Tag: សន្តិសុខសង្កម »

ដោយ៖វិចិត្រ ភំ្នពេញ៖កម្លាំងប្រឆាំងគ្រឿងញៀនក១០ បាន​បញ្ជូនឧក្រិដ្ឋជនម្នាក់ពាក់ព័ន្ធគ្រឿងញៀនជិត៤០គីឡូ និងសារធាតុផ្សំជិត២០០គីឡូ ទៅតុលាការភ្នំពេញត្រូវឃុំខ្លួននៅថ្ងៃទី៦ ខែមិថុនានេះ។ មន្ត្រី​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បានឱ្យដឹង​ថា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ កម្លាំងជំនាញ ក១០មន្ទីរប្រឆាំងគ្រឿងញៀនបានបើកការស្រាវជ្រាវ ឈានដល់បង្ក្រាបបទល្មើសនៅ២គោលដៅ​ផ្សេងគ្នា។ក្នុងនោះបានចាប់ជនសង្ស័យម្នាក់ឈ្មោះ អ៊ូ សាំងយ៉ុង ជនជាតិចិន​ជាមួយគ្រឿងញៀនជិត៤០គីឡូក្រាម និងសារធាតុផ្សំមិនច្បាស់ជិត២០០គីឡូក្រាម។ គោលដៅទី១-តាមផ្លូវR១២ក្នុងបុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ចាប់បានវត្ថុតាងកេតាមីន៩៨២ក្រាម។គោលដៅទី២-ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ចាប់បានវត្ថុតាង MDMA ៣១.៤៤៩,៨០ក្រាម-សារធាតុផ្សំ១៦៦.៥៨៥ក្រាមនិងឧបករណ៍សម្រាប់កែច្នៃ វេចខ្ចប់មួយចំនួន។ គ្រឿងញៀនបង្ក្រាបបាននៅ២គោលដៅសរុបទម្ងន់៣៧គីឡូ៣៨០,២៨ក្រាម-សារធាតុផ្សំមិនច្បាស់ទម្ងន់១៦៦គីឡូក៥៨៥ក្រាម។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញ ក១០ សាងសំណុំរឿងបញ្ជូនទៅតុលាការឃុំខ្លួនបណ្តោះអាសន្ន៕  

ដោយ៖សុខុម ស្ទឹងត្រែង៖ករណីកាប់រុករានព្រៃយកដីរដ្ឋខុសច្បាប់រាប់ពាន់ហិកតា នៅម្តុំអូរប្រាំដំឡឹង ស្ថិតក្នុងច្រករបៀងអភិរក្សជីវចម្រុះតំបន់ការពារគ្រប់គ្រងដោយក្រសួងបរិស្ថាននោះ តុលាការបានឃុំខ្លួនមេខ្លោងម្នាក់កាលពីកន្លងទៅ។ ប៉ុន្តែទោះមានការឃុំខ្លួនមេខ្លោងក្តី ពលរដ្ឋរាប់រយគ្រួសារដែលចាញ់ឃោសនាតាមមេខ្លោងខាងលើ​នៅបន្តកាប់ទន្រ្ទានរុករានព្រៃយ៉ាងអនាធិបតេយ្យធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដដែលមិនទាន់ចាកចេញអស់នៅឡើយទេ។ កាលពីថ្ងៃទី១ដល់ថ្ងៃទី៥ ខែមិថុនា កម្លាំងអាជ្ញាធរស្រុកបុរីអូរស្វាយសែនជ័យ បានចុះអប់រំណែនាំដល់ពលរដ្ឋសាជាថ្មី តម្រូវឱ្យអ្នកពាក់ព័ន្ធដីព្រៃខុសច្បាប់ចាកចេញជាបន្ទាន់ បើពុំនោះទេនឹងអនុវត្តតាមច្បាប់ដោយមិនមានការយោគយល់ឡើយ។ លោក ស្រេងជាហេង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបានឱ្យអ្នកសារព័ត៌មានដឹងកាលពីថ្ងៃទី៥ ខែមិថុនាថា ដីព្រៃក្នុងដែនអភិរក្សជីវៈចម្រុះតំបន់ការពារដោយក្រសួងបរិស្ថាននោះមានទំហំ​រាប់រយរាប់ពាន់ហិកតាត្រូវពលរដ្ឋមកពីតាមខេត្តនានាបានកាប់ទន្រ្ទានយកធ្វើជាកម្មសិទ្ធិ។ពលរដ្ឋទាំងនោះមកពីខេត្តព្រះវិហារ-រតនគិរី-មណ្ឌលគិរី-តាកែវ-កណ្ដាល-កំពង់ធំ-ព្រៃវែង- កំពង់ស្ពឺ-កំពង់ចាម-ត្បូងឃ្មុំនិងខេត្តស្វាយរៀង។ លោកប្រធានមន្ទីរបានបន្ដថា កន្លងមកក្រុមការងារបានចុះបង្ក្រាបនិងឃាត់ខ្លួនមេខ្លោងម្នាក់ឈ្មោះ អ៊ិន ភុំ អាយុ៤៥ឆ្នាំ នៅភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បញ្ជូនទៅតុលាការដាក់គុកបណ្តោះសន្នកាលពីខែមីនា។ ឈ្មោះអ៊ិនភុំនេះបានកែនពលរដ្​ឋរាប់រយគ្រួសារ មកកាប់រានដីព្រៃរបស់រដ្ឋ  ត្រូវបានតុលាការផ្ដន្ទាទោសតាមមាត្រា៦២នៃច្បាប់​ស្ដីពីតំបន់ការពារធនធានធម្មជាតិ៕    

