ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង÷ នៅថ្ងៃនេះទឹកស្ទឹង និងអូរនានាក្នុងភូមិសាស្ត្រស្រុកសំឡូត ទឹកជំនន់ហក់ឡើងខ្ពស់ អាជ្ញាធរអំពាវនាវឲ្យពលរដ្ឋមានការប្រុងប្រយ័ត្ន។

នៅព្រលប់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៦ នេះរដ្ឋបាលស្រុកសំឡូតបានចេញសេចក្តីជូនដំណឹងមួយឲ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសពលរដ្ឋដែលរស់នៅតាមប្របមាត់ស្ទឹង ដងអូរនានាទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ពីស្ថានភាពទឹកជំនន់។

រដ្ឋបាលស្រុកសំឡូតបន្តថា÷ ដោយសារទឺកភ្លៀងនៅតែបន្ដធ្លាក់ឥតឈប់ បានធ្វើឱ្យទឹកហូរចាក់ចូលទីទំនាបតាមបណ្តាស្ទឹង និងអូរ ប្រឡាយមួយចំនួន ទឹកបានចាប់ផ្តើមហក់ឡើងខ្លាំងគិតត្រឹមថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៦នេះ។

តាមសេចក្តីជូនដំណឹងនេះ សូមពុកម៉ែ អ៊ុំ ពូមីង បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹង អូរ ប្រឡាយ សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសសុវត្ថិភាពមនុស្សចាស់ កុមារ ទ្រព្យសម្បត្តិ ព្រមទាំងសម្ភារកសិកម្មផ្សេងៗទៀតចៀសវាងការបាត់បង់ និងខូចខាត៕


