សុខភាព

មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និង មន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ នាំម៉ាស៊ីនស្កែនដ៏ទំនើបនិងថ្លៃបំផុត MRI 3 Tesla និងMRI 1.5 Teslaដើម្បីបំពេញតម្រូវការថែទាំសុខភាពឱ្យកាន់តែប្រសើរឡើង

មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និង មន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ នាំម៉ាស៊ីនស្កែនដ៏ទំនើបនិងថ្លៃបំផុត MRI 3 Tesla និងMRI 1.5 Teslaដើម្បីបំពេញតម្រូវការថែទាំសុខភាពឱ្យកាន់តែប្រសើរឡើង

ដោយៈសិរីមតី
ភ្នំពេញ៖ ក្នុងគោលបំណងលើកកម្ពស់ការផ្តល់សេវាការថែទាំសុខភាពឱ្យកាន់តែប្រសើរ ការផ្តល់រោគវិនិច្ឆ័យនិងការព្យាបាលច្បាស់លាស់ និងកាត់បន្ថយការចំណាយទៅព្យាបាលនៅក្រៅប្រទេស មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បាននាំយកម៉ាស៊ីនស្កែនដ៏ទំនើប MRI 3 Tesla មកកាន់កម្ពុជា។ជាមួយគ្នានេះដែរ មន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ក៏បាននាំយកម៉ាស៊ីនទំនើប MRI 1.5 Tesla ផងដែរ។


ម៉ាស៊ីនស្កែន MRI 3 Tesla នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និង MRI 1.5 Tesla នៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ រួមជាមួយនឹងកម្មវិធីកាតសមាជិកថ្មីរបស់មន្ទីរពេទ្យដែលហៅថា Prime និង Prime+ បង្កើតឡើង ដោយមន្ទីរពេទ្យបាងកក និងសាខាមន្ទីរពេទ្យរបស់ខ្លួនក្នុងប្រទេសកម្ពុជា បានត្រូវសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការកាលពីរសៀលថ្ងៃទី៥ខែកក្កដាឆ្នាំ២០២៤ នៅរាជធានីភ្នំពេញនិងសៀមរាប។


ក្នុងពិធីសម្ពោធនោះ លោក Attapoom Susupaus ប្រធានមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ និងមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ បានថ្លែងថា៖ឈរលើទស្សនៈវិស័យ “ លើកកម្ពស់សុខភាពរបស់អ្នក តាមរយៈការច្នៃប្រឌិតនិងការរួមបញ្ចូលគ្នា ” មន្ទីរពេទ្យបាននាំយកម៉ាស៊ីនបច្ចេកវិទ្យាទំនើបបំផុតនេះមកកម្ពុជា ដើម្បីបង្ហាញពីសមត្ថភាព និងសេវាកម្ម ដែលមាននៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញនិងផ្តល់ជូនដើម្បីបម្រើឱ្យកាន់តែប្រសើរឡើងនូវតម្រូវការថែទាំសុខភាពសហគមន៍របស់យើង។


លោកប្រធានមន្ទីរពេទ្យ បានមានប្រសាសន៍ឱ្យដឹងថា៖«មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញជាមន្ទីរពេទ្យតំណាងមួយនៃយុគសម័យថ្មីនៃការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដ៏ល្អឥតខ្ចោះ។ យើងបានធ្វើការវិនិយោគយ៉ាងសំខាន់ទៅលើគ្រឿងបរិក្ខារពេទ្យ និងបច្ចេកវិទ្យាដ៍ទំនើបបំផុតដូចជា ម៉ាស៊ីន MRI 3 Tesla ដែលជាម៉ាស៊ីនស្កែនមួយ អាចផលិតរូបភាពវេជ្ជសាស្រ្តដ៏មានសក្តានុពល ហើយច្បាស់បំផុត វិភាគ វិនិច្ច័យប្រកបដោយសុក្រឹតភាពល្អិតល្អន់ ដោយមិនប្រើកាំរស្មីអិចទេ»។


លោកបានបញ្ជាក់ថា៖ ទន្ទឹមនឹងនេះ យើងក៏បានពង្រឹងនូវសមត្ថភាពឯកទេសគ្លីនិកសំខាន់ៗរបស់យើងផងដែរ ដូចជាកម្មវិធីព្យាបាលជំងឺបេះដូងដែលប្រើបច្ចេកវិទ្យាបរិក្ខារពេទ្យទំនើប ដូចជាម៉ាស៊ីនសម្រាប់ព្យាបាលការស្ទះសរសៃឈាមបេះដូងដែលហៅថា ម៉ាស៊ីន ខែតលែប (Cardiac Catheterization Lab) រួមទាំងបច្ចេកទេសរបស់ក្រុមវេជ្ជបណ្ឌិត មានបទពិសោធន៍ព្យាបាលបេះដូងមកពីមន្ទីរពេទ្យបាងកក ។