ដោយ៖រតនា អាជ្ញាធរស្រុកពួក ចម្ងាយប្រមាណ១៨គីឡូម៉ែត្រ ភាគខាងលិចនៃទីរួមខេត្តសៀមរាបបាន ឱ្យដឹងថាយ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់និងរបួស៤នាក់ ព្រមទាំងសត្វគោចំនួន៤ក្បាលទៀតបានងាប់ ដោយសារតែរន្ទះបាញ់ កាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃទី៤ខែមិថុនាឆ្នាំ២០២៣។ អាជ្ញាធរបានឱ្យដឹងទៀតថា គ្រោះធម្មជាតិរន្ទះបាញ់នេះ បានកើតឡើងនៅបីទីតាំងផ្សេងៗគ្នា ក្នុងពេលតែមួយ គឺនៅឃុំមុខប៉ែននិង ឃុំសសរស្ដម្ភ របស់ស្រុកពួក ក្នុងខណៈពេលមានភ្លៀងធ្លាក់យ៉ាងខ្លាំង ព្រមទាំងមានខ្យល់កន្ត្រាក់ ផ្គររន្ទះលាយឡំគ្នាផងនោះ។ ជនរងគ្រោះ ដោយសាររន្ទះបាញ់ នៅភូមិត្រកៀត ឃុំមុខប៉ែន បណ្ដាលឲ្យរងរបួស៤នាក់និងស្លាប់១នាក់ ខណ:ពេលពួកគាត់កំពុងភ្ជួរស្រែព្រោះស្រូវ។ចំណែកនៅ ភូមិមុខប៉ែន ឃុំមុខប៉ែន ស្រុកពួកវិញ រន្ទះបានបាញ់សត្វគោនៅវាលស្រែទំនប់៧៨ បណ្ដាលឱ្យសត្វគោធំចំនួន៣ក្បាល(ញី ២ឈ្មោល១ក្បាល)ងាប់។នៅភូមិគោកត្លាត ឃុំសសរស្ដម្ភ រន្ទះបានបាញ់សត្វគោ នៅចំណុចវាលស្រែថ្នល់ចាស់ខាងត្បូងភូមិចម្ងាយប្រហែល ៥០០ម៉ែត្របណ្ដាលឲ្យសត្វគោញីធំ ១ក្បាលងាប់។ សូមបញ្ជាក់ថាក្នុងរយៈពេលជាង១សប្ដាហ៍មកនេះ គ្រោះធម្មជាតិរន្ទះបាញ់ បានធ្វើឱ្យមនុស្សចំនួន៧នាក់ហើយបានស្លាប់និងរបួសនៅខេត្តសៀមរាប។ កាលពីយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣កន្លងទៅយុវជនពីរនាក់នៅភូមិបង្កោង ឃុំអំពិលនិងនៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង បានស្លាប់ភ្លាមៗដោយសាររន្ទះបាញ់នៅពេលដែលជនរងគ្រោះទាំងពីរនាក់កំពុងដើរឆ្លុះកង្កែបនិងឆ្លុះហ៊ីងនៅតាមទីវាល៕

ដោយ៖សុខុម រតនគិរី៖មន្ទីរពេទ្យបង្អែកខេត្តរតនគិរី កំពុងប្រកាសស្វែងរកសាច់ញាតិជនរងគ្រោះ​ដែលជាបុរសម្នាក់​បានជួបគ្រោះថ្នាក់ចរាចរ ក្រោយពីនគរបាលដឹកតាមរថយន្តសង្គ្រោះនៃនគរបាលខេត្តរតនគិរី កាលពីម៉ោងប្រហែល២រសៀលថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៣។ តាមប្រភពពីមន្ទីរពេទ្យខេត្តរតនគិរីបានឱ្យដឹងថា បុរសម្នាក់ដែលនគរបាលដឹកមកសង្គ្រោះ​នៅមន្ទីរពេទ្យខេត្ត គេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ករណីគ្រោះថ្នាក់ខាងលើនេះ បានកើតឡើងនៅទីតាំងមុខផ្សារតាយសេងភ្នំស្វាយ រវាងម៉ូតូ និង ម៉ូតូ ហើយជនរងគ្រោះរងរបួសធ្ងន់៕

