Tag: សន្តិសុខសង្កម »

ដោយ៖រតនា ភ្នំពេញ ៖ សមត្ថកិច្ចកងរាជអាវុធហត្ថបានចាប់ខ្លួនស្រ្តីជនជាតិចិនម្នាក់ហើយបានបញ្ជូនទៅតុលាការនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ពាក់ពន្ធករណី.ឆបោក ប្រាក់ប្រមាណ ១៣ ១៤០ ដុល្លារអាម៉េរិកពីជនជាតិចិនដូចគ្នាក្នុងរឿងទិញផ្កា។ ស្ត្រីដែលសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះ ZHANG WANMIN អាយុ៤៣ ឆ្នាំ មុខរបរ លក់ផ្កា ។មុនចាប់ខ្លួនស្នាក់នៅផ្ទះលេខ១៨៩ មហាវិថីព្រះមុនីវង្ស សង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ មុនប្តឹងសមត្ថកិច្ចចាប់ខ្លួនជនរងគ្រោះបានទាក់ទងតាមទូរសព្ទទៅជនសង្ស័យឈ្មោះ ZHANG WANMIN ដើម្បីកុម្មង់ឲ្យធ្វើបាច់ផ្កាយកទៅលក់ គឹតទឹកប្រាក់ប្រមាណ១៣ ១៤០ ដុល្លារអាម៉េរិកទាំងថ្លៃឈ្នួលដឹកជញ្ជូន ។ ក្រោយនិយាយត្រូវរ៉ូវគ្នាហើយ ជនរងគ្រោះបានវេរលុយគ្រប់ចំនួនតាមរយៈធនាគារចិនឈ្មោះWANG ONE ឲ្យទៅជនសង្ស័យ ដោយសន្យាយកបាច់ផ្កានៅវេលាម៉ោង១២ព្រឹកថ្ងៃទី២០ ខែឧសភា គឺរំលង១ថ្ងៃ ។ប៉ុន្តែដល់ថ្ងៃកំណត់មិនបានផ្កាដូចនិយាយគ្នាក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តងទៅ៕

ដោយ៖ ព្រះអង្គខ្មៅ បាត់ដំបង៖នគរបាលខេត្តបាត់ដំបងចុះឃាត់រថយន្តដឹកទំនិញជិត១០គ្រឿងដែលដឹកជញ្ជូនទំនិញសំពីងសំពោងគ្មានសណ្តាប់ធ្នាប់ និងខុសបច្ចេកទេសតាមច្បាប់រាចរណ៍ផ្លូវគោក។ លោកវរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា រថយន្តដែលកម្លាំងជំនាញចុះឃាត់ទាំងនោះជាប្រភេទរថយន្តដឹកទំនិញទាំងអស់ដែល ក្នុងនោះរួមមានរថយន្តម៉ាកសាំយ៉ុង និងរថយន្តម៉ាកនីសាន់។ លោកវរសេនីយ៍ឯក ចាន់ សុធី បានបន្តថា វិធានការចំពោះមុខតម្រូវឲ្យម្ចាស់យានយន្តទម្លាក់ឥវ៉ាន់ចុះរួចកែសម្រួលទ្រុងឲ្យដូចទម្រង់ដើមឡើងវិញ ព្រមជាមួយការធ្វើកិច្ចសន្យាបញ្ឃប់សកម្មភាពខុសច្បាប់បន្តទៀតរួចឲ្យវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ៕

ដោយ៖ គង់ហេង កំពង់ចាម៖ម្ចាស់ផ្ទះបានទាញកាំបិតផ្គាក់កាប់លើបុរសជាភ្ញៀវឱ្យរបួសជាច្រើនកន្លែងបណ្តាលឱ្យជនរងគ្រោះដួលស្លាប់ក្នុងថ្លុកឈាមបរិវេណផ្ទះជនសង្ស័យ នៅភូមិអូរតា ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២២ ឧសភានេះ។ ករណីនេះសមត្ថកិច្ចបានចុះចាប់ជនដៃដល់បានភ្លាមៗឈ្មោះ ឈាន់ សុផាន់ណា អាយុ ៣៨ ឆ្នាំ នៅភូមិឃុំកើតហេតុ។ ចំណែកជនរងគ្រោះដែលត្រូវម្ចាស់ផ្ទះកាប់ស្លាប់នោះឈ្មោះ ស៊ិន សុខហាក់ អាយុ ៤៥ ឆ្នាំ មុខរបររត់រ៉ឺម៉កកង់បី នៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ។ សមត្ថកិច្ចបានឱ្យដឹងទៀតថាៈ ជនរងគ្រោះដែលស្លាប់បានរងរបួសជាច្រើនកាំបិត ចំកញ្ចឹងក-ចំចិញ្ចើមខាងឆ្វេង-ចំកែងដៃទាំងសងខាង-ចំចង្កេះខាងស្តាំនិងបែករយះលលាដ៍ក្បាលបណ្តាលឱ្យស្លាប់ភា្លម។ករណីឃាតកម្មនេះ គឺជនរងគ្រោះបានទៅផឹកស្រានៅផ្ទះជនសង្ស័យ ក្រោយមកក៏ប៉ះពាក្យសម្តីគ្នាបន្តិចបន្តួច ។ជនសង្ស័យបានទាញកាំបិតផ្គាក់កាប់លើឈ្មោះ ស៊ិន សុខហាក់ រហូតស្លាប់។ករណីនេះខាងសមត្ថកិច្ចនគរបាលបានសាកសួរជនសង្ស័យ និងកសាងសំណុំរឿងដើម្បីបញ្ជូនបន្ត៕

