ដោយ៖ លនស្រស់

ភ្នំពេញ៖ ភ្ញៀវទេសចរនឹងមានចំណុចទស្សនាថ្មីមួយទៀតនៅតំបន់បេងមាលា ខេត្តសៀមរាប បន្ទាប់ពីអាជ្ញាធរជាតិអប្សរាប្រកាសរៀបចំបើកទេសភាពទស្សនាទៅទកាន់ “ ព្រះង្គផ្ទី “ ដែលស្ថិតនៅចំកណ្តាលបារាយណ៍បេងមាលា ។ ការរៀបចំនេះមានគោលបំណងលើកតម្លៃបេតិកភណ្ឌវប្បធម៌ និងបង្កើនភាព សម្បូរបែបនៃបទពិសោធន៍ទស្សនារបស់ភ្ញៀវទេសចរនៅខេត្តសៀមរាប ។

ស្ថិតនៅចំកណ្តាលបារាយណ៍បេងមាលា «ព្រះអង្គផ្ទី» ធ្លាប់បាក់រលំស្ទើរទាំងស្រុង ដោយនៅសល់ត្រឹមដុំថ្មរាយប៉ាយ មុនពេលត្រូវបានអ្នកជំនាញអាជ្ញាធរជាតិអប្សរាជួសជុល និងរៀបចំឡើងវិញនៅឆ្នាំ២០២១។ ក្រោយការងារអភិរក្ស និងជួសជុលត្រូវបានបញ្ចប់ អាជ្ញាធរអប្សរាកំពុងរៀបចំបើកទេសភាព និងផ្លូវទស្សនាថ្មី ដើម្បីសម្រួលដល់ការចូលទៅកាន់សំណង់បុរាណមួយនេះ។

ផ្លូវទស្សនាថ្មីនេះនឹងចាប់ពីកំពង់ទឹកខាងលិចបារាយណ៍បេងមាលា ឆ្ពោះទៅកាន់ «ព្រះអង្គផ្ទី» មានប្រវែង ៧៥០ម៉ែត្រ និងទទឹង ១០ម៉ែត្រ។ តាមរយៈការរៀបចំនេះ ភ្ញៀវទេសចរនឹងមានឱកាសធ្វើដំណើរចូលទៅកាន់តំបន់កណ្តាលបារាយណ៍ និងស្វែងយល់កាន់តែជិតស្និទ្ធពីសំណង់បុរាណដែលស្ថិតនៅទីនោះ។

គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរាមិនទាន់បានបញ្ជាក់កាលបរិច្ឆេទជាក់លាក់ថា ពេលណានឹងបើកឱ្យភ្ញៀវទេសចរចូលទស្សនា «ព្រះអង្គផ្ទី» ជាផ្លូវការនៅឡើយទេ។ អាជ្ញាធរបានបញ្ជាក់ត្រឹមថា នឹងចាប់ផ្តើមកាត់ដកហូតដើមឈើមួយចំនួន ដើម្បីរៀបចំបើកទេសភាព និងផ្លូវទស្សនាចាប់ពីកំពង់ទឹកខាងលិចបារាយណ៍បេងមាលា ឆ្ពោះទៅកាន់ «ព្រះអង្គផ្ទី» ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងតទៅ។
ការរៀបចំទេសភាព និងផ្លូវទស្សនាថ្មីនេះ ត្រូវបានអាជ្ញាធរជាតិអប្សរាចាត់ទុកថា ជាផ្នែកមួយនៃការចូលរួមលើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ និងលើកស្ទួយវិស័យទេសចរណ៍នៅខេត្តសៀមរាប ឱ្យកាន់តែល្អប្រសើរ និងមានភាពសម្បូរបែបបន្ថែមទៀត៕
អត្ថបទនិងរូបភាព ៖ អាជ្ញាធរជាតិអប្សរា