ដោយ៖សុខុម ស្ទឹងត្រែង៖សមត្ថកិច្ច នគរបាលស្រុកសេសានត្រៀមបញ្ជូនខ្លួនជនសង្ស័យចោរលួចគោវះយកសាច់ទៅ តុលាការនៅព្រឹកថ្ងៃទី៥ មិថុនា ក្រោយពីចាប់ខ្លួនបានកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ នៅឃុំកំភុនស្រុកសេសានខេត្តស្ទឹងត្រែង។ លោកវរសេនីយ៍ឯក ទេស ភាលាភ អធិការនគរបាលស្រុកសេសានបានឲ្យដឹងថា ប្រជាពលរដ្ឋបានប្តឹងទៅនគរបាលស្រុកសេសានពីករណីបាត់គោ ហើយប្រទះឃើញសត្វគោ ត្រូវគេសម្លាប់វះយកតែសាច់ភ្លៅ។ក្រោយទទួលបានដំណឹងនេះ កម្លាំងប៉ុស្ដិ៍នគរបាលកំភុន សហការជាមួយប្រជាការពារ ក្រោមការដឹកបញ្ជាពីជំនាញព្រហ្មទណ្ឌស្រុកសេសាន បានឃាត់ជនសង្ស័យឈ្មោះ ឡុងហ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ ស្រុកកំណើតភូមិត្រពាំងខ្ចៅ ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្នរស់នៅភូមិអូរពងមាន់១ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលដឹកសាច់គោច្រកការុងតាមម៉ូតូសំដៅចេញទៅលក់នៅអូរពងមាន់ ។ លោកអធិការបន្តថា កម្លាំងដកហូតវត្ថុតាងរួមមាន សាច់គោ៣ភ្លៅ ម៉ូតូស្មាស់១គ្រឿងគ្មានលេខ កាំបិតដងជ័រពណ៌ស ស្រោមពណ៌ខៀវ កាំបិតហាន់បន្លែដងជ័រពណ៌ខ្មៅ ពូថៅ១ ខ្សែចងគោពណ៌ស៣ខ្សែ ការុង៣ ថង់ប្លាស្ទិចធំ១ និងទូរសព្ទម៉ាកNava មួយគ្រឿង។ ក្រោយពីសាកសួរជននោះបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចវះយកសាច់គោរបស់គេ​ពិតប្រាកដមែន។កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសេសានត្រៀមកសាងសំណុំរឿង​និងបញ្ជូនទៅការិយាល័យកម្រិតស្រាល នៃស្នងការដ្ឋានគរបាលខេត្តចាត់ការបន្តទៅតុលាការ​តាមនីតិវិធី៕

ដោយ៖រតនា ព្រះសីហនុ៖ នៅល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រីហេង ប៊ុន ទី មេបញ្ជាកាកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបង្ហាញមុខជនសង្ស័យ១៥នាក់(ស្រី០២នាក់)និងចាប់យកវត្ថុតាងដែលជាមធ្យោបាយក្នុងការប្រព្រឹត្តបទល្មើសមានម៉ូតូចំនួន៧គ្រឿងនិងសម្ភារមួយចំនួនទៀត។ មន្រ្តីអាវុធហត្ថខេត្តព្រះសីហនុបានឲ្យដឹងថា ចំពោះជនសង្ស័យពាក់ព័ន្ធពីបទលួចនិងវត្ថុតាង ជាក់ស្តែងទាំងនោះគឺត្រូវសមត្ថកិច្ចចុះបង្ក្រាបនិងរឹបអូសដោយមានកិច្ចសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្តព្រះសីហនុចាប់ពីថ្ងៃទី៣០ខែឧសភា រហូតមកដល់ថ្ងៃទី៣ខែមិថុនា ឆ្នាំ២០២៣។ មន្ត្រីអាវុធហត្ថដដែលបានឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងដែលរឹបអូសបានទាំងអស់នោះកម្លាំងជំនាញកំពុងតែកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមច្បាប់៕

ដោយ៖សុខុម សៀមរាប៖សមត្ថកិច្ចជំនាញស៊ើបអង្កេតបានស្រាវជ្រាវរឿងឃាតកម្មសម្លាប់ជនជាតិចិនម្នាក់ដោយកាត់ក្បាលនៅទឹកដីខេត្តកំពង់ចាមកាលពីជាង១ខែមុនដោយឥឡូវនេះចាប់បានបាន៣នាក់នៅខេត្តសៀមរាប ថ្ងៃទី២ខែមិថុនាឆ្នាំ២០២៣។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២ខែមេសា ឆ្នាំ២០២៣ មានករណីឃាតកម្ម ដ៏ភ្ញាក់ផ្អើលមួយដោយគេបានប្រទះឃើញសាកសពអត់ក្បាលនៅកណ្តាលវាលស្រែ ក្នុងភូមិតាពន់ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ ក្រោយពីហេតុការណ៍នេះបានកើតឡើង នាយកដ្ឋាននគបាលព្រហ្មទណ្ឌ បានចាត់កម្លាំងជំនាញដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុនីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន ចុះដឹកនាំកម្លាំងជំនាញ និងមានការចូលរួមសហការ ជាមួយនគរបាលខេត្តកំពង់ចាម បើកការស៊ើបអង្កេតបន្ទាន់  ដោយកំណត់បានអត្តសញ្ញាណជនសង្ស័យចំនួន៣នាក់។ ក្រោយមកក៏ចាប់ខ្លួនបាននៅចំណុច ទ្បដុតធ្យូង ស្ថិតនៅភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាបកាលពីថ្ងៃទី២ខែមិថុនាឆ្នាំ២០២៣។ ជនសង្ស័យជាជនដៃដល់ទាំង៣នាក់ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងទឹកដីខេត្តសៀមរាបនោះ គឺមានជាប់ពាក់ព័ន្ធករណីឃាតកម្ម កាលពីដើមខែ មេសា ឆ្នាំ២០២៣ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម។ សមត្ថកិច្ចបានបញ្ជាក់ថា ជនទាំងនោះ ទី១៖ ឈ្មោះ តាំង ចេងម៉េង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ,ទី២៖ ឈ្មោះ […]