ដោយព្រះអង្គខ្មៅ បាត់ដំបង៖ ប្រជាពលរដ្ឋភ្ជួរដីដំបូកធ្វើស្រែបានប្រទះឃើញគ្រាប់កាំភ្លើងធុនធ្ងន់ចំនួន ១០គ្រាប់ កប់នៅក្រោមដី តំបន់អតីតសមភូមិប្រយុទ្ធគ្នានៅឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបងកាលពីថ្មីៗនេះ។ ឈ្មោះគុច គីន ភេទប្រុស អាយុ ៦៣ឆ្នាំ នៅថ្ងៃកើតហេតុបានយកគ្រឿងចក្រទៅកាយដីដំបូកក្នុងស្រែមួយ កន្លែងរបស់គាត់ហើយក៏បានប្រទះឃើញគ្រាប់កាំភ្លើងជាបន្តបន្ទាប់ រួចក៏បានផ្តល់ព័ត៌មានដល់សមត្ថកិច្ចមូលដ្ឋានឲ្យចុះទៅពិនិត្យ។ សមត្ថកិច្ចបានបញ្ជាក់ថា គ្រាប់ទាំងនោះគឺជាប្រភេទគ្រាប់ កាំភ្លើង  B៤០កន្លះ ចំនួន០៤គ្រាប់, គ្រាប់កាំភ្លើង B ៤០ ចំនួន ០៤គ្រាប់ និងគ្រាប់កាំភ្លើងប្រភេទឡង់ចំនួន ០២គ្រាប់ផងដែរ៕

ដោយ៖សហការី ព្រះសីហន៖ អគ្គិភ័យបានឆេះនៅពីលើដំបូលអគារកម្ពស់ជាច្រើនជាន់នៅក្រោយសណ្ឋាគារខ្សាច់ស ក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងព្រឹកព្រលឹម។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា អគ្គិភ័យនេះគឺបានកើតឡើងនៅវេលាម៉ោងជិត៦ព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ក្នុងក្រុងព្រះសីហនុ។ លោកស្នងការ បញ្ជាក់បន្ថែមថា ក្រោយទទួលព័ត៌មានពីករណីឆេះនេះ កម្លាំងស្នងការដ្ឋាននគរបាលខេត្តសហការ ជាមួយកម្លាំងកងរាជអាវុហត្ថ កំពង់ផែនិងកងអន្តរាគមន៍ពិសេសង៧០ បានជួយអន្តរាគមន៍ពន្លត់ទៅវិញបានទាំងស្រុង នៅវេលាម៉ោងប្រមាណជាង ៧ព្រឹកក្នុងថ្ងៃដដែល។ ជុំវិញករណីនេះភ្លាមៗគេនៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេ។ ប៉ុន្តែវាបានបង្កឲ្យខូចខាតសម្ភារមួយចំនួន និងមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិត ហើយកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត ថាករណីអគ្គិភ័យនេះឆាបឆេះបណ្ដាលមកពីមូលហេតុអ្វី៕

ដោយ៖ព្រះអង្គខ្មៅ បាត់ដំបង៖ កសិករក្នុងស្រុកគាស់ក្រឡប្រទះឃើញគ្រាប់មីនតោនចំនួន ២គ្រាប់សល់ពីសម័យសង្គ្រាម ខណ:ចុះភ្ជួរដីធ្វើស្រែ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាក្រោយពីភ្ជួរដីកសិកម្មដើម្បីធ្វើស្រែរបស់កសិករបានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌសំណាងល្អមិនផ្ទុះបង្កបញ្ហាដល់បងប្អូនប្រជាពលរដ្ឋ។ ការប្រទះឃើញខាងលើនេះបានបង្កហេតុភ្ញាក់ផ្អើលនៅវេលាជិតថ្ងៃត្រង់ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ នៅត្រង់ចំណុចបឹងឈូក ក្នុងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ម្ចាស់ស្រែបន្ទាប់ពីបានប្រទះឃើញគ្រាប់មីនទាំង ២គ្រាប់ខាងលើភ្លាមៗបានរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យមើល ហើយនគរបាលផ្នែកជំនាញបានសន្និដ្ឋានថា ជាគ្រាប់មីនដែលនៅរាត់រាយពីសម័យសង្គ្រាមពីព្រោះតំបន់នេះជាសមភូមិប្រយុទ្ធដ៏តានតឹងផងដែរវាងកងកម្លាំងរដ្ឋាភិបាល និងកម្លាំងផ្តាច់ខ្លួនប្រឆាំងរដ្ឋាភិបាល។ នគរបាលបានបញ្ជាក់ទៀតថា កម្លាំងនគរបាលមូលដ្ឋានបានសាទរចំពោះកិច្ចសហការ រាយការណ៍ទាន់ពេលវេលាពេលប្រទះយុទ្ធភ័ណ្ឌនានា ចំពោះមុខកម្លាំងមូលដ្ឋានបានសហការផ្តល់ព័ត៌មានជាមួយមន្ត្រី CMAC ដើម្បីរំដោះគ្រាប់មីននេះយកទៅរក្សាទុករង់ចាំពេលវេលាកម្ទេចចោលពេលក្រោយ៕

