សន្ដិសុខសង្គម

ឃាត់រថយន្តកែច្នៃស៊ីម៉ាំងបំពងសំឡេងខ្លាំងច្រើនគ្រឿងរំខានដល់ប្រជាពលរដ្ឋ

ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង÷ សមត្ថកិច្ចជំនាញចុះឃាត់រថយន្តដឹកដីកែច្នៃស៊ីម៉ាំងបំពងសំឡេងលាន់ខ្លាំងៗជាច្រើនគ្រឿងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋតាមដងផ្លូវក្នុងស្រុកឯកភ្នំ។

នគរបាលការិយាល័យជំនាញនៃស្នងការខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា÷ ដោយមានសំណូមពរពីប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវថ្នល់នៅក្នុងមូលដ្ឋានស្រុកឯកភ្នំ នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៦នេះ នគរបាលស្រុកឯកភ្នំ ដឹកនាំដោយលោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរបាល បានចាត់កម្លាំងផ្នែកជំនាញចុះស្រាវជ្រាវនិងចាត់វិធានការជាបន្ទាន់លើរថយន្តដែលធ្វើឲ្យប៉ះពាល់ រំខានដល់បងប្អូនប្រជាពលរដ្ឋដោយបានកែច្នៃបំពង់ស៊ីម៉ាំងរថយន្តរំពងសំឡេងខ្លាំង និងបានដឹកជញ្ជូនដីបើកបរលឿន គ្មានសណ្តាប់ធ្នាប់នាំឲ្យហុយដី ប្រជាពលរដ្ឋពិបាកដកដង្ហើម ប៉ះពាល់ដល់សុខភាព ក៏ដូចជាបរិស្ថានយ៉ាងធ្ងន់ធ្ងរ។

ក្រោយការចាត់វិធានការ លោកអធិការនគរបាល បាននាំទាំងអ្នកបើកបរ រួមទាំងរថយន្តមកពិនិត្យបង្ហាញថាក្រុមរថយន្តទាំងអស់ខាងលើបានកែច្នៃស៊ីម៉ាំងបន្លឺសំឡេងខ្លាំងខុសពីធម្មតា។ ចំពោះមុខកម្លាំងនគរបាលបានអប់រំណែនាំ រួចតម្រូវឲ្យឱ្យដោះស៊ីម៉ាំងកែច្នៃដែលលាន់ឮសំឡេងខ្លាំងចេញ ចៀសវាងរំខានដល់ប្រជាពលរដ្ឋបន្តទៀត។

ប្រភពដដែលបន្តថា÷ មុខសញ្ញារថយន្តបង្កទាំងអស់នេះកម្លាំងអធិការនគរបាលធ្លាប់បានកោះហៅមកអប់រំណែនាំម្តងរួចមកហើយ ប៉ុន្តែនៅតែមិនអនុវត្តតាមការណែនាំ បើក្នុងករណីមានលើកទី ៣ទៀត សមត្ថកិច្ចយើងនឹងចាត់វិធានការតាមច្បាប់លើម្ចាស់រថយន្តដោយមិនលើកលែងឡើយ៕