ប្រែសម្រួល៖ លន ស្រស់

បាងកក៖ តុលាការថៃកាលពីថ្ងៃព្រហស្បតិ៍ (ទី២២ ខែឧសភា) បានបញ្ជាឱ្យអតីតនាយករដ្ឋមន្ត្រីដែលនិរទេសខ្លួនឯងលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បង់ប្រាក់សំណង ១០ពាន់លានបាត (៣០៥លានដុល្លារអាមេរិក) លើគម្រោងការធានាស្រូវដែលបរាជ័យ ដែលធ្វើឱ្យនាងត្រូវបានកាត់ទោសក្នុងឆ្នាំ២០១៧ឱ្យជាប់ពន្ធនាគារ ៥ ឆ្នាំពីបទធ្វេសប្រហែស។
លោកស្រី យីងឡាក់ សមាជិកម្នាក់ក្នុងចំណោមសមាជិកបួននាក់នៃគ្រួសារមហាសេដ្ឋី ស៊ីណាវ៉ាត្រា ដែលធ្លាប់បម្រើការជានាយករដ្ឋមន្ត្រី បច្ចុប្បន្នកំពុងរស់នៅបរទេសដើម្បីគេចពីការជាប់គុក ពីបទមិនបានការពារការពុករលួយក្នុងគម្រោងស្រូវ ដែលបានបង់ប្រាក់ដល់កសិកររហូតដល់៥០ភាគរយលើសពីតម្លៃទីផ្សារ និងបណ្តាលឱ្យរដ្ឋខាតបង់យ៉ាងធំ។
កម្មវិធីនេះ ដែលជាគោលនយោបាយសំខាន់របស់បក្សប្រជាប្រិយនិយម ភឿថៃ របស់លោកស្រី បានចំណាយប្រាក់រដ្ឋរាប់ពាន់លានដុល្លារ និងនាំឱ្យស្រូវរាប់លានតោនមិនអាចលក់បាន។ ថៃជាប្រទេសនាំចេញស្រូវធំទីពីរបំផុតក្នុងពិភពលោក។
សាលក្រមថ្ងៃព្រហស្បតិ៍(ទី២២ ខែឧសភា) គឺស្តីពីការប្តឹងឧទ្ធរណ៍របស់ យីងឡាក់ ប្រឆាំងនឹងបទបញ្ជាមុនឱ្យបង់ប្រាក់សំណង៣៥ពាន់លានបាត (១.០៧ពាន់លានដុល្លារអាមេរិក) ដល់ក្រសួងហិរញ្ញវត្ថុ។
តុលាការរដ្ឋបាលកំពូលបាននិយាយថា “ជនជាប់ចោទបានបំពេញភារកិច្ចដោយមានការធ្វេសប្រហែសយ៉ាងធ្ងន់ធ្ងរដែលបណ្តាលឱ្យខូចខាតដល់រដ្ឋ ដូច្នេះហើយត្រូវតែសងសំណង” ដោយបន្ថែមថា ដីកាពីមុនលើសពីកម្រិតច្បាប់នៃការទទួលខុសត្រូវរបស់លោកស្រី និងមិនស្របច្បាប់។
លោកស្រី យីងឡាក់ អាយុ៥៧ឆ្នាំ បានឡើងកាន់អំណាចក្នុងឆ្នាំ២០១១ បន្ទាប់ពីជ័យជម្នះក្នុងការបោះឆ្នោតយ៉ាងធំ ហើយបានលាលែងតែប៉ុន្មានថ្ងៃមុនពេលរដ្ឋាភិបាលរបស់លោកស្រីត្រូវបានផ្តួលក្នុងរដ្ឋប្រហារក្នុងឆ្នាំ២០១៤។ នាងជាម្តាយមីង របស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន Paetongtarn Shinawatra និងជាប្អូនស្រីរបស់អតីតនាយករដ្ឋមន្ត្រី និងតួសំខាន់នយោបាយ ថាក់ស៊ីន ស៊ីណាវ៉ាត្រា។
សាលក្រមថ្ងៃព្រហស្បតិ៍នេះមកដល់តិចជាងពីរឆ្នាំបន្ទាប់ពីបក្ស ភឿថៃរបស់គ្រួសារលោកស្រីបានត្រឡប់មកកាន់អំណាចវិញ បន្ទាប់ពីមួយទសវត្សរ៍នៅក្នុងវាលរាតត្បាតនៃនយោបាយ ដែលត្រូវគ្នានឹងការដែលបងប្រុសមានឥទ្ធិពល ថាក់ស៊ីន បានត្រឡប់មកផ្ទះវិញបន្ទាប់ពី១៥ឆ្នាំនិរទេសខ្លួនឯងដើម្បីគេចពីការជាប់គុក។
គ្រួសារស៊ីណាវ៉ាត្រាបានបដិសេធការបន្ទោសយ៉ាងជាប់លាប់ ហើយបានរក្សាជាយូរមកហើយថាពួកគេជាជនរងគ្រោះនៃការសងសឹកផ្នែកនយោបាយដោយឥស្សរជនដ៏មានឥទ្ធិពលក្នុងស្ថាប័នអភិរក្សនិយម និងយោធាស្នេហាព្រះមហាក្សត្រ។
លោកស្រី យីងឡាក់ នៅថ្ងៃព្រហស្បត្តិ៍ បាននិយាយថា ការបញ្ជាឱ្យបង់ប្រាក់ចំនួន ១០ ពាន់លានបាត គឺហួសប្រមាណ និង លើសលប់។
“ទោះបីជាខ្ញុំសងវាពេញមួយជីវិតក៏ដោយ វាក៏នឹងមិនគ្រប់គ្រាន់ដែរ” លោកស្រីបានមានប្រសាសន៍នៅលើបណ្តាញសង្គម។ “ខ្ញុំនឹងបន្តទាមទារ និងប្រយុទ្ធដើម្បីយុត្តិធម៌” ៕
ប្រភព៖ Reuters/dy