ដោយ៖វិចិត្រ កណ្តាល៖ឥទ្ធិពលគ្រឿងញៀនបណ្តាលឱ្យបុរសម្នាក់ដាច់ចិត្តយកកាំបិតចុងស្រួចអារក បញ្ចប់ជីវិតខ្លួនឯងគួរឱ្យរន្ធត់បំផុត។ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ករណីធ្វើអត្តឃាតនេះ បានកើតឡើងក្នុងឃ្លាំងស្រាបៀរអង្គរ ស្ថិតនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែឧសភា ២០២៣។បុរសអារកសម្លាប់ខ្លួនឯងនេះឈ្មោះ ស៊ា សុជាតិ អាយុ៣១ឆ្នាំ កន្លែងកំណើតនៅភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ។ មុនកើតហេតុ រសៀលថ្ងៃទី១៨ ខែឧសភា ពួកគេមានគ្នា៧នាក់ បានទិញស្រាបៀរ១កេសមកផឹក។ក្រោយផឹកអស់២កំប៉ុង បុរសរូបនេះបានដើរទៅដេកអង្រឹងក្នុងរោងយាមរហូតដល់កណ្តាលយប់ពួកគេក៏បែកផ្លូវគ្នា។ក្រោយមកគេឃើញជនអត្តឃាតស្លាប់ផ្កាប់មុខក្នុងថ្លុកឈាម ហើយកម្លាំងជំនាញបានចុះពិនិត្យ។បន្ទាប់ពីធ្វើកោសល្យវិច័យ សាកសពមានស្នាមដាច់កំពង់ ក និងមានស្នាមអារនៅកដៃខាងឆ្វេង៣កន្លែង។ជាមួយនោះទឹកនោមមានសារធាតុញៀន ដោយគ្រូពេទ្យបានសន្និដ្ឋានថា ជនអត្តឃាតអារកសម្លាប់ខ្លួនក្រោមឥទ្ធិពលគ្រឿងញៀន៕

កំពង់ស្ពឺ៖រថយន្តទំនើបមួយគ្រឿងកំពុងតែបើកបរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុទៅដល់ក្នុងទឹកដីភូមិក្រាំងពន្លៃ ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក៏ស្រាប់តែផ្ទុះឆេះចេញជាអណ្តាតភ្លើងបង្កឲ្យមានការភ្ញាក់ផ្អើល។ សមត្ថកិច្ចខេត្តកំពង់ស្ពឺបានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ថា រថយន្តដែលឆេះនោះម៉ាកអូឌីពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AJ-8878។ វាបានឆេះនៅត្រង់គីឡូម៉ែត្រលេខ៥១ កាលពីវេលាទៀបភ្លឺចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។ អ្នកបើកបរឈ្មោះដឹប សារ៉េត ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល បានប្រាប់សមត្ថកិច្ចថា៖ គាត់បានធ្វើដំណើរពីទិសភ្នំពេញទៅក្រុងព្រះសីហនុ។នៅពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើរថយន្តរបស់គាត់ក៏ឆាបឆេះតែម្តងដោយមិនទាន់ដឹងពីមូលហេតុ។ ប៉ុន្តបើទោះជាយ៉ាងណាក៏ដោយ ករណីឆេះរថយន្តទំនើបនៅលើផ្លូវល្បឿនលឿននេះគឺគ្រាន់តែខូចខាតរថយន្តប៉ុណ្ណោះ។ ក្រៅពីនោះគឺមិនមានមនុស្សណាម្នាក់រងរបួសទេ ហើយរថយន្តដែលឆេះត្រូវបានគេស្ទូចចេញពីកន្លែងកើតហេតុ៕      

