ព័ត៌មានជាតិ

រួមគ្នាស្តារធនធានមច្ឆជាតិ! កូនត្រី ១០ម៉ឺនក្បាល និងមេពូជ ១៥០គីឡូក្រាម ត្រូវបានលែងក្នុងអាងសេសានក្រោម២

ដោយ៖ សុខុម

ខេត្តស្ទឹងត្រែង៖ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានរៀបចំពិធីលែងកូនត្រី និងមច្ឆជាតិចម្រុះចូលទៅក្នុងអាងទឹកទំន
ប់វារីអគ្គិសនីសេសានក្រោម២ ស្ថិតក្នុងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន កាលពីព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងស្តារ និងស្តុកបរិមាណពូជត្រីធម្មជាតិ ព្រមទាំងថែរក្សាសមតុល្យប្រព័ន្ធអេកូឡូស៊ីទឹកសាបក្នុងតំបន់។

កូនត្រីពូជសរុបចំនួន ១០០,០០០ ក្បាល (រួមមានត្រីឆ្ពិន ៦០,០០០ក្បាល, ត្រីប្រា ២០,០០០ក្បាល និងត្រីពោ ២០,០០០ក្បាល) ព្រមទាំងត្រីចម្រុះមេពូជទម្ងន់ ១៥០ គីឡូក្រាម  ត្រូវបានលែងចូលទៅក្នុងប្រភពទឹកធម្មជាតិ ដើម្បីបង្កើនផលស្តុកត្រីបន្តពូជ និងធានាប្រភពប្រូតេអ៊ីនសម្រាប់សហគមន៍។

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានឱ្យដឹងថា ខេត្តបានប្រារព្ធ «ទិវាមច្ឆជាតិ»នេះចំនួន ២៣ លើកមកហើយចាប់តាំង
ពីឆ្នាំ២០០៣ ដោយអនុវត្តជាប់លាប់ជាទៀងទាត់។ដោយឡែក ក្នុងកិច្ចសហការជាមួយក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ កម្មវិធីលែងត្រីត្រូវបានធ្វើឡើងចំនួន ៧ លើក រួចមកហើយ ដែលបានលែងកូនត្រីសរុបជាង ៥០ ម៉ឺនកូន និងត្រីមេពូជជិត ១ តោនចូលទៅក្នុងអាងទឹកធម្មជាតិ។

លោក He Yunchun នាយកគ្រប់គ្រងទូទៅនៃស្ថានីយវារីអគ្គិសនីសេសាន បានគូសបញ្ជាក់ថា ក្រុមហ៊ុនតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍អភិវឌ្ឍន៍បៃតង ស្របតាមច្បាប់បរិស្ថានកម្ពុជា។ក្រុមហ៊ុនបានសហការជាមួយរដ្ឋបាលជលផលក្នុងការបង្កាត់ពូជ និងលែងកូនត្រីតាមលក្ខណៈវិទ្យាសាស្ត្រចំនួន ៦លើក (លែងកូនត្រីសរុបជាង ៥០ម៉ឺនក្បាល) ដើម្បីរួមចំណែកការពារជីវៈចម្រុះ និងស្តារធនធានជលផលក្នុងដងទន្លេសេសាន។

លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ៖ចាត់វិធានការគ្មានការ
លើកលែង ត្រូវអនុវត្តច្បាប់ដាច់ខាតលើជនល្មើស រួមទាំងអ្នកទិញ អ្នកកែច្នៃ និងអ្នកលក់ឧបករណ៍នេសាទខុសច្បាប់ ដោយបញ្ជូនសំណុំរឿងទៅតុលាការ ។ មិនលើកលែងចំពោះមន្ត្រីរាជការ ឬអាជ្ញាធរណាដែលនៅពីក្រោយខ្នង ឬកាងបទល្មើសឡើយ។ លោកក៏បានលើកឡើងនូវគោលការណ៍ចម្បងបន្ថែមទៀតថា៖ រាជរដ្ឋាភិបាលកំពុងចុះបញ្ជីដីធ្លី និងចេញប័ណ្ណរឹងការពារ “ផ្ទះផ្សោត” ជាផ្លូវការ ដើម្បីទប់ស្កាត់ការរំលោភបំពាន។ នៅតំបន់ត្បូងខ្លា អាជ្ញាធរបានបង្វែរអ្នកនេសាទខុសច្បាប់ឱ្យមកធ្វើជាអ្នកដឹកភ្ញៀវទេសចរទស្សនាផ្សោត និងរៀបចំផ្សារសហគមន៍ជូនភរិយាពួកគាត់ ដើម្បីបង្កើតចំណូលប្រកបដោយចីរភាព។

អាជ្ញាធរខេត្ត និងមន្ត្រីជំនាញបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទបំផ្លិចបំផ្លាញ (ដូចជា ឧបករណ៍ឆក់ គ្រឿងផ្ទុះ និងថ្នាំពុល) ហើយរួមគ្នាក្លាយជាភ្នែកច្រមុះក្នុងការការពារធនធានមច្ឆជាតិឱ្យបានគង់វង្សតទៅកូនចៅជំនាន់ក្រោយ៕