ដោយ៖វិចិត្រ កំពង់ស្ពឺ​៖អគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅបានបំផ្លាញផ្ទះមួយខ្នង,រថយន្តនិងទ្រព្យសម្បត្តិខ្ទេចអស់គ្មានសល់។ហេតុការណ៍នេះនៅភូមិគោកសណ្ដែក ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី១ ខែមិថុនា។ សមត្ថកិច្ចបានឱ្យដឹងថា ផ្ទះដែលឆេះនេះទំហំ៥ម៉ែត្រគុណ៦ម៉ែត្រធ្វើអំពីឈើ ប្រ​ក់ស័ង្កសី ម្ចាស់ឈ្មោះ សុខ វ៉ិត អាយុ ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ ម៉ៅ ចាន់ថន អាយុ ៣៦ឆ្នាំ ខូចខាតទាំ​ងស្រុង។ក្នុងនោះមាន​រថយន្តម៉ាក TOYOTA TACOM​A ផ្លាកលេខ ភ្នំពេញ 2X-​8353 ឆេះខូចខាតទាំងស្រុង-ទូដាក់ខោអាវ៣-គ្រែដេក៣-ពូក២-ទូទឹកក១-ប្លង់ដី១សន្លឹក-អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ២សន្លឹក-សំបុត្រកំណើត៤សន្លឹក-សៀវភៅស្នាក់​នៅ១​ក្បាល-បណ្ណសម្គាល់យានយន្ត២សន្លឹក និងកាត​ចាក់វ៉ាក់សាំង២សន្លឹក ។ សមត្ថកិច្ច​​មូលដ្ឋាន​និងកម្លាំង​ជំនាញ​បានស្រាវជ្រាវហើយបានបញ្ជាក់ថា អគ្គិភ័យនេះបណ្ដាលមក​ពីការឆ្លងចរន្ដអគ្គិសនីក្នុងផ្ទះ ដែលតខ្សែតំណច្រើនក​ន្លែង​ មិនមានលក្ខណៈ​បច្ចេកទេស​ត្រឹម​ត្រូវ​។ករណី​នេះមិនបណ្ដាលឱ្យឆេះរាលដាលទៅ​ផ្ទះអ្នកដទៃ ឬមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ៕  

ដោយ៖វិចិត្រ ភ្នំពេញ​៖​រថយន្តធំដឹកថ្មបើកឆ្លងកាត់លូទ្រុឌទ្រោម បានបែកបាក់លូនោះផុងរថយន្តបណ្តាលឱ្យក្រឡាប់ផ្ងារកង់ចាក់ថ្មពេញផ្លូវ ដែលហេតុការណ៍នេះនៅភូមិសំរោង​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ ​កាលពីម៉ោង១០ព្រឹក ថ្ងៃទី២៩ ខែឧសភា។ អ្នកភូមិបានឱ្យដឹងថា មុនកើតហេតុ រថយន្តហ៊ីយ៉ាន់ដាយ​ ផ្លាកលេខចង្កូតស្តាំ​PP 4281 ដឹកថ្មពេញបើកតាមផ្លូវលំ​ពីលិចទៅកើត។មកដល់កន្លែងខាងលើស្រាប់តែកិនលូដែលមានសភាពចាស់ទ្រុឌទ្រោម បណ្តាលឱ្យបែកបាក់លូផុងរថយន្តក្រឡាប់ផ្ងារកង់ចាក់ថ្មពេញផ្លូវតែមិនមានមនុស្សរងរបួសឡើយ។ ក្រោយកើតហេតុ ម្ចាស់រថយន្តបានទិញលូថ្មីជួសជុលឡើងវិញ ហើយបានស្ទូចយករថយន្តទៅជួសជុលខ្លួនឯង៕

