ដោយ៖ កំចាយ

កំពត÷ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា ការធ្វើកំណែទម្រង់អាវុធហត្ថផ្អែកលើគោលការណ៍សំខាន់ៗដែលទាមទារចាំបាច់នូវការងារអប់រំ និងបណ្តុះបណ្តាល។ កងកម្លាំងដែលខិតខំរៀនសូត្រ មានសញ្ញាបត្រគឺជាអ្នកតស៊ូហើយស័ក្តិសមនឹងលើកតម្កើង។
នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នៅបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តកំពតមានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសេនាធិការដ្ឋានកម្ពស់៣ជាន់មានតម្លៃជាង២.៦០០លានរៀល។
លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ថា ក្នុងនាមមេបញ្ជាការ លោកសូមកោតសរសើរដល់កងកម្លាំងអាវុធហត្ថខេត្តកំពតទាំងអស់ដែលអនុវត្តភារកិច្ចតួនាទីបានល្អរហូតទទួលបានការជឿទុកចិត្តពីថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋ។ កងរាជអាវុធហត្ថបានធ្វើកំណែទម្រង់ដោយផ្អែកលើគោលការណ៍មួយចំនួនដើម្បីបង្កើនគុណភាពនៃការប្រតិបត្តិតួនាទី និងភារកិច្ចឲ្យកាន់តែប្រសើរ។ លោកនាយឧត្តមសេនីយ៍បានបញ្ជាក់ថា គោលការណ៍សំខាន់ៗទាំងនោះ រួមមាន៖ ប្រមូលផ្តុំ រៀបរយ ទំនើបកម្ម ប្រសិទ្ធភាព និងសក្តិសិទ្ធិភាព។ ទាំងនេះទាមទារចាំបាច់នូវការអប់រំ និងបណ្តុះបណ្តាល។
លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា លោកសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងរាជអាវុធហត្ថខេត្តក្នុងការថែរក្សាបាននូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ល្អ និងផ្តល់ជូននូវភាពកក់ក្តៅចំពោះពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលមកសម្រាកលម្ហែនៅខេត្តកំពត។ លោកសូមលើកទឹកចិត្តដល់កម្លាំងកងរាជអាវុធហត្ថបន្តកិច្ចការងាររបស់ខ្លួនឲ្យកាន់តែប្រសើរឡើងថែមទៀត។
លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពតបានរាយការណ៍ថា សំណង់អគារសេនាធិការដ្ឋានរបស់កងរាជអាវុធហត្ថខេត្តកំពតធ្វើឡើងតាមគំរូប្លង់ និងរចនាបទសិល្ប:ខ្មែរឯកភាពតែមួយក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ អគារនេះមានបណ្តោយប្រវែង៥៦ម៉ែត្រ ទទឹង១២ម៉ែត្រ កម្ពស់៣ជាន់ លើទំហំផ្ទៃដី២.០១៦ម៉ែត្រក្រឡាដែលត្រូវប្រើពេលសាងសង់១៥ខែ និងចំណាយថវិកាជាង២.៦០០លានរៀលដោយមិនគិតបញ្ចូលគ្រឿងបរិក្ខារសម្រាប់បំពាក់នៅឡើយ៕
