ពន្ធដារ

អត្ថប្រយោជន៍ជាមូលដ្ឋានមួយចំនួនសម្រាប់អ្នកជាប់ពន្ធ ពីកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា ( Double Taxation Agreement-DTA )

ជាទូទៅ កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA) ផ្តល់អត្ថប្រយោជន៍ជាមូលដ្ឋានសំខាន់ៗ មួយចំនួនដល់អ្នកជាប់ពន្ធ ក្នុងនោះមាន៖
– ទទួលបានការបន្ធូរបន្ថយអត្រាពន្ធកាត់ទុកលើ សួយសារ កម្រៃសេវាបច្ចេកទេស និងភាគលាភ ពី១៤% មក១០ %
– ទទួលបានការបន្ធូរបន្ថយអត្រាពន្ធកាត់ទុកលើ ការប្រាក់ ពី១៤% មក១០% ឬលើកលែងពន្ធ
– ទទួលបានការបន្ធូរបន្ថយពន្ធលើបណ្តាប្រភេទពន្ធទាក់ទិននឹងប្រាក់ចំណូល ដែលទទួលបានពីប្រតិបត្តិការនៃនាវាឬទូក ឬតាមផ្លូវដែក ឬផ្លូវគោកក្នុងចរាចរណ៍អន្តរជាតិក្រោម DTA មក ៥០%
– ទទួលបានការលើកលែងពន្ធលើបណ្តាប្រភេទពន្ធទាក់ទិននឹងប្រាក់ចំណូល ដែលទទួលបានពីប្រតិបត្តិការនៃយន្តហោះ ក្នុងចរាចរណ៍អន្តរជាតិ ក្រោម DTA
– ទទួលបានឥណទានពន្ធលើបណ្តាប្រភេទពន្ធ ដែលបានបង់នៅប្រទេសប្រភព ពីប្រទេសនិវាសនដ្ឋានរបស់អ្នកជាប់ពន្ធ។ សម្រាប់ជានីតិវិធីអនុវត្ត អ្នកជាប់ពន្ធជានីតិបុគ្គល ឬរូបវន្តបុគ្គលត្រូវដាក់ពាក្យស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីពិនិត្យលក្ខណៈសម្បត្តិ ក្នុងការទទួលបានអត្ថប្រយោជន៍ក្រោម DTA ជាមុនសិន ដោយត្រូវភ្ជាប់មកជាមួយនូវឯកសារតម្រូវដូចជា៖
សម្រាប់នីតិបុគ្គលះ
១. វិញ្ញាបនបត្រនិវាសនជន (Certificate of Residence) ច្បាប់ដើម
២. វិញ្ញាបនបត្រចុះបញ្ជីក្រុមហ៊ុនដើម (Certificate of Incorporation) ថតចម្លង និងមានបញ្ជាក់
៣. លក្ខន្តិកៈក្រុមហ៊ុន (Company Statute) ថតចម្លង និងមានបញ្ជាក់
៤. កិច្ចសន្យា/ឯកសារពាក់ព័ន្ធនឹងការទូទាត់ (Document related to income payment) ថតចម្លង និងមានបញ្ជាក់
៥. លិខិតផ្ទេរសិទ្ធិ (Authorization Letter) ច្បាប់ដើម
៦. បណ្ណពន្ធប៉ាតង់របស់សហគ្រាសក្នុងស្រុក (អ្នកទូទាត់) (Patent Tax) ថតចម្លង
សម្រាប់រូបវន្តបុគ្គល៖
១. អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន (Identification Card/Passport) ថតចម្លង និងមានបញ្ជាក់
២. វិញ្ញាបនបត្រនិវាសនជន (Certificate of Residence) ច្បាប់ដើម
៣. កិច្ចសន្យា/ឯកសារពាក់ព័ន្ធនឹងការទូទាត់ (Document related to income payment) ថតចម្លង និងមានបញ្ជាក់
៤. លិខិតផ្ទេរសិទ្ធិ (Authorization Letter) ច្បាប់ដើម
៥. បណ្ណពន្ធប៉ាតង់របស់សហគ្រាសក្នុងស្រុក (អ្នកទូទាត់) (Patent Tax) ថតចម្លង៕