ដោយ៖វិចិត្រ បន្ទាយមានជ័យ៖ស្ត្រីថៃម្នាក់បានដើរបេះបន្លែតាមព្រំដែនក៏ជាន់មីនផ្ទុះបណ្តាលឱ្យដាច់ជើងម្ខាង។រីឯយោធាខ្មែរនៅជិត ទីនោះបានឆ្ការព្រៃចូលទៅជួយសង្គ្រោះ ស្រាប់តែជាន់មីនផ្ទុះមួយគ្រាប់ទៀតក៏រងរបួសធ្ងន់ទាំង២នាក់តែម្ដង។ គ្រោះអកុសលនេះបានកើតឡើងនៅត្រង់ចន្លោះបង្គោលសីមាលេខ៣៧-៣៨ ស្ថិតក្នុងភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាប់ភូមិអំពិល ឃុំតាប់ថៃ ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី២៧ ខែឧសភា។ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានឱ្យដឹងថា មុនកើតហេតុ មានស្ត្រីថៃម្នាក់ឈ្មោះ សំរឹទ្ធ រ៉ៃរឿន អាយុ៤៦ឆ្នាំ នៅភូមិឃុំខាងលើ បានដើរបេះបន្លែក្នុងព្រៃតាមព្រំដែនតំបន់កើតហេតុ ក៏បានជាន់មីនផ្ទុះបណ្តាលឱ្យដាច់ជើងឆ្វេងរងរបួសធ្ងន់។ បន្ទាប់មានសំឡេងគ្រាប់មីនផ្ទុះ កម្លាំងយោធាអភិវឌ្ឍន៍សហការជាមួយកម្លាំងដោះមីនកម្ពុជា និងទាហានឈុតខ្មៅថៃកងរយ1203 ដែលប្រចាំការនៅជិតនោះ ក៏ចូលទៅជួយជនរងគ្រោះ។ ស្រាប់តែមន្ត្រីយោធាតំបន់អភិវឌ្ឍន៍ម្នាក់ឈ្មោះ សេង ឆន អាយុ៤០ឆ្នាំ បានជាន់ចំគ្រាប់មីនផ្ទុះមួយគ្រាប់ទៀតត្រូវដៃនិងភ្នែករងរបួសធ្ងន់ធ្ងរទាំង២នាក់។ ពេលនោះកងកម្លាំងបានជួយបញ្ជូនយោធារងរបួសទៅមន្ទីរពេទ្យភូមិភាគ៥ ព២ ខេត្តបាត់ដំបង។ចំណែកស្ត្រីថៃរងគ្រោះនោះត្រូវបានទាហានថៃដឹកទៅសង្រ្គោះនៅប្រទេសគេដែរ៕

ដោយ៖ គង់ហេង កំពង់ចាម៖ ករណីឈួសឆាយដីព្រៃលិចទឹកទំហំជាង មួយ ហិកតា នៅតំបន់បឹងចារ ក្នុងស្រុកស្រីសន្ធរ អាជ្ញាធរខេត្តកំពង់ចាមបានស៊ើបអង្កេត និងឈានទៅកំណត់មុខសញ្ញា បី នាក់ កសាងសំណុំរឿងចាត់ការតាមនីតិវិធី។ លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម និងជាអ្នកនាំពាក្យបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានតាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី ២៧ ឧសភាថា ជុំវិញការរំលោភដីបឹងរបស់រដ្ឋនៅស្រុកស្រីសន្ធរយើង បានចាត់ឱ្យមន្រ្តីជលផល និងអាជ្ញាធរសហការគ្នាចុះពិនិត្យជាក់ស្តែង។ លទ្ធផលបានរកឃើញមានការឈួសឆាយរំលោភយកដីបឹងប្រមាណជាង មួយ ហិកតានិងបានកំណត់មុខសញ្ញា៣នាក់។ប៉ុន្តែរឿងនេះមិនមានការឃុបឃិតណាមួពីមន្រ្តីមានអំណាចដូចការលើកឡើងក្នុងបណ្តាញសង្គមនោះឡើយ។ លោក អ៊ុន ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានឱ្យដឹងនៅថ្ងៃទី ២៧ ឧសភាថាកាលពីថ្ងៃទី ២៦ ឧសភាបានចុះមកសាកសួរ ពីការឈួសឆាយដីនៅតំបន់បឹងចារ ស្ថិតក្នុងភូមិក្សេរ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ដែលមានទំហំជាងមួយហិកតាស្មើ ១០០៦៣០ ម៉ែត្រក្រឡានៃបឹងចារសរុប ៩៦៧.៤១៣ ម៉ែត្រក្រឡា ដែលរងការឈួសឆាយនោះ។ តាមការបំភ្លឺរបស់អាជ្ញាធរភូមិ ឃុំជាបន្តបន្ទាប់បានរកឃើញឈ្មោះ អ្នកឈួសឆាយ ប្រាប់ថាគាត់បានទិញដីនោះពីគេ ហើយបានជួលគ្រឿងចក្រយកមកជីកបកស្រទាប់ដីខាងលើ និងប្រមូលព្រៃយកទៅដាក់ក្នុងស្រែ ដើម្បីទុកធ្វើជី។ សូមបញ្ជាក់ថា កាលពីថ្ងៃទី ០៥ […]

ដោយ៖រតនា ភ្នំពេញ ៖ តុលាការភ្នំពេញនៅថ្ងៃទី២៦ ឧសភា ២០២៣ បានសម្រេចឃុំខ្លួនជនសង្ស័យជាថៅកែរកស៊ីពុះដីឡូត៍លក់ម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្នពាក់ព័ន្ធពីបទកំហែងយក និងបទគំរាមកំហែងហែកកេរ្តិ៍ ។ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកស្រី សាយ ស្រីល័ក្ខណ៍ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ គឹម ចាន់រតនា ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរជាថៅកែរកស៊ីពុះដីឡូត៍លក់ មានទីលំនៅផ្លូវលំ ភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជននេះត្រូវបានចោទប្រកាន់ពីបទកំហែងយក និងបទគំរាម កំហែងហែកកេរ្តិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ដែលបទល្មើសព្រហ្មទណ្ឌមានចែងឲ្យផ្តន្ទាទោសតាមបញ្ញតិមាត្រា ៣៦៣, មាត្រា ៣៦៤, មាត្រា ៣៧២ និងមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ។ សមត្តកិច្ចបានឲ្យដឹងថា កាលពីឆ្នាំ២០២២ឈ្មោះ គឹម ចាន់រតនា បានទិញស៊ីម៉ងតិ៍លាយរួចពីក្រុមហ៊ុន ដ្រេហ្គនស៊ីឌីក្នុងតម្លៃ២៨៤០ ដុល្លារ។ប៉ុន្តែបានគេចវេះមិនសងលុយទៅឲ្យក្រុមហ៊ុនរហូតមក។លុះដល់ខែកុម្ភៈ ឆ្នាំ២០២៣ ឈ្មោះ គឹម ចាន់រតនា ប្រើបណ្តាញសង្គមដោយពោលពាក្យគំរាមកំហែងយ៉ាងធ្ងន់ធ្ងរនិងគំរាមហែកកេរ្តិ៍បុគ្គលិកក្រុមហ៊ុនដែលតាមទារលុយជំពាក់។ ផ្តើមពីនោះខាងបុគ្គលិកក្រុមហ៊ុនក៏បានប្តឹងទៅសមត្ថកិច្ចឲ្យចាប់ខ្លួនឈ្មោះគឹម ចាន់រតនាដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់៕

