ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖ សមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ អាជ្ញាធរដែនដីនិង ស្ថាប័នអយ្យការនិងតុលាការខេត្តបន្ទាយមានជ័យ អះអាងក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពលើយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) កាលពីចុងសប្តាហ៍មុនខែសីហាឆ្នាំ ២០២៦ ថា នឹងរូមគ្នាពន្លឿននីតិវិធីក្នុងសំណុំរឿងនេះពោលគឺខណ:ពេលនេះ ភារកិច្ចអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសនេះ ត្រូវបានប្រគល់ជូនគណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្តផ្ទាល់ មិនដូចពីមុននេះ ដែលត្រូវមានកិច្ចសហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលចម្រុះមកពីអគ្គស្នងការដ្ឋាននគរបាលជាតិនិងក្រសួងមហាផ្ទៃនោះ។

លោកឧត្តមសេនីយ៍ត្រីនូ ជីវ័ន្ត និងលោកឧត្តមសេនីយ៍ត្រីអេង លីហួរ ស្នងការរងទទួលបន្ទុកនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យថ្លែងថា៖ បើព្រះរាជអយ្យការអមសាលាដំបូងនិងចៅក្រមនៃតុលាការខេត្តបន្ទាយមានជ័យបន្ថែមល្បឿននីតិវិធីក្នុងសំណុំរឿងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នឹងជួយឲ្យបានលឿននូវការបញ្ជូនជនសង្ស័យទៅឃុំបណ្តោះអាសន្ននិងបណ្តេញចេញនូវជនបរទេសជាជនរងគ្រោះពីប្រទេស ក៏ដូចជាឲ្យជនរងគ្រោះជាពលរដ្ឋកម្ពុជាអាចឆាប់បានវិលទៅជួបជុំក្រុមគ្រួសារក្នុងសហគមន៍វិញ។

ម្យ៉ាងទៀត ការបញ្ជូនទៅបញ្ជូនមកច្រើនលើក វានឹងធ្វើឲ្យអស់លើការចំណាយនានា និងថ្លៃបកប្រែភាសា។

ចំណែកលោកឧត្តមសេនីយ៍ត្រីបាន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានស្នើឲ្យអាជ្ញាធរដែនដី កម្លាំងនគរបាល អាវុធហត្ថហត្ថនិងសមត្ថកិច្ចតុលាការ សូមមានទំនុកចិត្តគ្នា ត្រូវកំណត់គោលដៅសង្ស័យ មានវត្ថុតាងនិងអង្គហេតុ អង្គច្បាប់ឲ្យច្បាស់លាស់ សឹមចុះបង្ក្រាប ពោលគឺចៀសវាងគ្រាន់តែសង្ស័យ ក៏ចុះបង្ក្រាប ទាំងគ្មានបទល្មើស គ្មានវត្ថុតាងចាប់យក ដែលទង្វើនេះវាជះឥទ្ធិពលឬបង្កអារម្មណ៍ថ្នាំងថ្នាក់និងបង្កការខ្លាចរអារពីមហាជន ប្រជាពលក្នុងសហគមន៍ លែងហ៊ានស្នាក់នៅ រស់នៅ និងប្រកបរបរអាជីវកម្មជាដើម។

ឆ្លើយយតបករណីនេះ លោកកើត សុវណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងនិងលោកសេង លាង ប្រធានសាលាដំបូហខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា: ស្ថាប័ននេះក៏បានខិតខំពន្លឿននីតិវិធីផងដែរ ប៉ុន្តែវាក៏ស្ថិតលើស្ថានទម្ងន់ ប្រភេទសំណុំរឿង ចំនួនព្រះរាជអាជ្ញារង ចៅក្រមស៊ើប ក្រឡាបញ្ជីនៅមានកម្រិត ការចំណាយនិងភាពលំបាកឬល្បឿនលើការបកប្រែភាសាផងដែរ ។

យ៉ាងណាការបន្តបង្ក្រាបក្នុងយុទ្ធនាការនេះ ស្ថាប័ននេះ ក៏ទទួលស្គាល់និងស្នើឲ្យគិតគូរឲ្យហ្មត់ចត់ ពិនិត្យឲ្យគ្រប់ជ្រោយ ដើម្បីបង្ការប៉ះពាល់ដល់អារម្មណ៍ថ្នាំងថ្នាក់និងជីវភាពពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគ ភ្ញៀវទេសចរផងដែរ។