ដោយ៖វិចិត្រ ភ្នំពេញ៖សមត្ថកិច្ចបានចាប់ជនជាតិចិនម្នាក់ហើយបានបញ្ជូនទៅតុលាការ ករណីជួញដូរគ្រឿងញៀន​៤គីឡូក្រាម​និងសារធាតុគីមីផ្សំជិត១០០គីឡូ។ សមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ កម្លាំងជំនាញការិយាល័យក១០ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជូនជនសង្ស័យ រួមទាំងគ្រឿងញៀន៤គីឡូ និងសារធាតុគីមីផ្សំជិត១០០គីឡូ ទៅតុលាការរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់។ សូមរំលឹកថា ជនជាតិចិនម្នាក់ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនកាលពីថ្ងៃ១៤ ខែឧសភា ឆ្នាំ២០២៣ នៅផ្ទះលេខ៣៧ ផ្លូវលេខ២២ ភូមិតិកូបញ្ញេ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ  ពាក់ព័ន្ធនឹងករណីកែច្នៃ​និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន  និងសារធាតុគីមីផ្សំជាង១០០គីឡូក្រាម។ ជនសង្ស័យឈ្មោះ ZHOU GUOCHAO ហៅចូវ គ័រឆាវ អាយុ៦០ឆ្នាំ ជនជាតិចិន និងបានដកហូតគ្រឿងញៀន រួមទាំងសារធាតុញៀនបញ្ជូនទៅកាន់តុលាការក្រុងដើម្បីចោទប្រកាន់តាមច្បាប់។សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ សារធាតុគ្រឿងញៀនប្រភេទម៉េតំហ្វេតាមីន ICE ទម្ងន់០៤គីឡូក្រាម.៦៨៤ក្រាម-សារធាតុគីមីផ្សំ Acetone  ទម្ងន់៣គីឡូក្រាម-សារធាតុគីមីEthanol ទម្ងន់៤០គីឡូក្រាម-សារធាតុមិនច្បាស់ទម្ងន់៥៣គីឡូក្រាម ៤២៨ក្រាម-ជញ្ជីងតូចធំចំនួន៥ គ្រឿង និងឧបករណ៍សម្រាប់វេចខ្ចប់កែច្នៃគ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕

ដោយ៖សុខុម មណ្ឌលគិរី៖សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីចាក់បងប្រុសបង្កើតខ្លួនឯងបណ្តាលឱ្យស្លាប់កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នៅផ្ទះចាំចំការក្រោយ អង់តែន០១២ស្ថិតក្នុងភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ សមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះឈ្មោះជា សុផល ភេទប្រុសអាយុ៣៥ឆ្នាំជនជាតិខ្មែរ ស្រុកកំណើតភូមិអូរឬស្សីសង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ បច្ចុប្បន្ន ស្នាក់នៅបណ្ដោះអាសន្នភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ចំណែក ជនសង្ស័យឈ្មោះ ឌឿក សុធា ភេទប្រុស អាយុ៣១ឆ្នាំជនជាតិខ្មែរ មានស្រុកកំណើតជាមួយគ្នាបច្ចុប្បន្នស្នាក់នៅ ភូមិ ឃុំ កើតហេតុហើយត្រូវជាប្អូនបង្កើត។ សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍នេះគឺផ្តើមចេញពីផឹកស៊ីមានទំនាស់ពាក្យសម្តី។ខណៈពេលកំពុងប្រកែកគ្នាជនសង្ស័យដែលជាប្អូនប្រុស បានយកកាំបិតចុងស្រួចចិតបន្លែចាក់ចំក ខាងមុខផ្នែកខាងឆ្វេង ទំហំទទឹង២សង់ទិម៉ែត្របណ្តោយ៤,៥សង់ទិម៉ែត្រជម្រៅ៧,៥សង់ទិម៉ែត្របណ្តាលអោយស្លាប់ភ្លាមៗ ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យហើយនៅថ្ងៃទី១៨ឧសភា នេះមន្រ្តីផ្នែកជំនាញស្រុកកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕

ដោយ៖រតនា ព្រះសីហនុ៖រថយន្តម៉ាក Range Roverស៊េរីឆ្នាំ 2015មួយគ្រឿងបានឆេះនៅពេលបើកបរតាមផ្លូវអូរ 5 ឆ្ពោះទៅអូរឈើទាល ត្រង់ផ្លូវបំបែកជាបីទៅអូត្រេះស្ថិតនៅក្នុងក្រុម១ ភូមិ 6 សង្កាត់លេខ 4 ក្រុងព្រះសីហនុ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែឧសភា ២០២៣ ដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់។ ប៉ុន្តែករណីឆេះរថយន្តទំនើបកំពុងបើកបរម៉ាក Range Roverស៊េរីឆ្នាំ 2015ពាក់ផ្លាកលេខភ្នំពេញ 2BB-3787នេះត្រូវបានសមត្ថកិច្ចនគរបាលនិងអាវុធហត្ថចុះអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ភ្លើងតែមិនមានបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ៕  

