ភ្នំពេញ៖ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាព្រឹកថ្ងៃចន្ទទី១៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានផលរបរក្រោម ២៥០លានរៀលក្នុងមួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធ មិនចាំបាច់បង់ពន្ធប៉ាតង់និងមិនចាំបាច់រៀបចំឯកសារប្រកាសពន្ធអ្វីទាំងអស់។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា ការដាក់ឲ្យដំណើរការ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាការគិតគូររបស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងធានាថាគ្មានការចំណាយមិនចាំបាច់ណាមួយដែលត្រូវបង់ជូនរដ្ឋនោះឡើយ។
ការរៀបចំនិងដាក់ឲ្យដំណើរការ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាការរៀបចំឲ្យមានការចុះបញ្ជីថ្នាលឌីជីថលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំ និងមិនដាក់បន្ទុកបន្ថែមដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនោះឡើយ។
យន្តការនេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រនិងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបមុខរបរ ធ្វើការងារ និងមានអាជីវកម្មនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបង្កើតឳកាសឲ្យបងប្អូនអាចអភិវឌ្ឍអាជីវកម្មពង្រីកមុខរបរ ជាពិសេសធ្វើឲ្យកម្រិតជីវភាពនិងសុខុមាលភាពរបស់បងប្អូនកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀត៕