

យោងតាមបទពិសោធកន្លងមកបានបង្ហាញថាបន្ទាប់ពីការវាយប្រហារភេរវកម្មនៅសាលប្រគុំតន្ត្រី Crocus City ក្នុងទីក្រុងមូស្គូកាលពីខែមីនា លោកពូទីនបានចំណាយពេលច្រើនជាង ២៤ ម៉ោងដើម្បីនិយាយទៅកាន់ប្រជាជាតិរុស្សីតែលោក ពូទីន មិនដែលទៅមើលកន្លែងវាយប្រហារភេរវកម្ម ឬទៅជួបអ្នករស់រានមានជីវិតនៅក្នុងមន្ទីរពេទ្យនោះទេ។

ក្រោយមកនៅពេលដែល Evgeny Prigozhin ដែលជាអ្នកដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner បានចាប់ផ្តើមការបះបោរហើយត្រូវបានរំសាយកាលពីខែមិថុនាឆ្នាំមុន ការឆ្លើយតបរបស់លោក វ្ល៉ាឌីមៀ ពូទីនមានសភាពមិនស៊ីចង្វាក់គ្នានោះទេ។ បន្ទាប់ពីគាត់ធ្វើការរិះគន់ឧបទ្ទវហេតុនេះថាជា “អំពើក្បត់ជាតិ” លោកពូទីនបានពន្យារពេលអស់ពីរថ្ងៃទើបចេញមកថ្លែងការណ៏ជាសាធារណៈ។ បន្ទាប់មកគាត់បានអញ្ជើញ Prigozhin ឲ្យផឹកតែនៅវិមានក្រឹមឡាំង។ ពីរខែក្រោយមក Prigozhin បានស្លាប់នៅក្នុងការធ្លាក់យន្តហោះប្រកបដោយអាថ៌កំបាំងបំផុតនៅលើទឹកដីរុស្ស៊ី។

នៅក្នុងឆ្នាំ ២០១៧ តុលាការសិទ្ធិមនុស្សអ៊ឺរ៉ុបបានរកឃើញថាអាជ្ញាធររុស្ស៊ីបរាជ័យក្នុងការធ្វើសកម្មភាពតាមដានដើម្បីប្រមូលផ្តុំព័ត៌មានជាមុនអំពីការវាយប្រហារភេវរកម្មដែលជិតមកដល់ដោយសារតែកិច្ចប្រតិបត្តិការសេវាសន្តិសុខ “មិនមានបទដ្ឋាននិងខ្វះការដឹកនាំច្បាស់លាស់”។

Boris Bondarev អតីតអ្នកការទូតរុស្ស៊ីដែលបានលាលែងពីតំណែងកាលពីពីរឆ្នាំមុនបានធ្វើការតវ៉ាជុំវិញសង្គ្រាមនៅអ៊ុយក្រែនហើយបានរស់នៅក្រៅប្រទេសបានប្រាប់ CNN ថា “ពូទីនមានបញ្ហាក្នុងការដោះស្រាយវិបត្តិនេះជាហានិភ័យដែលមិនអាចព្យាករណ៏មុនបានទេ។ លោកពូទីនចូលចិត្តការលួងលោមនៅពេលដែលគាត់កំពុងបង្កើតវិបត្តិសម្រាប់អ្នកដទៃក្នុងខណ:ដែលគាត់គ្រប់គ្រងស្ថានការណ៍មិនបានល្អ”។

  • ការវាយលុកបង្កឲ្យវិមានក្រឹមឡាំងច្របូកច្របល់

អ្នកជំនាញវិភាគថា ការឆ្លើយតបផ្នែកយោធារបស់រុស្ស៊ីនៅទីក្រុង Kursk បានឆ្លុះបញ្ចាំងខ្លះៗពីការគ្រប់គ្រងវិបត្តិដ៏ច្របូកច្របល់របស់លោក ពូទិន។

ឧត្តមសេនីយអូស្ត្រាលី Mick Ryan ដែលចូលនិវត្តន៍ និជាអ្នកនិពន្ធសៀវភៅថ្មីដែលមានចំណងជើងថា “សង្គ្រាមអ៊ុយក្រែន៖ ការឆ្លើយតបដំបូងរបស់រុស្សីក្នុងខណ:ពេលដែលមានការលុកលុយដ៏គួឲ្យភ្ញាក់ផ្អើលនោះបានសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថាស្ទើរតែមិនមានការវាយបកដើម្បីរារាំងការលុកលុយរបស់យោធាអ៊ុយក្រែននោះទេ” ហើយទំនងជារុស្សីមានចេតនាចង់ដកពិសោធក្នុងការសម្របខ្លួននៅក្រោមភ្លើងសង្រ្គាម” Mick Ryan បានប្រាប់ CNN ដូច្នេះ។

មន្ត្រីយោធាអ៊ុយក្រែនបានឲ្យដឹងថា ទាហានមួយចំនួនត្រូវបានដាក់ពង្រាយឡើងវិញនៅតាមតំបន់ Kharkiv និងរណសិរ្សភាគខាងត្បូង។ ចំណែកមេដឹកនាំ Chechenដែលគាំទ្ររុស្សី លោក Ramzan Kadyrov បានអះអាងមុននេះថាកម្លាំងពិសេសរបស់គាត់ កងពលតូច Akhmat ត្រូវបានដាក់ពង្រាយ។

