ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ អមដំណើរដោយគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យិវជននិងកីឡា កាលពីថ្ងៃទី២៥ខែសីហា ឆ្នាំ២០២៦ បានទស្សនកិច្ចពិនិត្យវឌ្ឍនភាពកម្មវិធីផ្តល់អាហារតាមសាលារៀន និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បុគ្គលិកអប់រំ និងរដ្ឋបាលស្រុកចំនួន ៣ (ស្វាយចេក អូរជ្រៅ និងថ្មពួក) ក្នុងខេត្តបន្ទាយមានជ័យ។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ , កម្មវិធីស្បៀងអាហារពិភពលោក (World Food Programme) និងអង្គការ Action Education លោកគ្រូ អ្នកគ្រូ គណៈកម្មការគ្រប់គ្រងកម្មវិធីអាហារពេលព្រឹក ចុងភៅ អ្នកផ្គត់ផ្គង់ និង អាណាព្យាបាលសិស្ស។

លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា: វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្តនៃការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀននៅភូមិរង់ចាំ ក្នុងមណ្ឌលជនភៀសសឹកស្លក្រាមឃុំស្លក្រាម មុនដំបូងស្ថានភាពវិស័យអប់រំ នៅមណ្ឌលមាន៦ភូមិនេះ មានចំនួន ៥សាលារៀន គឺសាលាបឋមសិក្សាព្រៃចាន់ បឋមសិក្សាជោគជ័យ សិស្សភៀសសឹកមកពីស្រុកអូរជ្រៅនិងសាលាបឋមសិក្សាបន្ទាយមានរឹទ្ធ បឋមសិក្សាសាមគ្គីច្រកនិងអនុវិទ្យាល័យបន្ទាយមានរឺទ្ធិ សិស្សភៀសសឹកមកពីស្រុកថ្មពួក។មានសិស្សសរុប១.៨៩៨នាក់ ក្នុងនោះ ស្រី៩២៨នាក់ ។ សិស្សមុនមកភូមិរង់ចាំចំនួន១.០៥៥នាក់ ក្នុងនោះស្រី៤៥៩នាក់។ប្រៀបធៀបកើនឡើងចំនួន៨៤៣នាក់ ក្នុងនោះស្រី៤៦៩នាក់។ មានគ្រូចំនួន៥៧នាក់ ក្នុងនោះស្រី២៨នាក់ ។

ថ្មីៗនេះ សិស្សថ្នាក់ទី៩ ប្រឡងជាប់ឌីប្លូមនិងចុះឈ្មោះចូលរៀនថ្នាក់ទី១០ចំនួន៤៣នាក់ / ស្រី២៣នាក់។គ្រូក្របខ័ណ្ឌថ្មី ចូលមកបម្រើការងារនៅឆ្នាំសិក្សាថ្មីនៅភូមិរង់ចាំចំនួន៤នាក់/ស្រី៣នាក់ ។ សាលារៀនទាំង៥ នេះដំណើរការបង្រៀននិងរៀនពីថ្ងៃទី២១ខែមេសាឆ្នាំ២០២៦ មក ឯដំណើរការចម្អិនអាហារពេលព្រឹកក្នុងតង់ ជាប់អគារសិក្សា សម្រាប់សិស្សពីថ្ងៃទី១ខែកក្កដាឆ្នាំ២០២៦ មក ។ពីថ្ងៃទី១៧ខែសីហាមក បានសង់រោងចម្អិនអាហារចំនួន២ គឺនៅសាលាបឋមសិក្សាព្រៃចាន់ សម្រាប់ផ្តល់អាហារដល់៣សាលា និងរោងអាហារសាលាបឋមសិក្សាជោគជ័យទៀតសម្រាប់២សាលា ។
ក្នុងនោះ ត្រូវកំពុងសាងសង់រោងអាហារចំនួន២ទៀតនៅសាលាបឋមសិក្សាបន្ទាយមានរឺទ្ធិនិងបឋមសាមគ្គីច្រក ។

លោកឈូ ប៊ុនរឿង បានបន្តថា: សាលាបឋមសិក្សាបន្ទាយមានរឺទ្ធិនិងបឋមសាមគ្គីច្រកបានអនុវត្តកម្មវិធីអាហារពេលព្រឹកដោយប្រើប្រាស់កសិផលក្នុងសហគមន៍ គាំទ្រដោយរាជរដ្ឋាភិបាល ជាសាលាគោលដៅចាស់និងសាលាបឋមសិក្សាជោគជ័យ ព្រៃចាន់និងអនុវិទ្យាល័យបន្ទាយមានរឹទ្ធិបានអនុវត្ត ដូចគ្នា តែគាំទ្រដោយកម្មវិធីស្បៀងអាហារពិភពលោក( WFP) ដោយអនុវត្ត៦ខែចាប់ពីថ្ងៃទី១ខែកក្កដាឆ្នាំ២០២៦ដល់ខែកុម្ភ:ឆ្នាំ២០២៧ ជាគោលដៅថ្មី ។