ការវះកាត់បេះដូងត្រូវបានរៀបចំក្រុមវេជ្ជបណ្ឌិតថៃ និងខ្មែរ ដែលមានបទពិសោធន៍ និងជំនាញ ព្រមទាំងបន្ទប់វះកាត់ដ៏ទំនើប ផ្តល់សុវត្ថិភាពខ្ពស់សម្រាប់អ្នកជំងឺរបស់យើង។ បន្ថែមលើនេះ ការព្យាបាលជំងឺប្រព័ន្ធប្រសាទរបស់យើងក៏បានបំពាក់ជាមួយឧបករណ៍ព្យាបាល និងវះកាត់ចុងក្រោយគេបង្អស់ផងដែរ ដែលមានសម្ថភាពអាចវះកាត់ការកកឈាមក្នុងខួរក្បាល បញ្ហាឆ្អឹងខ្នង ដែលបណ្តាលមកពីការកៀបសរសៃជាដើម។


លោក Attapoom Susupaus បានឱ្យដឹងទៀតថា៖វេជ្ជបណ្ឌិតផ្នែកវះកាត់ឆ្អឹងរបស់យើងព្យាបាលបញ្ហាសន្លាក់ និងការវះកាត់ដូរក្បាលជង្គង់ ប្តូរឆ្អឹងត្រគាក និងការវះកាត់ឆ្អឹងទូទៅ ដោយប្រើបច្ចេកទេសវះកាត់ថ្មីសម្រាប់លទ្ធផលនៃការព្យាបាលដ៏អស្ចារ្យ ជាពិសេសការវះកាត់តសរសៃក្បាលជង្គង់ (ACL) ដោយវេជ្ជបណ្ឌិតជនជាតិថៃផងដែរ។ លើសពីនេះ យើងបានពង្រីកកន្លែងសម្រាប់ផ្នែកថែទាំម្តាយ និងផ្នែកសង្គ្រោះទារកទើបកើត (NICU) របស់យើងដើម្បីផ្ដល់សេវាថែទាំដ៏ល្អគួរជាទីទុកចិត្ត ប្រកបដោយភាពម៉ត់ចត់ សុវត្ថិភាពខ្ពស់។


លោកប្រធានមន្ទីរពេទ្យបានបញ្ជាក់បន្ថែមថា៖បន្ថែមពីលើភាពជឿនលឿនខាងផ្នែកធ្វើរោគវិនិច្ឆ័យ និងឯកទេសផ្នែកវេជ្ជសាស្ត្រ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបានផ្តល់នូវការថែទាំកម្រិតចុងក្រោយគេបង្អស់ធៀបជាមួយនឹងមន្ទីរពេទ្យទំនើបៗនៅបណ្តាប្រទេសជឿនលឿនដទៃទៀត។អ្នកជំងឺអាចទទួលបានសេវាកម្មពេញលេញនិងសុវត្ថិភាពខ្ពស់ក្នុងការព្យាបាលជំងឺទូទៅ សេវាសង្គ្រោះបន្ទាន់ ការវះកាត់គ្រប់ប្រភេទ ការស្តារនីតិសម្បទា និងការផ្តល់ការព្យាបាលជំងឺជាច្រើនទៀត ទាំងអស់នេះនៅក្រោមដំបូលតែមួយជាមួយមន្ទីរពេទ្យដ៍ល្បី ដែលហៅថាមន្ទីរពេទ្យបាងកកនៅប្រទេសថៃ។
មន្ទីរពេទ្យបានជ្រើសរើសគ្រូពេទ្យលំដាប់ពិភពលោក មកពីមន្ទីរពេទ្យបាងកក ប្រទេសថៃ និងទាំងក្នុងប្រទេស ព្រមទាំងបុគ្គលិកជំនួយផ្នែកបច្ចេកទេស ដើម្បីធានាបាននូវការថែទាំប្រកបដោយគុណភាពខ្ពស់បំផុត។ ការប្រតិបត្តិរបស់យើងត្រូវបានកែសម្រួលយ៉ាងម៉ត់ចត់ ដើម្បីថែទាំអ្នកជំងឺប្រកបដោយប្រសិទ្ធិភាព និងក្តីមេត្តា។