ដោយ៖រតនា ព្រះសីហនុ៖ រថយន្តកុងទឺន័រដឹកទំនិញមួយគ្រឿង កំពុងតែបើកបរតាមដងផ្លួវពេលមេឃកំពុងភ្លៀងរលឹមចេញពីទិសក្រុងព្រះសីហនុឆ្ពោះទៅទិសស្ទឹងហាវ។ ប៉ុន្តែពេលជួបឧបសគ្គគេចម៉ូតូមួយគ្រឿងក៍រេចង្កូតពីផ្លូវជ្រុលទៅបុកចូលផ្ទះសំណាក់ពេញទំហឹងបង្កឲ្យអ្នកនៅក្នុងផ្ទះសំណាក់នោះភ័យលស់ព្រលឹង។ ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះបានកើតឡើងនៅវេលាម៉ោងជិត១១ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅលើផ្លូវទំនប់រលក ម្តុំភូមិរំដួលជើងភ្នំ សង្កាត់១ ក្រុងព្រះសីហនុ។ ចំពោះរថយន្តកុងតឺន័រដែលបើកបុកផ្ទះសំណាក់នោះ បានរងការខូចខាតនៅផ្នែកខាងមុខយ៉ាងដំណំ។ប៉ុន្តែក្នុងហេតុការណ៍នេះដូចជាសំណាងល្អគឺមិនមានមនុស្សណាម្នាក់រងរបួសនោះទេ៕      

​ដោយ៖វិចិត្រ ភ្នំពេញ៖បុរសម្នាក់បើករថយន្តទំនើបម៉ាកFord Ranger  ស្ថិតក្នុងស្ថានភាពស្រវឹង បានបុកក្មេងជិះកង់កំពុងឈប់ចាំ មិត្តភក្ដិពេញទំហឹង បណ្ដាលឱ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។គ្រោះថ្នាក់ចរាចរនេះកើតឡើងនៅតាមផ្លូវលេខ២១៧ ក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ កាលពីយប់ថ្ងៃទី១៦ ខែឧសភា​។ កម្លាំងប្រចាំគោលដៅបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះបាត់បង់ជីវិតឈ្មោះឃាង ភីទិ អាយុ ១០ឆ្នាំ នៅបន្ទប់ជួល ជាមួយម្តាយ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។ មុនកើតហេតុ​ គេឃើញក្មេងប្រុសរងគ្រោះបានជិះកង់តាមផ្លូវ២១៧ពីលិចទៅកើត។មកដល់កន្លែងខាងលើក៏ឈប់កង់ ក្បែរផ្លូវរង់ចាំមិត្តភក្កិ។ពេលនោះក៏មានរថយន្តម៉ាក​ Ford Ranger ផ្លាកលេខ ភ្នំពេញ 2BI-7943 អ្នកបើកបរស្ថិតក្នុងស្ថានភាព ស្រវឹង​បានបុកកង់ពេញទំហឹង​ បណ្តាលឱ្យក្មេងប៉ើងធ្លាក់បោកក្បាលស្លាប់ពេលដឹកដល់មន្ទីរពេទ្យ។ក្រោយកើតហេតុ តៃកុងរថយន្តបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួននិងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ដើម្បីសាកសួរនិងចាត់ការបន្ត ពេលក្រោយ៕  

​ភ្នំពេញ​៖ស្រ្តី២នាក់បង្កអំពើហិង្សាដាក់គ្នា បណ្ដាលឱ្យស្ត្រីភាគីម្ខាងបានស្លាប់។ហេតុការណ៍នេះបានកើតឡើង​នៅត្រង់ដីឡូតិ៍មួយក្នុងភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីថ្ងៃទី១៦ ខែឧសភា។ ​សមត្ថកិច្ចបានឱ្យដឹងថា​ ស្ត្រីសង្ស័យឈ្មោះ ឈឹម ថាវី អាយុ៥៣ឆ្នាំ មានសតិមិនប្រក្រតី ស្នាក់នៅខ្ទមកន្លែងកើតហេតុត្រូវសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។ចំណែកស្ត្រីដែលស្លាប់មិនទាន់ស្គាល់អត្តសញ្ញាណអាយុប្រហែល៥០ឆ្នាំ។ ប្រភពដដែលបានបន្តថា មុនកើតហេតុ គេឃើញស្ត្រីទាំង២នាក់បណ្ដើរគ្នាតាមផ្លូវម្ដុំវត្តឫស្សីសាញ់ដើររើសអេតចាយ។ក្រោយមកស្ត្រីដៃដល់បានចាប់ទាញដៃវាយតប់ស្ត្រីរងគ្រោះរហូតដល់កន្លែងស្នាក់នៅ ហើយបន្តសកម្មភាពវាយទៅលើស្ត្រីរងគ្រោះឱ្យដួលលើដីរហូតដល់ស្លាប់តែម្តង។ វត្ថុតាងប្រមូលបានមានដូចជា៖ ដុំថ្ម៤ដុំ-ដំបងឫស្សី១ដើមប្រឡាក់ឈាម-ក្តារកំណល់១-ឆ្នាំងដែក២ប្រឡាក់ឈាម។ សមត្ថកិច្ចជំនាញបានពិនិត្យលើសាកសពឃើញមានស្នាមជាំដាច់រយះនៅថ្ងាសខាងស្តាំ-ស្នាមជាំហើមពោរទក់សាច់នៅក្បាលខាងក្រោយ-ជាំកោសឆ្កូតនៅដើមទ្រូងខាងស្តាំ-ជាំកោសឆ្កូតនៅកញ្ចឹងក-ជាំកោសឆ្កូតនៅស្មាខាងស្តាំនិងខ្នង។ តាមការបញ្ជាក់ពីគ្រូពេទ្យកោសល្យវិច័យបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារប៉ះទង្គិចក្បាលធ្ងន់ធ្ងរ។បច្ចុប្បន្នសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រៃសកំពុងបន្តនីតិវិធី៕ដោយ៖វិចិត្រ  