ដោយ៖រតនា សៀមរាប៖ បុរសម្នាក់ដែលជាថៅកែចិញ្ចឹមក្រពើមួយកន្លែងនៅភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប បានស្លាប់ដោយសារតែសត្វក្រពើជាច្រើនដណ្ដើមគ្នាហែកស៊ី នៅពេលដែលបុរសរូបនោះបានរអិលជើងធ្លាក់ចូល អាងក្រពើរបស់គាត់។ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះគឺបានកើតឡើងនៅ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណជាង៥ ព្រឹក ។ មន្រ្តីអធិការដ្ឋាននគរបាលក្រុងសៀមរាប បានឱ្យដឹងថា បុរសដែលស្លាប់ដោយសារតែក្រពើដែលគាត់ចិញ្ចឹម ដណ្ដើមគ្នាខាំហែកស៊ីនោះ ឈ្មោះ លួន ណាំ អាយុ៧២ ឆ្នាំ មុខរបរ ជាគណៈកម្មាធិការវត្តពោធិ៍បន្ទាយជ័យ។ បើទោះបីជាយ៉ាងណា ប៉ូលិសនៅមិនទាន់បញ្ជាក់អំពីមូលហេតុច្បាស់លាស់ពាក់ព័ន្ធករណីក្រពើនាំគ្នាខាំហែកម្ចាស់ស៊ីនោះ ថាបណ្ដាលមកពីមូលហេតុអ្វីនៅឡើយទេ។ យោងតាមប្រភពក្រៅផ្លូវការបានឱ្យដឹងថាបុរស ដែលស្លាប់ដោយសារតែសត្វក្រពើវាយប្រហារ ហើយនាំគ្នាហែកស៊ីនោះ គឺខណៈពេលដែលរូបគាត់បានចូល ទៅក្នុងអាងចិញ្ចឹមក្រពើ ដើម្បីពិនិត្យមើលពងក្រពើ។ នៅខេត្តសៀមរាបក្នុងរយៈពេល៤-៥ឆ្នាំកន្លងមកនេះ មានករណីម្ចាស់អាងចិញ្ចឹមក្រពើ បានស្លាប់ដោយសារតែសត្វក្រពើវាយប្រហារហើយដណ្ដើមគ្នាហែកស៊ីនេះ ចំនួន៣លើកមកហើយ ដោយកាលពីជាង៤ឆ្នាំមុន គឺមានក្មេងស្រីតូចម្នាក់ ត្រូវសត្វក្រពើហែកស៊ី នៅសល់តែលលាដ៍ក្បាល។ កាលពី២ឆ្នាំមុន មានមន្ត្រីសាលាស្រុកពួកម្នាក់ ក៏ត្រូវសត្វក្រពើវាយប្រហារ នាំគ្នាខាំហែកស៊ីដែរ ខណៈពេលដែលគាត់ដេកយប់នៅលើអាងចិញ្ចឹមក្រពើ ហើយរអិលជើងធ្លាក់ចូលទៅក្នុងអាងនោះ នៅពេលចុះទៅរកបត់ជើងតូច៕

ដោយ៖រតនា ព្រះសីហនុ : កម្មករទូកនេសាទម្នាក់បានស្លាប់ និងម្នាក់ទៀតក្អួតធ្លាក់ឈាមក្រោយពីពួកគេបាននាំគ្នាផឹកស្រាសនៅវេលាម៉ោង ៧និង00 នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅកោះញ៉ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ សមត្ថកិច្ចបានបញ្ជាក់ថា បុរសដែលស្លាប់ឈ្មោះ ឡុង  ភេទប្រុស ជនជាតិខ្មែរអ៊ិស្លាម អាយុ ៥៣ ឆ្នាំ មុខរបរកម្មករទូកនេសាទមងក្ដាម។ បច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្ននៅលើទូកផែប៉ាទីក្រុម ៣១ ភូមិ3 ទំនប់រលក សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ចំពោះម្ចាស់ទូកឈ្មោះ សំ ដាវី ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរអ៊ុតសក់មានទីលំនៅបច្ចុប្បន្ន នៅភ្នំខៀវ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ឥឡូវនេះសាកសពបានដឹកតាមទូកយករក្សាទុកនៅផែដីខ្សាច់ ក្រុម៣៤ ភូមិ៣ សង្កាត់១ រង់ចាំការពិនិត្យរបស់នគរបាលបច្ចេកទេសវិទ្យាសាស្រ្ត។ រីឯបុរសម្នាក់ទៀតដឹកទៅសង្រោះបន្ទាន់នៅមន្ទីរពេទ្យ នេះបើយោងតាមការរៀបរាប់បញ្ជាក់ពីកម្មករទូកនេសាទដូចគ្នា៕

