អន្តរជាតិ

លោក Zelensky ប្រគល់គ្រឿងឥស្សរិយយស «Order of Liberty» របស់អ៊ុយក្រែនជូនលោក Musk ខណៈទីក្រុង Kyiv ស្វែងរកការប្រើប្រាស់សេវា Starlink ដើម្បីយកឈ្នះរុស្ស៊ី

ប្រែសម្រួល៖ រតនា
នៅថ្ងៃទី ២៦ ខែសីហា ប្រធានាធិបតី Volodymyr Zelensky បានសម្រេចផ្តល់មេដាយ “Order of Liberty” (គ្រឿងឥស្សរិយយសសម្រាប់សេរីភាព) របស់អ៊ុយក្រែន ជូនដល់មហាសេដ្ឋីអាមេរិក និងជានាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk តាមរយៈក្រឹត្យប្រធានាធិបតី ខណៈដែលទីក្រុង Kyiv កំពុងស្វែងរកការអនុញ្ញាតពីគាត់ ដើម្បីប្រើប្រាស់ប្រព័ន្ធ Starlink លើយន្តហោះគ្មានមនុស្សបើក (drones) ដែលប្រតិបត្តិការនៅខាងក្នុងទឹកដីរុស្ស៊ី។

លោក Zelensky បានលើកឡើងពី “ការរួមចំណែករបស់លោក Musk ក្នុងការការពារអាយុជីវិត និងសេរីភាពរបស់មនុស្ស ព្រមទាំងការអភិវឌ្ឍទំនាក់ទំនងរវាងប្រជាជនអ៊ុយក្រែន និងសហរដ្ឋអាមេរិក” ថាជាហេតុផលសម្រាប់ការផ្តល់មេដាយកិត្តិយសនេះ។

ការផ្តល់កិត្តិយសនេះធ្វើឡើងនៅពេលដែលអ៊ុយក្រែនកំពុងព្យាយាមពង្រីកការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដែលភ្ជាប់ជាមួយប្រព័ន្ធ Starlink ដើម្បីវាយប្រហារទៅលើឧបករណ៍បាញ់មីស៊ីលផ្លោង (ballistic missiles) របស់រុស្ស៊ី។ ទីក្រុង Kyiv សង្ឃឹមថា បច្ចេកវិទ្យានេះអាចជួយរារាំងសមត្ថភាពរបស់រុស្ស៊ីក្នុងការវាយប្រហារទីក្រុងនានារបស់អ៊ុយក្រែន។

យោងតាមលោក Zelensky ការផ្តល់លទ្ធភាពឱ្យអ៊ុយក្រែនអាចប្រើប្រាស់ប្រព័ន្ធ Starlink បានកាន់តែទូលំទូលាយ អាចជួយកាត់បន្ថយ “សមត្ថភាពទាំងឡាយដែលរុស្ស៊ីកំពុងពឹងផ្អែក ដើម្បីអូសបន្លាយសង្គ្រាមនេះ”។

លោក Musk នៅតែស្ទាក់ស្ទើរក្នុងការអនុញ្ញាតឱ្យឧបករណ៍ទទួលសញ្ញា Starlink ដំណើរការនៅលើទឹកដីរុស្ស៊ី។ បុគ្គលម្នាក់ដែលដឹងពីបញ្ហានេះបានប្រាប់កាសែត Kyiv Independent ថា លោក Musk យល់ឃើញថាវាជាការ «បង្កើនកម្រិត» នៃសង្គ្រាម។

Starlink ផ្តល់នូវការទំនាក់ទំនងល្បឿនលឿនរវាងទីតាំងប្រយុទ្ធរបស់អ៊ុយក្រែន និងប៉ុស្តិ៍បញ្ជាការ។ នៅពេលបំពាក់លើដ្រូន (យន្តហោះគ្មានមនុស្សបើក) ប្រព័ន្ធនេះអាចផ្តល់នូវការតភ្ជាប់ដែលពិបាកនឹងរំខានសញ្ញា (jamming) និងមិនត្រូវបានកំណត់ដោយដែនកំណត់នៃអង់តែនវិទ្យុបែបប្រពៃណីឡើយ។

