ប្រែសម្រួល៖ រតនា
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា នាយទាហានថ្នាក់វរសេនីយ៍ឯក (lieutenant colonel) រុស្ស៊ីម្នាក់បានស្លាប់ បន្ទាប់ពីរថយន្តរបស់គាត់បានផ្ទុះឡើងនៅក្នុងទីក្រុង St. Petersburg កាលពីថ្ងៃទី ២៧ ខែសីហា។


យោងតាមសារព័ត៌មានក្នុងស្រុក Fontanka ហេតុការណ៍ផ្ទុះនេះបានកើតឡើងនៅម៉ោងប្រហែល ១០ ព្រឹក (ម៉ោងក្នុងតំបន់) នៅជិតផ្សារទំនើបមួយក្នុងសង្កាត់ Shushary នៃទីក្រុងនេះ។

អាជ្ញាធរបានបញ្ជាក់ថា ការស៊ើបអង្កេតកំពុងដំណើរការ ហើយបានឱ្យដឹងថាមានមនុស្សម្នាក់បានស្លាប់ ប៉ុន្តែពួកគេបានពណ៌នាហេតុការណ៍នេះថាជា “ករណីឆេះរថយន្ត” មិនមែនជាការផ្ទុះនោះទេ។
អត្តសញ្ញាណរបស់ជនរងគ្រោះមិនត្រូវបានបញ្ចេញឱ្យដឹងនោះទេ។ ប្រពន្ធរបស់គាត់ ដែលគេរាយការណ៍ថាបានស្ថិតនៅក្នុងរថយន្តនោះដែរនៅពេលកើតហេតុ បានរងរបួសធ្ងន់ធ្ងរ។
គេនៅមិនទាន់កំណត់អត្តសញ្ញាណជនសង្ស័យណាមួយនៅឡើយទេ។
កន្លងមក អ៊ុយក្រែនធ្លាប់បានកំណត់គោលដៅលើមន្ត្រីយោធារុស្ស៊ី និងបុគ្គលផ្សេងទៀតដែលពាក់ព័ន្ធនឹងការឈ្លានពានទ្រង់ទ្រាយធំរបស់ទីក្រុងម៉ូស្គូ។
លោក Damir Davydov ដែលជាមន្ត្រីយោធារុស្ស៊ីទទួលបន្ទុកការផ្គត់ផ្គង់គ្រាប់មីស៊ីល និងគ្រាប់កាំភ្លើងធំទៅកាន់សមរភូមិមុខ ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍បំផ្ទុះរថយន្តមួយនៅខាងក្រៅទីក្រុងម៉ូស្គូ កាលពីថ្ងៃទី ៩ ខែមិថុនា។
អ៊ុយក្រែនមិនទាន់បានធ្វើអត្ថាធិប្បាយលើហេតុការណ៍ចុងក្រោយនេះនៅឡើយទេ៕
ប្រភព៖ Kyiv independent