មណ្ឌលគិរី៖ករណីចៅសង្កាត់រងម្នាក់ដែលទាញកែវស្រាគប់លើដៃគូរួមតុបណ្ដាលឱ្យរងរបួសធ្ងន់នោះ ត្រូវនគរបាលបានកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី១៧ ខែឧសភានេះ។ លោក សូ សុវណ្ណ ស្នងការរងនគរបាលខេត្តមណ្ឌលគិរីបានប្រាប់អ្នកសារព័ត៌មានឱ្យដឹងនៅរសៀលទី១៦ ខែឧសភា ឆ្នាំ២០២៣ថា ករណីឈ្មោះ ហួរ ណារិន ចៅសង្កាត់រងសង្កាត់រមនាក្រុងសែនមនោរម្យ ទាញកែវស្រាគប់លើគូទំនាស់ឱ្យរងរបួសធ្ងន់នោះ ត្រូវផ្នែកជំនាញបានរៀបចំសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី១៧ ខែឧសភានេះ។ លោកស្នងការរងបានបន្តថា ប៉ុន្តែសមត្ថកិច្ចរបស់លោកមិនទាន់បានឃាត់ខ្លួនជនសង្ស័យនៅឡើយទេ ខណៈសំណុំរឿងនឹងបញ្ជូនទៅតុលាការ។ក្នុងនោះលោកស្នងការរងក៏មិនទាន់បានបញ្ជាក់ពីមូលហេតុការមិនទាន់ចាប់ខ្លួនជនសង្ស័យនោះនៅឡើយដែរ។ គួររំលឹកថា ករណីហិង្សានេះបានកើតឡើងភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីយប់ថ្ងៃទី១៣ ខែឧសភាកន្លងទៅ។ជនសង្ស័យឈ្មោះ ហួរ ណារិន អាយុ៤៣ឆ្នាំ ជនជាតិដើមភាគតិចព្នងជាចៅសង្កាត់រង នៅភូមិពូត្រុំ សង្កាត់រមនា។ រីឯជនរងគ្រោះឈ្មោះ ជ្រាង ណើប អាយុ៦៣ឆ្នាំ ជនជាតិព្នង មន្ត្រីចូលនិវត្តន៍រងរបួសធ្ងន់។ មុនកើតហេតុ មានកម្មវិធីផឹកស៊ីមួយដោយមានជនសង្ស័យនិងជនរងគ្រោះបានចូលរួមផឹកស៊ី។លុះស្រវឹងរៀងខ្លួនក៏កើតជាទំនាស់ពាក្យសម្ដីគ្នា។ភ្លាមនោះស្រាប់តែចៅសង្កាត់រងបានទាញកែវស្រា គប់ទៅលើអ្នករួមតុធ្វើឱ្យរយះក្បាលហូរឈាមស្រោចពេញខ្លួន។ក្រោយកើតហេតុជនសង្ស័យមិនត្រូវបានឃាត់ខ្លួនទេ។តែសមត្ថកិច្ចក្រុងសែនមនោរម្យ បានត្រឹមកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធីតែប៉ុណ្ណោះ៕ដោយ៖វិចិត្រ

