ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖ ប្រតិភូនៃគ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជន ចំនួន១៣ មកពីទូទាំងប្រទេស ដែលសម្របសម្រួលដោយការិយាល័យភាសាបរទេស នៃលេខាធិការដ្ឋានកិច្ចសហប្រតិបត្តិការភាសាបារាំងក្រសួងអប់រំ យុវជននិងកីឡា បានចុះទៅរៀបចំសិក្ខាសាលាផ្សព្វផ្សាយ” ស្តីពីមុខជំនាញសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាដែលប្រើប្រាស់ភាសាបារាំង ” ដល់សិស្សានុសិស្សកម្រិតមធ្យមសិក្សា។
នាព្រឹកដល់ថ្ងៃត្រង់ថ្ងៃទី២៣ខែឧសភាឆ្នាំ២០២៥ បានធ្វើឡើងនៅខេត្តបន្ទាយមានជ័យ ដោយការជ្រើសរើសគឺយកវិទ្យាល័យហ៊ុន សែនខ្លាកូន ស្ថិតនៅក្រុងសិរីសោភ័ណ ជាគោលដៅតែមួយគត់ ហើយជាសាលារៀនមានថ្នាក់បង្រៀនភាសាបារាំង ពោលគឺក្នុងចំណោមវិទ្យាល័យ១១នៅក្នុងទូទាំងប្រទេស រួមមាន: នៅវិទ្យាល័យជា ស៊ីម ខេត្តតាកែវ វិទ្យាល័យពោធិ៍សាត់ខេត្តពោធិ៍សាត់ វិទ្យាល័យព្រះមុនីវង្ស វិទ្យាល័យនេត យ៉ង់ ខេត្តបាត់ដំបង វិទ្យាល័យ១០ មករា វិញ,វិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសពួក ខេត្តសៀមរាប វិទ្យាល័យហ៊ុន សែនខ្លាកូនខេត្តបន្ទាយមានជ័យ វិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម វិទ្យាល័យកំពង់ធំខេត្តកំពង់ធំ វិទ្យាល័យហ៊ុន សែន សេរីភាពខេត្តកណ្តាលនិងនិងសាលារៀនជំនាន់ថ្មី វិទ្យាល័យយុគគន្ធរ រាជធានីភ្នំពេញ ។
ដំណើរការបានប្រព្រឹត្តទៅបន្តបន្ទាប់ពីថ្ងៃទី១៩ដល់២៨ខែឧសភាឆ្នាំ២០២៥ ។
នៅវិទ្យាល័យហ៊ុន សែន ខ្លាកូន សិស្សថ្នាក់ទី១០ ១១និង១២ ជាង១០០នាក់បានចូលរួម និងសួរឆ្លើយយ៉ាងផុលផុស ។
លោកសុខ ដាលីន ប្រធានការិយាល័យភាសាបរទេស នៃលេខាធិការដ្ឋានកិច្ចសហប្រតិបត្តិការភាសាបារាំងក្រសួងអប់រំ យុវជននិងកីឡា បានអោយដឹងថា: សិក្ខាសាលាមានបំណង ទី១- ផ្សព្វផ្សាយដល់សិស្សានុសិស្សនៅក្នុងក្របខ័ណ្ឌនៃកម្មវិធីថ្នាក់ពីរភាសា បារាំង-ខ្មែរ ជីវភាសាបារាំង ទី២- អោយបានយល់ដឹងពីគ្រឹះស្ថានឧត្តមសិក្សានិងមុខជំនាញសិក្សាដែលពាក់ព័ន្ធនឹងភាសាបារាំងសម្រាប់ជាទុនក្នុងការសម្រេចចិត្តជ្រើសរើសមុខជំនាញនិងគ្រឹះស្ថានឧត្តមសិក្សាសម្រាប់បន្តសិក្សាអោយសមស្របទៅនឹងសមត្ថភាពនិងឧបនិស្ស័យរបស់ខ្លួន ។
គ្រឹះស្ថានឧត្តមសិក្សាទាំង១២ រដ្ននិងឯកជនដែលគ្រប់គ្រងដោយក្រសួងស្ថាប័ន ក្រុមហ៊ុនផ្សេងៗរួមមាន: ១-សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ២-សាកលវិទ្យាល័យនិតិសាស្ត្រនិងសេដ្ឋកិច្ច ៣-សាកលវិទ្យាល័យភូមិន្ទរដ្ឋបាល ៤-សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ៥- សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប: ៦- វិទ្យាសា្ថនកសិកម្មព្រែកលៀប ៧- បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADI) ៨- វិទ្យាស្ថានជាតិអប់រំ(NIE) ៩- វិទ្យាស្ថានគរុកោសល្យបាត់ដំបង ១០- សាកលវិទ្យាល័យជាតិគ្រប់គ្រង ១១-វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ) ១២-សាកលវិទ្យាល័យអង្គរនិង១៣- ទីភ្នាក់ងារឧត្តមសិក្សាសិក្សាប្រើប្រាសភាសាបារាំង(RUF) នៃក្រសួងអប់រំ យុវជននិងកីឡា ។
សូមរំលឹកថា សមាគមកុមារជ័យ-បារាំងនិងបានការគាំទ្រដោយសប្បុរសជននិងសមាជិកកព្រឹទ្ធសភាបារាំងបានឧបត្ថម្ភ គាំទ្រដល់គម្រោងបង្រៀនភាសាបារាំងនៅវិទ្យាល័យហ៊ុន សែនខ្លាកូន ខេត្តបន្ទាយមានជ័យជាង១០ឆ្នាំមកហើយ។ក្នុងនោះ អ្នកស្ម័គ្រចិត្តជនជាតិបារាំងនិងបរទេសបានមកជួយបង្រៀនសិស្ស ។
ចំពោះវិស័យវិស័យអប់រំ វិទ្យាល័យហ៊ុន សែនខ្លាកូននេះ ក៏ទទួលបានជ័យលាភីជាសាលារៀនស្តង់ដារគំរូនិងចុងក្រោយ ជាអង្គភាពទទួលពានរង្វាន់សាលារៀនគំរូ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឆ្នាំ២០២៣-២០២៤ គឺក្នុងចំណោមសាលារៀន៨ក្នុងខេត្ត ៕