ភ្នំពេញ​៖​គ្រោះថ្នាក់ចរាចរដោយម៉ូតូ២គ្រឿងបានបុកគ្នាដួល ត្រូវរថយន្តកុងតឺន័របើកមកពីក្រោយកិនបុរសម្នាក់អូស ជាច្រើនម៉ែត្របណ្តាលឱ្យស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងនៅមុខបុរីសែនមនោរម្យ​ ក្នុងភូមិអូដឹម​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ កាលពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ មន្ត្រីនគរបាលបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ប៉ែន​ ពិសិដ្ឋ​ អាយុ២៨ឆ្នាំ ​ជាកម្មកររោងចក្រ ​មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។ មុនកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាកស្គូបពី ផ្លាកលេខភ្នំពេញ1JZ- 8580 ចេញពីរោងចក្រឆ្លងផ្លូវក៏បានបុកគ្នា ជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកស្គូពី ផ្លាកលេខភ្នំពេញJM -6992 បណ្តាលឱ្យដួល។ ភ្លាមនោះស្រាប់តែ រថយន្តកុងតឺន័ររបស់ក្រុមហ៊ុន​ L M H ផ្លាកលេខភ្នំពេញ3B-4090 បើកមកពីក្រោយកិនបុរសម្នាក់អូសជាច្រើនម៉ែត្រ បណ្តាលឱ្យស្លាប់ភ្លាម ចំណែកភាគីម្ខាងទៀតរងរបួសធ្ងន់។បន្ទាប់មកតៃកុងរថយន្តកុងតឺន័របានចុះរត់គេចខ្លួនបាត់។ ក្រោយពីកើតហេតុ សមត្ថកិច្ចចរាចរណ៍បានយករថយន្តនិងម៉ូតូទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖ គង់ហេង កំពង់ចាម៖ យ៉ាងហោចណាស់មនុស្សក្មេង ចាស់ ប្រុស ស្រី ចំនួន ប្រាំបី នាក់បានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍បាក់រលំផ្ទះសង្កត់លើ ដោយខ្យល់កន្រ្តាក់នៅ ភូមិទ្រាស ឃុំខ្នារស ស្រុកស្រីសន្ធរ កាលពីល្ងាចថ្ងៃទី ២៤ ឧសភា ២០២៣។ លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ ដែលបានដឹកនាំអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្រីសន្ធរចុះពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋដល់ទីតាំងរងគ្រោះ នៅក្រោយកើតហេតុបានឱ្យដឹងថា ខ្យល់កន្រ្តាក់បានបណ្តាលឲ្យរលំផ្ទះរបស់ប្រជាពលរដ្ឋចំនួន ប្រាំ ខ្នងបាក់រលំរាបដល់ដី និងសង្កត់លើសមាជិកក្រុមគ្រួសាររងរបួសចំនួន ប្រាំបី នាក់ត្រូវបានបញ្ជួនទៅសង្រ្គោះឯមន្ទីរពេទ្យ។ លោកអភិបាលស្រុកស្រីសន្ធរបានបន្តថា ក្នុងនោះក្រៅពីរលំផ្ទះចំនួន ប្រាំ ខ្នងបាក់រាបដល់ដី មានផ្ទះប្រជាពលរដ្ឋចំនួន ពីរ របើកដំបូលប្រក់ស័ង្កសី និងរបើកដំបូលផ្ទះក្បឿងចំនួន ៥៦ ខ្នងបន្ថែមទៀត៕

ដោយ៖ ព្រះអង្គខ្មៅ បាត់ដំបង៖ កម្លាំងនគរបាលខេត្តបាត់ដំបងកាលពីថ្ងៃទី២៣ ឧសភា បានឃាត់ខ្លួនជនជាតិចិន២នាក់ដែលកោរត្រងោលក្លែងខ្លួនធ្វើជាសង្ឃដើរលក់អង្កាំនិងចូលផ្ទះអ្នកស្រុកគ្មានការអនុញ្ញាត។ មន្ត្រីនែស្នងការដ្ឋាននគរបាលខេត្តបា​ត់​ដំបង​បានឲ្យដឹងថា កន្លងមកមានប្រជាពលរដ្ឋមួយចំនួនបានប្តឹងថា មានព្រះសង្ឃចិន២នាក់ដើរលក់អង្កាំហើយចូលទៅក្នុងផ្ទះពេលដែលម្ចាស់ផ្ទះមិនអនុញ្ញាតបង្កឲ្យមានការភ័យខ្លាច។ ក្រោយមកសមត្ថកិច្ចក៏បានចុះទៅនាំខ្លួន ព្រះសង្ឃទាំង ២នាក់ខាងលើនោះដែលកំពុងស្នាក់នៅក្នុងផ្ទះសំណាក់បាយន័ ស្ថិតនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដើម្បីយកមកសាកសួរ។ បុរសទាំង ២នាក់មានឈ្មោះ YAN FENGLONG ភេទប្រុស អាយុ ៦២ ឆ្នាំ ជនជាតិចិន និងម្នាក់ទៀតឈ្មោះ LI  RONGCHANG ភេទប្រុស អាយុ ៦១ឆ្នាំ ជនជាតិចិនដូចគ្នា។ សមត្ថកិច្ចបានន្ថែមថា ជនជាតិចិនដែលក្លែងបន្លំជាសង្ឃដើរលក់អង្កាំខុសច្បាប់នេះគឺជាមុខសញ្ញាចាស់ដែលនគរបាលធ្លាប់ឃាត់ខ្លួនម្តងរួចមកហើយលើករណីដូចគ្នានៅក្នុងខេត្តកំពង់ស្ពឺ កាលពីចុង​ឆ្នាំ ២០១៨​។ ចំពោះមុខនេះបុគ្គលទាំង ២នាក់នឹង ត្រូវនគរបាលជំនាញរៀបចំបែបបទបញ្ជូនបន្តទៅកាន់អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីអនុវត្តតាមនីតិវិធី​៕  

