ដោយ៖សហការី

ភ្នំពេញ៖ អ្នកគ្រូបង្រៀនម្នាក់បានដើរចេញពីបន្ទប់ជួលបម្រុងទៅបង្រៀនសិស្សនៅឯសាលា ស្រាប់តែគាំងបេះដូងស្លាប់នៅមុខបន្ទប់ជួល បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៦និង៣៥នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅមុខបន្ទប់ជួលមួយកន្លែង នៅតាមបណ្តោយផ្លូវព្រៃស ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពអ្នកគ្រូរងគ្រោះខាងលើមានឈ្មោះអូន ស្រីដា អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកអង្គការនិងជាគ្រូបង្រៀន ហើយស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុខាងលើ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ ជនរងគ្រោះខាងលើបានដើរស្ពាយកាបូបចេញពីបន្ទប់ជួលមកខាងក្រៅ ។ ខណៈដើរមកដល់មុខបន្ទប់មានអាការមិនស្រួលខ្លួន ក៏បានស្រែកហៅគេឲ្យជួយ ហើយក៏បានដួលដេកទៅលើដីភ្លាមៗនោះ អ្នកលក់ដូរនៅក្បែរនោះបានហៅរថយន្តពេទ្យឲ្យដឹកជនរងគ្រោះទៅធ្វើការសង្រ្គោះដែរ តែអកុសលជនរងគ្រោះខាងលើបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដង្កោ សហការជាមួយកម្លាំងជំនាញនគរបាលខណ្ឌដង្កោនិងកម្លាំងការិយាល័យកោសលវិច័យនិងបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកពិនិត្យសពនិងបានធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕
