ប្រែសម្រួល៖ រតនា
លោក Zelensky ប្រធានាធិបតី អ៊ុយក្រែនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយប្រធានាធិបតីអេស្តូនី លោក Alar Karis នៅទីក្រុង Kyiv កាលពីថ្ងៃទី ២៥ ខែសីហាថា អ៊ុយក្រែនទទួលបានការអនុញ្ញាតពីចក្រភពអង់គ្លេស និងបារាំង ដើម្បីផលិតមីស៊ីលរយៈចម្ងាយឆ្ងាយប្រភេទ Storm Shadow/SCALP។


លោក Zelensky បាននិយាយថា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបញ្ជាក់ថា ការរឹតបន្តឹងលើមីស៊ីល SCALP និងអាជ្ញាប័ណ្ណពាក់ព័ន្ធនឹងត្រូវបានដកចេញ។
លោក Zelensky បានបន្ថែមនៅក្នុងសារមួយនៅលើបណ្តាញ Telegram ថា៖ «យើងនឹងចាត់វិធានការ។ ខ្ញុំជឿជាក់ថា នេះគឺជាចំណុចវិជ្ជមានដ៏សំខាន់ និងជាការសម្រេចចិត្តដ៏ម៉ឺងម៉ាត់មួយ»។

សេចក្តីប្រកាសនេះបានធ្វើឡើងនៅពេលដែលលោក Zelensky និងលោក Karis ជួបពិភាក្សាគ្នានៅទីក្រុង Kyiv។ ប្រធានាធិបតីអេស្តូនីបានមកដល់ប្រទេសអ៊ុយក្រែនដើម្បីចូលរួមអបអរសាទរទិវាឯករាជ្យនៅថ្ងៃទី ២៤ ខែសីហា និងពិភាក្សាអំពីការគាំទ្រផ្នែកយោធា ប្រព័ន្ធការពារដែនអាកាស និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត។

ការសម្រេចចិត្តនេះជួយឱ្យអ៊ុយក្រែនខិតកាន់តែជិតទៅរកការផលិតមីស៊ីលដោយខ្លួនឯងនៅក្នុងប្រទេស។ រដ្ឋាភិបាលចក្រភពអង់គ្លេសបានប្រកាសនៅថ្ងៃទី ២៤ ខែសីហាថា ខ្លួនបានយល់ព្រមអនុញ្ញាតឱ្យក្រុមហ៊ុនការពារជាតិអឺរ៉ុប MBDA ចែករំលែកព័ត៌មានបច្ចេកទេសសម្ងាត់ជាមួយអ៊ុយក្រែន ពាក់ព័ន្ធនឹងគ្រឿងបន្លាស់ដែលផលិតនៅអង់គ្លេសសម្រាប់មីស៊ីលប្រភេទ SCALP។
SCALP គឺជាមីស៊ីលផ្លាត (cruise missile) រយៈចម្ងាយឆ្ងាយដែលផលិតរួមគ្នាដោយប្រទេសបារាំង និងចក្រភពអង់គ្លេស (ដែលហៅមីស៊ីលនេះថា Storm Shadow)។ វាមានរយៈចម្ងាយហោះហើររហូតដល់ ២៥០ គីឡូម៉ែត្រ (១៥៥ ម៉ាយ) និងត្រូវបានរចនាឡើងសម្រាប់ការវាយប្រហារយ៉ាងជាក់លាក់ទៅលើគោលដៅដែលនៅនឹងកន្លែង រួមទាំងការវាយប្រហារនៅពេលយប់ និងក្នុងស្ថានភាពអាកាសធាតុមិនល្អផងដែរ។
លោក Zelensky បានមានប្រសាសន៍ថា ប្រទេសន័រវែសក៏បានបញ្ជាក់ពីការផ្តល់ជំនួយហិរញ្ញវត្ថុចំនួន ៩ ពាន់លានដុល្លារដល់អ៊ុយក្រែនសម្រាប់ឆ្នាំ ២០២៧ ដែលជាជំនួយក្រៅក្របខ័ណ្ឌសហភាពអឺរ៉ុប (EU) ហើយលោកបានបន្ថែមថា ទីក្រុងអូស្លូ (Oslo) មានបំណងជួយផ្តល់ហិរញ្ញប្បទានដល់គម្រោង Freyja ផងដែរ។
លោក Zelensky បានមានប្រសាសន៍ថា ប្រទេសអ៊ុយក្រែនក៏ទទួលបានការបញ្ជាក់ផងដែរថា ខ្លួននឹងទទួលបានប្រព័ន្ធការពារដែនអាកាស Crotale មួយចំនួន រួមទាំងមីស៊ីល VT-1 សម្រាប់ប្រព័ន្ធនេះ ព្រមទាំងមីស៊ីល AIM និងមីស៊ីលបន្ថែមសម្រាប់ប្រព័ន្ធ Patriot ផងដែរ។ ទោះជាយ៉ាងណា ប្រធានាធិបតីរូបនេះមិនបានបញ្ជាក់ឱ្យច្បាស់លាស់ទេថា តើប្រទេសណាជាអ្នកផ្តល់ជំនួយនេះ៕/
ប្រភព៖ Kyiv independent

