ដោយ សុភក្ត្រា
ភ្នំពេញ ៖កម្ពុជា និងស្វីស រួមគ្នាជំរុញកិច្ចសហប្រតិបត្តិការជួយដល់វិស័យ SMEs នៅកម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី២៤ ខែសីហា បានទទួលជួបគណៈប្រតិភូនៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ដើម្បីគាំទ្រសហគ្រាសធុនមីក្រូ តូចនិងមធ្យម សហគ្រិនភាព ការអភិវឌ្ឍជំនាញ និងនវានុវត្តន៍ ខណៈកម្ពុជាកំពុងត្រៀមឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ច។


គណៈប្រតិភូទីភ្នាក់ងារ SDC ដឹកនាំដោយ លោកស្រី Sonya Elmer Dettelbacher អនុប្រធានកិច្ចសហប្រតិបត្តិការ និងជាប្រធានផ្នែកអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ដែលទើបចូលកាន់តំណែងនៅកម្ពុជា។ បច្ចុប្បន្ន SDC កំពុងគាំទ្រគំនិតផ្តួចផ្តើមដែលផ្តោតលើការងារសមរម្យសម្រាប់យុវជន សហគ្រិនភាពនិងនវានុវត្តន៍ ភាពប្រកួតប្រជែងនៃវិស័យឯកជន និងការអភិវឌ្ឍជំនាញ នៅកម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំពោះការបន្តគាំទ្ររបស់ប្រទេសស្វីស និងបានរំលេចពីសារសំខាន់នៃកិច្ចសហការដើម្បីគាំទ្រឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម និងធុរកិច្ចក្នុងវិស័យក្រៅប្រព័ន្ធ អាចចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានតម្លៃបន្ថែមខ្ពស់ និងរក្សាបាននូវភាពប្រកួតប្រជែង ខណៈដែលកម្ពុជា កំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីអាទិភាពនានា រួមមានផលិតភាព លទ្ធភាពទទួលបានហិរញ្ញប្បទាន ការចាប់យកបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធគុណភាព ការកែច្នៃកសិផល ឌីជីថលូបនីយកម្ម និងការអភិវឌ្ឍជំនាញសម្រាប់ឧស្សាហកម្ម។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “ការចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច គឺជាបង្គោលចរមួយដ៏សំខាន់ ប៉ុន្តែក៏នឹងនាំមកនូវបញ្ហាប្រឈមថ្មីៗសម្រាប់កម្ពុជាដែរ ពិសេសសម្រាប់សហគ្រិនរបស់យើង។ យើងត្រូវត្រៀមលក្ខណៈឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម អាចបង្កើនផលិតភាព បំពេញតាមស្តង់ដាគុណភាព និងលក្ខណ្ឌតម្រូវទីផ្សារ ចាប់យកបច្ចេកវិទ្យា និងចូលរួមកាន់តែមានប្រសិទ្ធភាពក្នុងខ្សែច្រវាក់ផ្គត់ផ្គង់។”

ឯកឧត្តមក៏បានជម្រាបជូនអំពីកំណែទម្រង់នានា ដែលរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្ត ដើម្បីសម្រួលដល់ការទទួលសេវាសាធារណៈសម្រាប់ធុរកិច្ច តាមរយៈឌីជីថលូបនីយកម្ម និងសន្ធានកម្មជាមួយថ្នាលផ្លាស់ប្តូរ ទិន្នន័យ CamDX ប៉ុន្តែក៏បានរំលេចថា លទ្ធភាពទទួលបានហិរញ្ញប្បទាន នៅតែជាបញ្ហាប្រឈមសំខាន់មួយសម្រាប់សហគ្រាស។

លោកស្រី Elmer Dettelbacher បានលើកឡើងថា កម្ពុជានឹងបន្តជាប្រទេសអាទិភាពមួយ ក្រោមកម្មវិធីកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៧–២០៣០ របស់រដ្ឋាភិបាលស្វីស ហើយការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន នឹងបន្តជាវិស័យអាទិភាពនៃកម្មវិធីនេះ។
លោកស្រីក៏បានមើលឃើញឱកាសក្នុងការពង្រឹងការកៀរគរវិស័យឯកជន កិច្ចសហប្រតិបត្តិការក្នុងតំបន់ ការឈានចូលទីផ្សារ និងការពង្រីកការគាំទ្រទៅខេត្តក្រុងនានា បន្ថែមលើរាជធានីភ្នំពេញ។
លោកស្រី Elmer Dettelbacher បានលើកឡើងថា៖ “MSME ក៏ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់ស្វីស និងប្រទេសនៅអ៊ឺរ៉ុបដែរ ហើយបើគ្មានវិស័យ MSME ដ៏រឹងមាំទេ ប្រទេសស្វីសក៏មិនអាចឈានដល់កម្រិតអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះដែរ។ យើងរីករាយដែលបាន និងកំពុងសហការជាមួយកម្ពុជាលើវិស័យទាំងនេះ ហើយយើងមើលឃើញថានៅមានឱកាសបន្ថែមទៀត សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើងឱ្យកាន់តែស៊ីជម្រៅ។”
ឯកឧត្តម ហែម វណ្ណឌី បានស្នើឱ្យទីភ្នាក់ងារ SDC ផ្តល់អាទិភាពដល់អន្តរាគមន៍ដែលអាចបង្កើតផលជះខ្ពស់ ជាពិសេសការគាំទ្រសហគ្រាសដែលមានសក្តានុពល និងប៉ូលសេដ្ឋកិច្ចនៅតាមបណ្តាខេត្តក្រុង ដែលអាចបង្កើតការងារ ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងនាំយកផលប្រយោជន៍កាន់តែទូលំទូលាយដល់សហគមន៍៕