បន្ទាប់ពីការពិនិត្យសកម្មភាពការផ្តល់អាហារដល់សិស្សមុនចាប់ផ្តើមចូលរៀន និងទស្សនកិច្ចតាមថ្នាក់រៀនរួចមក បណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន សូមគូសរំលេចពីសារៈសំខាន់នៃការផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលសហគមន៍ ដែលជាអាហារប្រកបដោយជីវជាតិនិងអាហារូបត្ថម្ភគ្រប់គ្រាន់ គាំទ្រដល់ការលូតលាស់ផ្នែករាងកាយ និងបញ្ញាស្មារតី ជួយឱ្យកុមារមានសុខភាពល្អ បង្កើនសមត្ថភាពនៃការចងចាំ និងផ្តោតអារម្មណ៍ក្នុងការរៀនសូត្រ ពោលគឺបានរួមចំណែកកាត់បន្ថយការបោះបង់ការសិក្សា ទាក់ទាញកុមារឱ្យមកជួបជុំរៀនសូត្របានទៀងទាត់ ជាពិសេសបានជួយសម្រួលដល់បន្ទុកគ្រួសារ។

លោកបណ្ឌិតសភាចារ្យបន្ថែមថា: ខណៈកម្ពុជាជួបវិបត្តិជម្លោះព្រំដែនដែលបង្កដោយប្រទេសថៃឈ្លានពានរ៉ាំរ៉ៃជាច្រើនខែមកនេះ ការបន្តចូលរួមចំណែកគាំទ្ររបស់សប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ដើម្បីគាំទ្រដល់ដំណើរការសាលារៀនបណ្តោះអាសន្ននៅតាមជំរំសុវត្ថិភាពឬជនភៀសសឹក ពិតជាសំខាន់និងចាំបាច់។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី សូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងរដ្ឋបាលស្រុកទាំង៣ ក្នុងកិច្ចសហការយ៉ាងល្អជាមួយភាគីពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់សម្របសម្រួលដល់ដំណើរការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលា ក៏ដូចជាការនាំយកជំនួយឧបត្ថម្ភនានាពីសប្បុរសជន និងរាជរដ្ឋាភិបាល ប្រគល់ជូនដល់បុគ្គលិកអប់រំ និងសហគមន៍ស្នាក់នៅក្នុងជំរំសុវត្ថិភាព និងសាលារៀនបណ្តោះអាសន្ន ដើម្បីអាចដំណើរការទៅបានល្អប្រសើរ។

ទន្ទឹមនឹងនេះ លោកសូមថ្លែងអំណរគុណដល់ ដៃគូអភិវឌ្ឍន៍ទាំងពីរ ដែលឆ្លើយតបនឹងស្ថានភាពបន្ទាន់គឺកម្មវិធីស្បៀងអាហារពិភពលោក (World Food Programme) បានទទួលថវិកាគាំទ្រពីប្រជាជនជប៉ុនក្នុងការគាំទ្រការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដល់សិស្សនៅតាមជំរំសុវត្ថិភាពចំនួន ២៣កន្លែង នៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ និង អង្គការ Action Education ដែលតែងតែចូលរួមសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការគាំទ្រដល់សាលារៀនបណ្ដោះអាសន្ននៅតាមជំរំសុវត្ថិភាព។
ជាពិសេស សូមកោតសរសើរចំពោះទឹកចិត្តតស៊ូរបស់ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំពុះពារការលំបាកបង្រៀនសិស្សប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់ ធានាបាននូវនិរន្តរភាពនៃការរៀននិងបង្រៀន។
សូមបញ្ជាក់ថា នាឱកាសនោះ ក៏បានផ្តល់អំណោយសម្ភារគាំទ្រសាលា គ្រូនិងសិស្សដូចខាងលើ នៅភូមិរង់ចាំ របស់ WFP, Action Education និងក្រសួងអប់រំសម្រាប់សិស្សនិងគ្រូ រួមមាន៖ កង់២០៧គ្រឿង អង្ករ១៣តោន (១នាក់១០គក្រ) សម្ភារកីឡា៥ឈុត សៀវភៅបណ្ណាល័យ៥ឈុតស្មើ៥០០ក្បាល កាតាប៦០ តុសិស្ស៥០ ការៀបចំបន្ទប់អប់រំឌីជីថលនិងបណ្ណាល័យ កុំព្យួទ័រ៧០គ្រឿង(សម្រាប់សាលារៀន៥កន្លែង ក្នុងភូមិរង់ចាំ ១ អនុវិទ្យាល័យនិង៤សាលាទៀតក្រៅភូមិ) LCD ១គ្រឿង សៀវភៅសិក្សា៤.០០០ក្បាល សម្លៀកបំពាក់កីឡា ២.០០០កំប្លេ កៅស៊ូតង់៦០ គ្រឿងឧបភោគ បរិភោគ : គុយទាវ១០កេះ មី១៤០កេះ ទឹកដោះគោ៧៩កេះ នំ១៣កេះ គ្រាប់ពូជបន្លែ១០០កញ្ចប់ភួយ២០០ មុង១៥០ ៕

