សន្ដិសុខសង្គម

ឆេះឃ្លាំងស្តុកឈើផ្អើលដល់ពលរដ្ឋនិងសមត្ថកិច្ចចេញរថយន្តទៅជួយអន្តរាគមន៍បាញ់ពន្លត់

ដោយ៖សហការី

ភ្នំពេញ៖ ឃ្លាំងស្តុកឈើមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះអស់ស្ទើរទាំងស្រុងនិងឆេះបំផ្លាញ សម្ភារអស់ទាំងស្រុងបង្កឡើងដោយឆ្លងចរន្តអគិ្គសនី។

ហេតុការណ៍ឆេះឃ្លាំងខាងលើនេះបានកើតឡើងនាវេលាម៉ោង ២ :០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៦ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវបេតុង ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។


បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋរស់នៅក្បែរខាងបានឲ្យដឹងថា នៅមុនពេលកើតហេតុដោយពួកគាត់បានឮស្នូរសំឡេងផ្ទុះចេញពីឃ្លាំងកើតហេតុខាងលើយ៉ាងខ្លាំងហើយពួកគាត់ស្មានតែផ្ទុះអ្វីផ្សេងនាំគ្នាផ្អើលរត់ចេញមកមើលស្រាប់តែឃើញអណ្តាតភ្លើងឆាបឆេះរាលដាលពេញក្នុងឃ្លាំងយ៉ាងសន្ធោសន្ធៅ។ភ្លាមនោះដែរពួកគេបាននាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យសុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បន្ទាន់ សមត្ថកិច្ចមូលដ្ឋានក៏បានជូនដំណឹងបន្តទៅខាង កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សុំរថយន្តពន្លត់អគ្គិភ័យជាបន្ទាន់។

ក្រោយពីទទួលបានព័ត៌មានខាងលើនេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាទៅសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យដែលប្រចាំការនៅគោលដៅក្នុងរាជធានីភ្នំពេញ ឲ្យបញ្ចេញរថយន្តពន្លត់អគ្គិភ័យមកកាន់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗផងដែរ។

ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញប្រតិបត្តិការបាញ់ពន្លត់ចប់ ឃើញថាបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង ប្រើទឹកអស់ចំនួន១០ឡានទើបរលត់ទៅវិញជាស្ថាពរ។

ឃ្លាំងដែលឆេះខូចខាតប្រភេទសំណង់ ថ្ម​ ប្រក់ស័ង្កសី ទំហំ ២០ម៉ែត្រx២០ម៉ែត្រ។ខូចខាតសម្ភារទាំងស្រុង ប៉ុន្តែពុំបណ្ដាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។ជាមួយនោះគឺគ្មានមនុស្សស្លាប់ និងរបួសទេ៕