ការឆ្លើយតបរបស់រុស្ស៊ីទៅនិងការវាយលុករបស់យោធាអ៊ុយក្រែនគឺមិនស៊ីចង្វាក់គ្នាទេ។ Andrei Belousov រដ្ឋមន្ត្រីការពារជាតិ បានបង្កើតក្រុមប្រឹក្សាសន្តិសុខនៅក្នុងតំបន់ព្រំដែន ហើយនៅក្នុងសប្តាហ៍នេះ គាត់បានប្រកាសថាកំពុងបែងចែកការទទួលខុសត្រូវសម្រាប់មេដឹកនាំប្រាំនាក់។

ជាងពីរសប្តាហ៍កន្លងមកនេះគេសង្កេតឃើញមានសញ្ញាវាយបករបស់កងទ័ពរុស្សីយ៉ាងខ្លាំង។ លោក Dmytro Kholod មេបញ្ជាការកងវរសេនាតូច “Nightingale” របស់អ៊ុយក្រែន ដែលបច្ចុប្បន្ននៅទីក្រុង Kursk បានប្រាប់ CNN តាមទូរស័ព្ទកាលពីថ្ងៃពុធថា លោកបានកត់សម្គាល់ពីការផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់កងទ័ពរុស្ស៊ី។ គាត់បានប្រាប់ CNN ថា “ឥឡូវនេះ កងកម្លាំងដែលពួកគេបានបញ្ជូនមកកាន់តំបន់នេះ កំពុងព្យាយាមវាយបកមកលើពួកយើងយ៉ាងខ្លាំង” ។

លោក Ryan ដែលជាឧត្តមសេនីយចូលនិវត្តន៍របស់អូស្ត្រាលី យល់ស្របថា រុស្ស៊ីកំពុងដើរហួសពីដំណាក់កាលឆ្លើយតបដំបូង ហើយវាគួរតែចាត់ចែងឲ្យរៀបរយជាងមុន។ ប៉ុន្តែលោកជឿថា ពីរសប្តាហ៍កន្លងមកនេះក៏បានធ្វើឲ្យលោក Putin កំណត់គោលដៅអាទិភាពដែលបច្ចុប្បន្ននេះប្រជាជនរបស់គាត់គឺមិនស្ថិតនៅក្នុងអាទិភាពចម្បងនោះទេ។

“ការសម្រេចចិត្តរបស់ពូទីន៖ តើអ្វីជាគ្រោះថ្នាក់បំផុតសម្រាប់គាត់?  ធៀបនិងវត្តមានយោធាអ៊ុយក្រែននៅ Kursk ឬការបរាជ័យនៅ Donbas ។  ខ្ញុំគិតថានៅពេលនេះគាត់បានគិតថា វានឹងបង្កឲ្យមានគ្រោះថ្នាក់ប្រសិនបើមិនខិតខំបញ្ឈប់ការលុកលុយនៅ Kursk ជាជាងការបរាជ័យនៅ Donbas ។

អ្នកជំនាញជឿថា ការលុកលុយនៅតំបន់ Kursk មិនបានផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់លោកពូទីនទេគឺគាត់រង់ចាំអ៊ុយក្រែនចុះខ្សោយកម្លាំង ហើយព្យាយាមរកជំនួយបន្ថែមពីសម្ព័ន្ធមិត្តរបស់ខ្លួន។ ហើយទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏គួរឲ្យភ្ញាក់ផ្អើលរបស់យោធាអ៊ុយក្រែនបានធ្វើឲ្យលោកខាងលិចកំណត់ប្រភេទជំនួយយោធាមួយចំនួនសម្រាប់ប្រើប្រាស់ក្នុងការវាយប្រហារនៅក្នុងទឹកដីរុស្ស៊ី។

ហើយប្រហែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់អ៊ុយក្រែនដូចជាកាលពីថ្ងៃទី ១៩ ខែសីហាលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែនបានសម្តែងការដឹងគុណចំពោះសម្ព័ន្ធមិត្តលោកខាងលិចក្នុងការផ្តល់ជំនួយយោធាភ្លាមៗដល់អ៊ុយក្រែន។

រុស្ស៊ីអាចចោទប្រកាន់ថាអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិក ឬអង់គ្លេសនៅលើដីរបស់ខ្លួនដែលជាការគំរាមកំហែងហើយវាសក្តិសមសម្រាប់ការឆ្លើយតបដោយអាវុធនុយក្លេអ៊ែរ គោលការណ៏សម្រាប់ប្រើប្រាស់នុយក្លេអ៊ែរដែលអនុញ្ញាតឲ្យរុស្សីប្រើប្រាស់នោះឥឡូវនេះគឺវាស្ថិតនៅមិនឆ្ងាយជាងពេលណាៗទាំងអស់។

Ryan បាននិយាយថា “យុទ្ធសាស្ត្រណាតូបច្ចុប្បន្នសម្រាប់ជួយអ៊ុយក្រែនគឺជាយុទ្ធសាស្ត្រសម្រាប់ការបរាជ័យ។ វាគ្រាន់តែជាយុទ្ធសាស្ត្រសម្រាប់បន្តសង្គ្រាម និងអនុញ្ញាតឲ្យរុស្ស៊ីរង់ចាំឱកាសធ្វើការវាយប្រហារនុយក្លេអ៊ែរយើងត្រូវធ្វើការវាយតម្លៃឡើងវិញជាមូលដ្ឋាន”៕