ដោយ៖សហការី

ភ្នំពេញ៖ បុរសជាសន្តិសុខម្នាក់ត្រូវបានចរន្តអគ្គិសនីឆក់បណ្ដាលឲ្យស្លាប់ នៅរោងចក្រ ខេ ហ្វាញ(ខេមបូឌា) ហ្គាម៉ិន ឯ.ក ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ។
ជនរងគ្រោះមានឈ្មោះ អម ពិសិដ្ឋ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បច្ចុប្បន្ន ស្នាក់នៅក្នុងរោងចក្រកើតហេតុខាងលើ ។
បើតាមបុរសម្នាក់ឈ្មោះ សរ សារិទ្ធ អាយុ៥៧ឆ្នាំ មុខរបរសន្តិសុខយាមជាមួយគ្នាបានបំភ្លឺប្រាប់សមត្ថកិច្ចថា៖ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៨ល្ងាចគាត់បានដូរវេនយាមជាមួយជនរងគ្រោះ ។ ក្រោយពេលកម្មករចេញពីរោងចក្រអស់ ជនរងគ្រោះបានចេញទៅក្រៅរោងចក្ររហូតដល់ម៉ោង២០និង១០នាទីយប់ថ្ងៃដដែលទើបត្រឡប់ចូលដល់រោងចក្រវិញ ដោយមានបុរសម្នាក់ទៀតឈ្មោះសោម ភាព ហៅតាឡ (កម្មករដុតឡ)មកជាមួយផងដែរ ។
ប្រភពដដែលបានប្រាប់បន្តទៀតថា៖ ពេលនោះគាត់បានសួរថាមកពីណា? ជនរងគ្រោះបានឆ្លើយថាមកពីទិញម្ហូប រួចជនរងគ្រោះនិងតាឡ ក៏បានដើរទៅអង្គុយផឹកស្រាថ្នាំជាមួយគ្នា ។ ចំណែករូបគាត់ក្រោយពីថៅកែត្រឡប់ចូលដល់រោងចក្រវិញ នៅវេលាម៉ោង២១និង៥០នាទី គាត់ក៏បានចាក់សោទ្វាររោងចក្រ រួចក៏ចូលបន្ទប់យាម ហើយដេកលក់រហូតដល់ម៉ោង៦និង០០នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ទើបភ្ញាក់ ។
ប្រភពខាងលើបានប្រាប់ទៀតថា៖ បន្ទាប់មកគាត់បានងើបពីដេកដើរទៅបិទភ្លើងរោងចក្រ រួចក៏ដើរទៅលុបមុខនៅន្លែងស៊ីទែនទឹក ពេលទៅដល់ស្រាប់តែឃើញឈ្មោះ អម ពិសិដ្ឋ (ជនរងគ្រោះ) ដេកផ្ងារស្លាប់នៅទីតាំងស៊ីទែនទឹកនោះបាត់ទៅហើយ ។ ពេលនោះគាត់ក៏ស្ទុះទៅប្រាប់ចុងភៅ រួចក៏រាយការណ៍ប្រាប់ឲ្យមេសន្តិសុខបានដឹងដើម្បីរាយការណ៍បន្តទៅកាន់សមត្ថកិច្ចឲ្យចុះទៅពិនិត្យភ្លាមៗផងដែរ ។
ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ដង្កោ សហការជាមួយនគរបាលខណ្ឌដង្កោ ព្រមទាំងនគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន លោកគ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅពិនិត្យកោសលវិច័យ ហើយបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារឆក់ចរន្តអគ្គិសនី មិនពាក់ព័ន្ធករណីឃាតកម្មឡើយ៕