ដោយ៖សុខុម ក្រចេះ ៖ជនជាតិខ្មែរអ៊ិស្លាមម្នាក់ត្រូវបានគេប្រទះឃើញស្លាប់យ៉ាងអអាថ៌កំបាំងនៅក្នុងបន្ទប់ផ្ទះសំណាក់ផែលើ ស្ថិតក្នុងភូមិផ្សារវែង សង្កាត់ក្រចេះ ក្រុងក្រចេះ កាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០២៣ ។ សមត្ថកិច្ចដែលចុះស៊ើបអង្កេតដល់កន្លែងកើតហេតុបានឲ្យដឹងថា អ្នកស្លាប់ឈ្មោះអេះ អារី អាយុ៤២ឆ្នាំ ជាជនជាតិខ្មែរអ៊ិស្លាមមានទីលំនៅភូមិកំបុត ឃុំអង្គរបុរី ស្រុកអង្គរបុរីខេត្តតាកែវ។ ឈ្មោះម៉ាត់ ហ៊ីម ត្រូវជាបងថ្លៃជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង៥ល្ងាចថ្ងៃទី១៥ ខែឧសភារូបគេនិងឈ្មោះអេះ អារី ដែលជាអ្នស្លាប់ បានទៅសម្រាកនៅផ្ទះសំណាក់ផែលើជាន់ទី០២ បន្ទប់លេខ២០៧ហើយអ្នកស្លាប់នៅបន្ទប់ក្បែរគ្នានោះដែរ។ ម៉ាត់ហ៊ីមបានបន្តថា លុះព្រឹកឡើងនៅថ្ងៃទី១៦  វេលាម៉ោង៦និង៣០នាទី ខ្លួនបានហៅ ឈ្មោះ អេះ អារី ទៅលក់មងដូចរាល់ដង តែមិនឮឆ្លើយ ក៏បានផ្អើលឆោឡោ រកសោចាក់ចូល ទើបប្រទះឃើញស្លាប់នៅលើគ្រែតែម្តង។ ភ្លាមៗនោះម្ចាស់ផ្ទះសំណាក់ក៏បានរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះពិនិត្យរកអំពីមូលហេតុនៃការស្លាប់របស់បុរសខ្មែរអ៊ីស្លាមនេះ។ ក្រោយពិនិត្យសពសមត្ថកិច្ចនិងគ្រូពេទ្យញ្ជាក់ថាៈឈ្មោះ អេះ អារី  អាចស្លាប់ដោយសារខ្យល់គរគាំងបេះដូង ។  សមត្ថកិច្ចក៏បានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯខេត្តតាកែវ៕

ដោយ៖សុខុម ស្ទឹងត្រែង៖បុរសម្នាក់ដែលជាបុគ្គលិកអគ្គិសនីត្រូវខ្សែភ្លើងឆក់ពេលកំពុងតបណ្តាញនៅលើបង្គោលមួយដែលមានកម្ពស់ប្រហែល១០ម៉ែត្រ កាលពីរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នៅចំណុចទួលអូររៃភូមិវាលដេញឃុំអន្លង់ជ្រៃស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ លោក អេង ភត្រានាយប៉ុស្តិ៍នគរបាលឃុំអន្លង់ជ្រៃបានបញ្ជាក់ថាជនរងគ្រោះខាងលើឈ្មោះ ហួ យ៉ាអាយុប្រហែល២៥ឆ្នាំជាបុគ្គលិកអគ្គិសនីស្ទឹងត្រែង។ នៅមុនពេលកើតហេតុបុគ្គលិករូបនេះបានឡើងតបណ្តាញអគ្គិសនី បង្គោលលេខP234-204រនៅលើផ្លូវជាតិលេខ៩ក្បែរផ្ទះប្រជាពលរដ្ឋភ្លាមនោះក៏ស្រាប់តែឆក់តែម្តង។ ពេលឃើញជនរងគ្រោះត្រូវភ្លើងឆក់បុគ្គលិកដូចគ្នា ឡើងទៅលើបង្គោលភ្លើង ជួយដាក់មកដី​សង្រ្គោះបឋមដឹកមកមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងប៉ុន្តែជាអកុសលបែរជាបាត់បង់ជីវិតទៅហើយ៕

បន្ទាយ​មាន​ជ័​យ៖បុរសម្នាក់បានដើរក្នុងព្រៃរកបេះស្លឹកព្រេច​ ក៏ជាន់ចំគ្រាប់មីនប្រឆាំងមនុស្សបន្សល់ពីសម័យសង្គ្រាម បណ្តាលឱ្យផ្ទុះរបួសពេញខ្លួននិងដាច់ជើងម្ខាង។ អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ​ មាន​បុរសម្នាក់បានដើរក្នុងព្រៃដើម្បីរកបេះស្លឹកព្រេច។ពេលនោះជនរងគ្រោះ​បានជួបគ្រោះថ្នាក់ ដោយជាន់ចំគ្រាប់មីនបន្សល់ពីសម័យសង្គ្រាម បណ្តាលឱ្យផ្ទុះរបួសពេញខ្លួននិងដាច់ជើងម្ខាង។ ហេតុការណ៍នេះបានកើតឡើងនៅម្តុំព្រៃអតីតចម្ការមីន ខាងមុខទំនប់ក៥ ភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា។ មន្ត្រីដដែលបានបន្តថា ជនរងគ្រោះ​ឈ្មោះ លី លាក់ អាយុ ៣៥​ឆ្នាំ នៅ​ភូមិ​ឃុំ​ខាងលើ​។មុន​កើតហេតុ បុរសរូបនោះ​បាន​ចូល​ដើរក្នុងព្រៃរក​បេះ​ត្រួយ​ព្រេចនិង​បរបាញ់​សត្វ ក៏​ជាន់ចំគ្រាប់មីន​ប្រឆាំង​មនុស្សបណ្តាលឱ្យផ្ទុះ​​ដាច់​ជើងឆ្វេងនិង​របួស​ពេញខ្លួន។ ​ក្រោយមាន​គ្រោះថ្នាក់ធ្ងន់ធ្ងរត្រូវបាន​ក្រុមគ្រួសារ​និង​កម្លាំងសមត្ថកិច្ចបាន​ជួយ​ដឹក​តាម​រថយន្ត​ ទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនស្រុកមង្គលបូរីដើម្បីសង្គ្រោះ​បន្ទាន់៕ដោយ៖វិចិត្រ​