លោកបានបន្តថា: ស្ថាប័នតុលាការបានដាក់ព្រះរាជអាជ្ញារង ចៅក្រមនិងក្រឡាបញ្ជីប្រចាំការនៅទីតាំងចុះបង្ក្រាប ទាំងនៅកន្លែងទទួលសំណុំរឿង ហើយសម្រួលនីតិវិធីឲ្យរហ័ស ដូចជាសំណុំរឿងឬទទួលពីសមត្ថកិច្ចមកដែលបានសួរចម្លើយ កសាងសំណុំរឿងរួចហើយ ពេលមកដល់តុលាការទោះតិចឬច្រើន មិនសំខាន់ទេគឺក្នុងតែ១ថ្ងៃ តុលាការត្រូវបញ្ជូនជនសង្ស័យទៅពន្ធនាគារនិងបញ្ជូនជនរងគ្រោះទៅមណ្ឌលស្នាក់បណ្តោះអាសន្នសិន ។
ពោលគឺបើត្រូវបញ្ជូនជនសង្ស័យទៅឃុំឬស្នាក់នៅបណ្តោះអាសន្ន សឹមហៅមកសួរចម្លើយតាមក្រោយ ដើម្បីចៀសវាងបញ្ជូនទៅ បញ្ជូនមក ឬផ្ញើនៅកន្លែងនគរបាលបន្ត។

លោកកើត សុវណ្ណារ៉េត ថ្លែងបន្តថា: ក្នុងយុទ្ធនាការជាង៥ខែមកនេះ ក្រោមការដឹកនាំរបស់គណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្តនិងសម្របសម្រួលដោយអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ សមត្ថកិច្ចចម្រុះបានចុះប្រតិបត្តិការលើ៤៣៧ទីតាំង ។
ក្នុងនោះពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន១១២ទីតាំង និងត្រួតពិនិត្យតាមអនុក្រឹត្យលេខ០៣ ចំនួន៣២៥ទីតាំង ។

បញ្ហានេះ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា: ក្នុងខេត្ត គិតពីពីចុងខែមីនាមកទល់ខែសីហានេះ ការអនុវត្តយុទ្ធនាការនេះ វាពិតជាលំបាកស្មុគស្មាញ ហានិភ័យ បង្កផលប៉ះពាល់ច្រើន ហើយជាសំណុំរឿងប្រភេទថ្មីនិងច្រើន ការចំណាយនានាក៏ច្រើន ឯល្បឿននៃការបញ្ជូនសំណុំរឿងពិតជាយឺតយ៉ាវខ្លះ។
រីឯលោកស៊ីញ ស៊ីណា អ្នកបកប្រែភាសាអង់គ្លេសនិងថៃបានប្រាប់ថា: ការបកប្រែមានភាពងាយស្រួល ភាពលំបាក យឺតឬលឿនវាអាស្រ័យលើមនុស្សជាជនជាតិអី លើជំនាញនីមួយៗ។ ដូចករណីលើជំនាញសមត្ថកិច្ចនគរបាល អាវុធហត្ថ តុលាការ ពាក្យបច្ចេកទេសទាក់ទិនផ្លូវច្បាប់ឬនីតិវិធី វាលំបាកនិងស៊ីពេលវេលាជាងការបកប្រែជូនភ្ញៀវទេសចរ ជូនគូសន្ទានាធម្មតាៗ។
សូមបញ្ជាក់ថា នៅខេត្តបន្ទាយមានជ័យ ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)ពីចុងខែមីនាដល់ខែសីហានេះមានដូចជា ៖ បានចុះផ្សព្វផ្សាយចំនួន៥លើក , បានត្រួតពិនិត្យជនបរទេសពាក់ព័ន្ធតាមគោលដៅឃាត់រថយន្តសង្ស័យចំនួន១០.៨៤៥គ្រឿង មានជនបរទេសសរុបចំនួន១៦.៥៣៣នាក់/ស្រី៥.២៥៤នាក់ (ចិន៥.២៣៣នាក់/ស្រី៨៤៦នាក់) ។
ក្នុងនោះ ជនបរទេសមានលិខិតឆ្លងដែន និងទិដ្ឋាការ ព្រមទាំងមានទីតាំងអាជីវកម្ម ត្រឹមត្រូវ បានអនុញ្ញាតឱ្យបន្តដំណើរទៅមុខចំនួន៦.១០៨នាក់/ស្រី២.៧៦៨នាក់ ( ចិន១.៦៥៣នាក់/ស្រី៣៦២នាក់) ។ហើយជនបរទេសដែលពុំមានប័ណ្ណការងារ គ្មានអ្នកធានា និងគ្មានមុខរបរពិតប្រាកដ បានធ្វើកិច្ចសន្យាណែនាំឱ្យត្រឡប់ក្រោយចំនួន១០.៤២៥នាក់/ស្រី២.៤៨៦នាក់។
បានចុះធ្វើរដ្ឋបាល បង្ក្រាបដោយផ្ទាល់ និងសហការបង្ក្រាប បានចំនួន ១២៦ទីតាំង។
ជាមួយគ្នានោះ បានបិទសៀល៥០ទីតាំង ប្រមូលជនបរទេសចំនួន៦.១៤៤នាក់ : បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចំនួន៣.៨៤៣នាក់ , បញ្ជូនទៅតុលការ ចំនួន១៣៤នាក់ , បានបញ្ជូនចេញ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតចំនួន៦៣៥នាក់ និង ជនបរទេស ចំនួន ១.៥៣២នាក់ មានឯកសារគ្រប់គ្រាន់បានអប់រំ កុំឱ្យពាក់ពន្ធ័បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៕