ដោយ៖រតនា ព្រះសីហនុ៖រថយន្តម៉ាកRang Rover មួយគ្រឿងឆេះឡើងហ្មត់នៅសល់តែគ្រោងឆ្អឹង ស្ថិតក្នុងចំណុច ក្រុម ០១  ភូមិ  ៦ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ កាលពីម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ឧសភា ។ លោកវីរសេនីយ៍ឯកអុក ពិសិដ្ឋមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុបានឲ្យដឹងថា រថយន្ត Rang Rover ដែលឆេះ នោះពាក់ផ្លាកលេខ កម្ពុជា𝐅𝐂𝐀𝐈1668 ពណ៌ស ដែលមានម្ចាស់ឈ្មោះ គឹម ភាង បានជួលរថយន្តអោយទៅ ឈ្មោះ  អាហ្វុង ជាជនជាតិ ចិន(អ្នកបើកបរ)ស្ថិតក្នុងចំណុច ក្រុម ០១  ភូមិ  ៦ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ សមត្ថកិច្ចបានឲ្យដឹងថា នៅពេលកើតហេតុកម្លាំងសមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គិភ័យចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ដែរតែមិនអាចជួយបាន។ មូលហេតុដែលនាំឲ្យឆេះនេះគឺវាបណ្តាលមកពី ឆ្លងចរន្តភ្លើងនៅក្នុងរថយន្ត៕  

ដោយ៖សុខុម រតនគិរី៖ស្នងការនគរបាលខេត្តរនគិរី បានសម្រេចផ្អាក ការងារ បណ្តោះអាសន្នចំពោះ លោកវរសេនីយ៍ត្រី​អ៊ិត សឿង អត្តលេខ៥៧០០៩ពីអធិការរងស្រុកកូនមុំ ក្រោយប្រព្រឹត្តខុស ទៅនឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ។ លោកឧត្តមសេនីយ៍ត្រីអ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរីបានឱ្យCambodia flash news ដឹងនៅថ្ងៃទី២៣ឧសភាថា ករណីលោកអធិការរងស្រុកកូនមុំម្នាក់ យើងមានចំណាត់ការហើយ បន្ទាប់ពីមានរឿងកើតឡើងលោកក៏បានរាយការណ៍ជូនថ្នាក់លើហើយដែរ។ លោកអធិការរងស្រុកម្នាក់នេះ ​ក៏ធ្លាប់ទទួលការព្រមានម្តងដែរ។ប៉ុន្តែគាត់នៅតែប្រព្រឹត្តកំហុសទីបំផុតក៏សម្រេចផ្អាកការងារគាត់តែម្តង។ សូមបញ្ជាក់ថាស្នងការរដ្ឋាននគរបាលខេត្តរតនគិរីបានចេញលិខិតបង្គាប់ការផ្អាកការងារបណ្តោះអាសន្នទៅលើលោកវរសេនីយ៍អ៊ិតសឿងជាផ្លូវការកាលពីថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៣។ការព្យួរការងារលោកអធិការរងស្រុកកូនមុំរូបនេះគឺបន្ទាប់ពីមានទាស់សម្តីគ្នាជាមួយកងកម្លាំងដូចគ្នា ក្នុងពេលចុះបង្រ្កាបបទល្មើសល្បែង ជល់មាន់មួយកន្លែង ក្នុងភូមិ​សាស្រ្តស្រុកកូនមុំកាលកន្លងមក។ អធិការរងស្រុកម្នាក់ដែលត្រូវគេដក មានជាប់ពាក់ព័ន្ធកន្លែង បើកល្បែងស៊ីសងខុសច្បាប់។ លោកវរសេនីយ៍ត្រី អ៊ិត សឿងអតីតអធិការរងស្រុកកូនមុំបាននិយាយក្នុងវីដេអូខ្លីមួយថាការលេងល្បែងជល់មាន់តិតតួចគឹកែអផ្សុកមិនមែនលេងទ្រង់ទ្រាយធំដូចកន្លែងផ្សេងទៀតនោះទេ៕