ដោយ៖សុខុម រតនគិរី៖ មន្ត្រីបរិស្ថានខេត្តរតនគិរី សហការជាមួយ មន្ត្រីជំនាញពាក់ព័ន្ធ បានចុះបង្ក្រាបបទល្មើសលក់ដូរសាច់សត្វព្រៃ ខុសច្បាប់នៅផ្សារបានលុង ដោយរឹបអូសបានសាច់សត្វព្រៃ និង សំណាកសត្វព្រៃ សរុបចំនួន ១៧ គីឡូក្រាមកាលពីថ្ងៃទី១៥ខែឧសភាឆ្នាំ២០២៣។ មន្រ្តីចុះប្រតិបត្តិការបង្រ្កាបបានឱ្យដឹងថា សាច់សត្វនិងសំណាកសត្វព្រៃទាំង ១៧ គីឡូក្រាម ដែលមន្ត្រីជំនាញ អនុវត្តច្បាប់រឹបអូសបានទាំងនោះគឺ រួមមាន ៖ ១. សាច់ជ្រូកព្រៃ ស្រស់ ចំនួន ៦,៥ គីឡូក្រាម, ២.សត្វត្រកួតងាប់ ចំនួន ៣ ក្បាល ស្មើនឹង ៥,៥ គីឡូក្រាម និង ៣.សាច់ងៀតប្រើស ចំនួន ៥ គីឡូក្រាម។ ការបង្រ្កាបខាងលើនេះគឹក្រោយពីក្រសួងបរិស្ថាន បានផ្តួចផ្តើម និងដឹកនាំ យុទ្ធនាការអន្ទាក់សូន្យ នៅតាមបណ្តាខេត្តមួយចំនួន ដែលមានតំបន់ការពារ ធម្មជាតិ ដើម្បីផ្តល់សុវត្ថិភាព ដល់សត្វព្រៃ និងជីវចម្រុះផ្សេងៗទៀត ឱ្យផ្លាស់ប្តូរ ឥរិយាបថបុគ្គលនិយមទទួលទានសាច់សត្វព្រៃ ឲ្យបញ្ឈប់ការបរិភោគ សាច់សត្វព្រៃ និងកុំឱ្យពួកគាត់ជឿថា សាច់សត្វព្រៃជាថ្នាំប៉ូវសុខភាពហើយងាកមកចូលរួមថែរក្សាអភិរក្សសត្វព្រៃឱ្យបានគង់វង្សវិញ។ […]

ដោយ៖សហការី ព្រះសីហនុ៖បុរសជនជាតិចិន ជាបុគ្គលិកកាស៊ីណូឆាំងឆឹងម្នាក់បានធ្លាក់ពីលើអគារបុគ្គលិកជាន់ទី១២កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅម្ដុំចម្ការស្ពៃ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បណ្តាលឲ្យស្លាប់យ៉ាងអាថ៌កំបាំងបំផុត។ ក្រោយពីកើតហេតុភ្លាមៗកម្លាំងសមត្ថកិច្ចស្ទើរតែគ្រប់ស្ថាប័នបានចុះទៅពិនិត្យដល់កន្លែងកើតហេតុ។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សមួយចំនួនមានប្រុស,មានស្រី ដែលអាចជាអ្នកជាប់ពាក់ព័ន្ធយកទៅសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ ប៉ុន្តែនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ សមត្ថកិច្ចនៅមិនទាន់បានប្រកាសព័ត៌មានពីអត្តសញ្ញាណ និងពីមូលហេតុ ជុំវិញករណីជនជាតិចិនដែលស្លាប់ដោយធ្លាក់ពីលើអគារបុគ្គលិករបស់កាស៊ីណូឆាំងឆឺងនេះនៅឡើយទេ។ បើយោងតាមប្រភពព័ត៌មាននៅកន្លែងនោះបានឱ្យដឹងថា គិតត្រឹមរយៈពេលដើមខែឧសភា ឆ្នាំ២០២៣នេះ បុគ្គលិកកាស៊ីណូឆាំងឆឹងមានចំនួនពីរនាក់ហើយដែលបានធ្លាក់ពីលើអគារស្លាប់ដោយពុំទាន់ដឹងពីមូលហេតុច្បាស់លាស់៕