ប្រែសម្រួល ៖ លន ស្រស់

CNN ៖ កណ្តុរមិនសូវមានកេរ្តិ៍ឈ្មោះល្អទេ ប៉ុន្តែកណ្តុរឈ្មោះ រ៉ូនីន ដែលមានសមត្ថភាពហិតក្លិនពូកែ កំពុងផ្លាស់ប្តូរចំណុចនេះ។
រ៉ូនីន និងក្រុមកណ្តុររបស់គាត់ កំពុងកសាងកេរ្តិ៍ឈ្មោះល្អសម្រាប់សត្វកកេរដោយការជួយសង្គ្រោះជនស៊ីវិលពីគ្រាប់មីនលាក់ខ្លួន។
កណ្តុរធំអា្រហ្វិកនេះ បានបំបែកកំណត់ត្រាពិភពលោកថ្មីសម្រាប់ការរកឃើញគ្រាប់មីនច្រើនបំផុត។ ចាប់ពីខែសីហា ២០២១ ដល់ខែកុម្ភៈ ២០២៥ រ៉ូនីនបានរកឃើញគ្រាប់មីន ១០៩ គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះ ១៥ គ្រាប់ នៅតំបន់ជិតសៀមរាប ក្នុងប្រទេសកម្ពុជា យោងតាមកំណត់ត្រា Guinness។
“សមិទ្ធផលរបស់រ៉ូនីនជាសក្ខីភាពនៃសក្តានុពលដ៏អស្ចារ្យរបស់កណ្តុរ” ផានី អ្នកបង្វឹករបស់គាត់ប្រាប់។
គ្រាប់មីនជាបញ្ហាធំនៅតំបន់ជម្លោះពីមុន។ នៅកម្ពុជា គ្រាប់មីនបានបណ្តាលឱ្យស្លាប់និងរបួសជាង ៦៥.០០០ ករណី តាំងពីការដួលរលំនៃរបបខ្មែរក្រហមឆ្នាំ១៩៧៩។
គ្រាប់មីនមានគ្រោះថ្នាក់ដោយសារលក្ខណៈមិនរើសគោលដៅនិងការគំរាមកំហែងជាច្រើនទស្សវត្សរ៍បន្ទាប់ពីជម្លោះបញ្ចប់ ដែលរារាំងការអភិវឌ្ឍដីនៅតំបន់ដែលរងគ្រោះដោយសង្គ្រាម។
កណ្តុរជួយដោយសារភាពឆ្លាតរបស់ពួកវា ល្បឿនលឿន និងសមត្ថភាពហិតក្លិនល្អ។ ពួកវាក៏ស្រាលពេកមិនធ្វើឱ្យគ្រាប់មីនផ្ទុះ។
ប្រមាណជាគ្រាប់មីន ១១០ លាននៅតែកប់ក្នុងប្រទេសជាង ៦០ ទូទាំងពិភពលោក តាមអង្គការ APOPO។ នៅឆ្នាំ២០២៣ គ្រាប់មីនបណ្តាលឱ្យមានគ្រោះថ្នាក់ ៥,៧៥៧ ករណី ដែល ៣៧% ទាក់ទងនឹងកុមារ។
រ៉ូនីន ជាកណ្តុរមួយក្នុងចំណោមកណ្តុរជាង ១០០ ដែលត្រូវបានបណ្តុះបណ្តាលដោយ APOPO។ កណ្តុរទាំងនេះក៏ត្រូវបានបណ្តុះបណ្តាលឱ្យរកឃើញជំងឺរបេងផងដែរ។
ក្រុមកណ្តុររបស់អង្គការប៊ែលហ្ស៊ិកនេះ អាចស្វែងរកតំបន់ទំហំប៉ុនទីលានតេន្នីសក្នុងរយៈពេល ៣០ នាទី ដែលអ្នកបោសសម្អាតមីនត្រូវការរហូតដល់បួនថ្ងៃ។
រ៉ូនីន មានអាយុ ៥ ឆ្នាំ កើតនៅតង់សានី មានទំហំធំជាងកណ្តុរចិញ្ចឹមធម្មតា មានប្រវែងជាង ២ ហ្វីត និងទម្ងន់ ២.៦ ផោន។
ខេត្តព្រះវិហារ ក្នុងប្រទេសកម្ពុជា មានដង់ស៊ីតេគ្រាប់មីនខ្ពស់បំផុត បន្ទាប់ពីជម្លោះរាប់ទស្សវត្សរ៍ រួមទាំងការទម្លាក់គ្រាប់បែកដោយសហរដ្ឋអាមេរិកអំឡុងសង្គ្រាមវៀតណាម។
ទោះបីមានការបោសសម្អាតមីនជាច្រើនឆ្នាំ នៅតែមានគ្រាប់មីនមិនទាន់ផ្ទុះប្រមាណ ៤ ទៅ ៦ លានគ្រាប់នៅកម្ពុជា។
រ៉ូនីនបានទទួលកំណត់ត្រាពិភពលោកពី ម៉ាហ្គាវ៉ា ដែលបានរកឃើញគ្រាប់មីន ៧១ គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះ ៣៨ គ្រាប់ ក្នុងរយៈពេលប្រាំឆ្នាំ។ ម៉ាហ្គាវ៉ាបានស្លាប់ទៅដោយសុខសាន្តក្នុងខែមករា ២០២២៕
