កម្សាន្ដ

ពិធីបុណ្យសមុទ្រលើកទី១១ទទួលជោគជ័យនឹងធ្វើឲ្យភ្ញៀវចងចាំហើយប្រាថ្នាចូលរួមបន្ត   

ដោយ៖ កំចាយ

កំពត÷ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអំពាវនាវដល់គ្រប់ផ្នែកពាក់ព័ន្ធបន្តស្មារតីរួមសហការដើម្បីឲ្យពិធីបុណ្យសមុទ្រនៅខេត្តកំពតទទួលជោគជ័យ និងដក់ជាប់អារម្មណ៍ភ្ញៀវជាតិ អន្តរជាតិ ពិសេសប្រាថ្នាចូលរួមសម្រាប់ពិធីបុណ្យនេះនាពេលក្រោយទៀត។

កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និសីទបូកគោខេត្តកំពតមានរៀបចំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣។

ថ្លែងបិទកិច្ចប្រជុំខាងលើ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ក្នុងនាមអន្តរក្រសួង លោកសូមថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្តកំពត និងថ្នាក់ដឹកនាំអនុគណៈកម្មការទាំងអស់ដែលបានរួមសហការគ្នាយ៉ាងល្អប្រសើររហូតមកដល់ថ្ងៃនេះគ្រប់យ៉ាងសម្រាប់ពិធីបុណ្យសមុទ្រសម្រេចរួចរាល់ស្ទើរ១០០ភាគរយនោះ។ ដូច្នេះ សូមគណៈកម្មការអន្តរក្រសួង និងអាជ្ញាធរបន្តកិច្ចសហការល្អដើម្បីធ្វើយ៉ាងណាឲ្យពិធីបុណ្យដ៏សំខាន់នេះទទួលបានជោគជ័យ។ លោករដ្ឋមន្ត្រីបានបន្តថា នៅពេលលទ្ធផលការងារសម្រេចបានតាមការគ្រោងទុកដោយគ្មានបញ្ហាអវិជ្ជមានណាមួយកើតឡើង នោះប្រជាពលរដ្ឋ ក៏ដូចជាទេសចរជាតិ អន្តរជាតិនឹងសប្បាយរីករាយ ហើយចងចាំ ពិសេសអន្ទះសាចង់ ហើយប្រាថ្នាចូលរួមក្នុងពិធីនេះនាពេលក្រោយៗទៀត។

សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី១១ជុំទី៣នៅខេត្តកំពតថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ នឹងមានកម្មវិធីកម្សាន្តសប្បាយច្រើនប្រភេទ ដូចជា ការសម្តែងសិល្បៈ កីឡាលើទឹក លើអាកាស លើគោក ពិធីប្រគំតន្ត្រី ការតាំងពិព័រណ៍ផលិតផលក្នុង និងក្រៅស្រុក ការតាំងពិព័រណ៍ភូមិមួយផលិតផលមួយជាដើម។ ពិធីបើកជាផ្លូវការនឹងធ្វើឡើងនាថ្ងៃទី១៣ ខែធ្នូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទមុន្នី-ហ៊ុនម៉ាណែត៕