កងកម្លាំងអ៊ុយក្រែនបានបង្កើនការប្រើប្រាស់ដ្រូនដែលបំពាក់ដោយប្រព័ន្ធ Starlink នៅលើទឹកដីដែលកាន់កាប់ដោយរុស្ស៊ី ជាពិសេសនៅក្នុងចម្ងាយពី ៥០ ទៅ ២០០ គីឡូម៉ែត្រ (៣០-១២៥ ម៉ាយ) ពីខ្សែត្រៀមជួរមុខ។ ដ្រូនទាំងនោះបានកំណត់គោលដៅលើផ្លូវដឹកជញ្ជូនភស្តុភាររបស់រុស្ស៊ី នៅក្នុងតំបន់ដែលទីក្រុង Kyiv បានពង្រីកយុទ្ធនាការវាយប្រហាររបស់ខ្លួន។

ទំនាក់ទំនងរបស់អ៊ុយក្រែនជាមួយលោក Musk ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាយូរមកហើយជាមួយអតីតរដ្ឋមន្ត្រីការពារជាតិ លោក Mykhailo Fedorov ដែលបានធ្វើការជាមួយក្រុមហ៊ុន SpaceX ដើម្បីផ្តល់ឧបករណ៍ Starlink ដល់កងទ័ពអ៊ុយក្រែនក្នុងអំឡុងដំណាក់កាលដំបូងនៃការឈ្លានពានពេញលេញរបស់រុស្ស៊ី។

លោក Fedorov ដែលត្រូវបានដកចេញពីតំណែងនៅពាក់កណ្តាលខែកក្កដា ក៏បានផ្តួចផ្តើមការពិភាក្សាជាមួយលោក Musk អំពីការកម្រិតការប្រើប្រាស់ប្រព័ន្ធ Starlink របស់កងកម្លាំងរុស្ស៊ីនៅលើដ្រូន (យន្តហោះគ្មានមនុស្សបើក) ដែលប្រតិបត្តិការនៅក្នុងទឹកដីអ៊ុយក្រែនផងដែរ។

លោក Fedorov បានព្រមានថា ការដែលរុស្ស៊ីអាចប្រើប្រាស់ប្រព័ន្ធ Starlink បាននោះ អាចអនុញ្ញាតឱ្យទីក្រុងមូស្គូគ្រប់គ្រងប្រតិបត្តិការដ្រូនពីក្នុងប្រទេសរុស្ស៊ី ផ្លាស់ប្តូរគន្លងហោះហើរឱ្យផុតពីការចាប់បានរបស់ប្រព័ន្ធរ៉ាដា និងប្រព័ន្ធចាប់សញ្ញាសំឡេងរបស់អ៊ុយក្រែន ព្រមទាំងកំណត់គោលដៅវាយប្រហារលើយន្តហោះចម្បាំង F-16 ប្រព័ន្ធការពារដែនអាកាស Patriot និងសម្ភារៈយោធាផ្សេងទៀតរបស់អ៊ុយក្រែន។

នៅខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមហ៊ុន SpaceX បានកាត់ផ្តាច់ការប្រើប្រាស់ប្រព័ន្ធ Starlink របស់កងកម្លាំងរុស្ស៊ី។ លោក Zelensky បានលើកឡើងថា ការសម្រេចចិត្តនេះបានរួមចំណែកដល់ភាពជោគជ័យរបស់អ៊ុយក្រែននៅលើសមរភូមិក្នុងឆ្នាំនេះ។
លោក Zelensky បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី២២ ខែសីហាថា លោក Musk នៅតែអាចពិចារណាឡើងវិញចំពោះការជំទាស់របស់គាត់ក្នុងការអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់ប្រព័ន្ធ Starlink នៅលើទឹកដីរុស្ស៊ី៕
ប្រភព៖Kyiv independent