ក្នុងនាមជាមន្ទីរពេទ្យមួយនៅក្នុងបណ្តាញថែទាំសុខភាពរបស់ក្រុមហ៊ុនដ៍ធំបំផុតផ្នែកសេវាសុខាភិបាលនៅប្រទេសថៃ ដែលហៅកាត់ថា BDMS ពួកយើងព្យាយាមផ្តល់នូវភាពងាយស្រួល និងការតភ្ជាប់ជាមួយមន្ទីរពេទ្យដែលជាសាខារបស់យើងនៅប្រទេសថៃ ក្នុងការថែទាំអ្នកជំងឺ។ BDMS Medevac Center បានត្រៀមខ្លួនជាស្រេចដើម្បីដឹកជញ្ជូនអ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរទៅរកអ្នកជំនាញដើម្បីព្យាបាលជំងឺនៅប្រទេសថៃ ឬក៍បញ្ជូនវេជ្ជបណ្ឌិតជំនាញមកពីមន្ទីរពេទ្យបាងកក ប្រទេសថៃ ដើម្បីព្យាបាល និងធ្វើការវះកាត់នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញផ្ទាល់គ្រប់ពេលវេលាទាំងអស់។
បន្ថែមលើសពីនេះទៅទៀតដើម្បីសម្រួលដល់ការចំណាយរបស់អ្នកជំងឺ ពួកយើងបានបង្កើតកម្មវិធីកាតសមាជិកពិសេសដែលកាតសមាជិកអាចឱ្យអ្នកជំងឺប្រើបានទាំង 3 មន្ទីរពេទ្យ ដើម្បីទទួលបានការបញ្ចុះតំលៃរហូតដល់ 30% ដែលមាននៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ មន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គ និងមន្ទីរពេទ្យបាងកក ប្រទេសថៃ ។


ទន្ទឹមនឹងថ្លែងអំណរគុណ ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់ មន្ទីរពេទ្យក៏បានអរគុណដល់ដៃគូសហការ ដែលបានសហការដោយរលូន និងប្រសិទ្ធភាពខ្ពស់នាពេលកន្លងមកហើយពួកយើងត្រៀមខ្លួនជានិច្ច ក្នុងនាមជាដៃគូថែទាំសុខភាព ដើម្បីផ្តល់សេវាព្យាបាលប្រកបដោយប្រសិទ្ធិភាពខ្ពស់ តំលៃសមរម្យ និងក្រមសីលធម៌ព្រមទាំងដើម្បីផ្តល់ឪកាសឱ្យពួកយើងជាអ្នកមើលថែសុខភាព នៅជិតលោកអ្នក ដើម្បីកាត់បន្ថយការចំណាយទៅព្យាបាលនៅក្រៅប្រទេស។
ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ឯកឧត្តម Cherakiat Atthakorn បានមានប្រសាសន៍ថា៖ថ្ងៃនេះជាឱកាសដ៏សំខាន់មួយដែលយើងជួបជុំគ្នាដើម្បីអបអរព្រឹត្តិការណ៍សំខាន់ពីររបស់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។ ទី១៖ ការបើកសម្ពោធឧបករណ៍ MRI កម្រិតខ្ពស់ ដែលបញ្ជាក់ពីវឌ្ឍនភាពនៃបច្ចេកវិទ្យាវេជ្ជសាស្រ្តសម្រាប់ប្រជាជនកម្ពុជា។ ភាពជឿនលឿននៃឧបករណ៍ MRIនិងបច្ចេកវិជ្ជាទំនើបចុងក្រោយរបស់វា នាពេលបច្ចុប្បន្ននេះ បង្ហាញពីយុគសម័យថ្មីនៃសមត្ថភាពវិនិច្ឆ័យនិងផ្តល់នូវលទ្ធភាពទទួលបានលទ្ធផលសុខភាពកាន់តែប្រសើរឡើងក្នុងប្រទេស។ទី២៖យើងរំលឹកខួបលើកទី១០នៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញដែលជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់មន្ទីរពេទ្យក្នុងការជំរុញការថែទាំសុខភាពនៅក្នុងប្រទេសកម្ពុជានិងក្នុងតំបន់នេះ។


ឯកឧត្តមឯកអគ្គរាជទូតបានស្ងើចសរសើរដល់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ដែលស្ថិតក្រោមបណ្តាញមន្ទីរពេទ្យឯកជនដ៏ធំបំផុតមួយរបស់អាស៊ីប៉ាស៊ីហ្វិក BDMS ដែលបាននាំបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបមកកម្ពុជា និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែទាំសុខភាពប្រជាជនកម្ពុជា ។
គួរជម្រាបផងដែរ នៅក្នុងពិធីសម្ពោធម៉ាស៊ីន MRI 3 Tesla ក៏មានការធ្វើបទបង្ហាញពីអ្នកជំនាញវេជ្ជសាស្ត្រអំពីការថែទាំ ការពិនិត្យសុខភាព និងពីសារៈសំខាន់និងអត្ថប្រយោជន៍នៃម៉ាស៊ីនដ៏ទំនើបនេះ ព្រមទាំងទស្សនកិច្ចមន្ទីរពេទ្យ និងម៉ាស៊ីន MRI 3 Teslaដោយផ្ទាល់៕