អន្តរជាតិ

អូស្ត្រាលីបញ្ជាក់ពីករណីដំបូងនៃជំងឺផ្តាសាយបក្សី H5N1 លើថនិកសត្វក្នុងស្រុក

ប្រែសម្រួល៖ វីរបុត្រ

ស៊ីដនី៖ នៅថ្ងៃអាទិត្យ (ទី២៣ ខែសីហា) ប្រទេសអូស្ត្រាលីបានបញ្ជាក់ពីករណីឆ្លងវីរុសផ្តាសាយបក្សី H5N1 ដំបូងគេលើសត្វថនិកសត្វ ដោយវីរុសដ៏កាចសាហាវនេះត្រូវបានរកឃើញនៅលើសត្វត្រា(ភេ)ប្រភេទ “long-nosed fur seal” នៅក្នុងរដ្ឋអូស្ត្រាលីខាងត្បូង (South Australia)។

ប្រទេសអូស្ត្រាលីកំពុងប្រឈមមុខនឹងការកើនឡើងនៃករណីឆ្លងវីរុសផ្តាសាយបក្សីដែលមានកម្រិតបង្កជំងឺធ្ងន់ធ្ងរ បន្ទាប់ពីវីរុសនេះបានចូលមកដល់ប្រទេសខ្លួនកាលពីខែមិថុនា។ ករណីសត្វស្លាបសមុទ្រងាប់ជាច្រើនក្បាលក្នុងពេលតែមួយដោយសារវីរុសនេះ បានកើតឡើងជាលើកដំបូងនៅក្នុងប្រទេសកាលពីខែនេះ ដែលបង្ហាញពីការកើនឡើងនៃភាពធ្ងន់ធ្ងរនៃការផ្ទុះឡើងនៃជំងឺនេះ។ ការផ្ទុះឡើងនេះបានចាប់ផ្តើមបន្ទាប់ពីវីរុសត្រូវបានរកឃើញដំបូងលើសត្វស្លាបសមុទ្រដែលធ្វើចំណាកស្រុក មុនពេលវាឆ្លងរាលដាលទៅកាន់ប្រភេទសត្វស្លាបក្នុងស្រុក។

អាជ្ញាធររដ្ឋ South Australia បានបញ្ជាក់ពីករណីដំបូងនៃការរកឃើញមេរោគលើថនិកសត្វនៅក្នុងប្រទេសនេះ ដោយបានរកឃើញលើសត្វត្រា (seal) មួយក្បាលនៅទីប្រជុំជនឆ្នេរសមុទ្រ Beachport ដែលស្ថិតនៅចម្ងាយប្រហែល ៣១០ គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុង Adelaide ដែលជារដ្ឋធានីនៃរដ្ឋនេះ។

អាជ្ញាធរបានឱ្យដឹងថា សត្វត្រានេះ—ដែលស្ថិតក្នុងចំណោមចំនួនសត្វត្រាសរុបប្រមាណ ១០០,០០០ ក្បាលនៅក្នុងដែនទឹកនៃរដ្ឋនេះ—ត្រូវបានគេប្រទះឃើញងាប់ដោយគ្មានស្លាកស្នាមរបួសអ្វីឡើយ។

រដ្ឋមន្ត្រីក្រសួងកសិកម្មសហព័ន្ធ លោកស្រី Julie Collins បានថ្លែងនៅក្នុងសុន្ទរកថាដែលផ្សាយតាមទូរទស្សន៍ថា ការស្លាប់របស់សត្វនេះ «ហាក់ដូចជាមិនមានជាប់ពាក់ព័ន្ធនឹងថនិកសត្វសមុទ្រផ្សេងទៀតដែលកំពុងឈឺ ឬងាប់នោះទេ»។ លោកស្រីបានបន្ថែមថា «នៅពេលដែលវីរុសផ្តាសាយបក្សី H5 ចាប់ផ្តើមរីករាលដាលនៅក្នុងបរិស្ថានធម្មជាតិ វាមិនអាចទៅរួចទេក្នុងការជៀសវាងការខាតបង់ធ្ងន់ធ្ងរ»។

អូស្ត្រាលីគឺជាទ្វីបចុងក្រោយគេដែលបានរាយការណ៍អំពីករណីជំងឺផ្តាសាយបក្សី ទោះបីជាវីរុសនេះត្រូវបានរកឃើញនៅចុងឆ្នាំ ២០២៥ នៅលើកោះ Heard ដែលជាដែនដីមួយក្នុងតំបន់អង់តាក់ទិកក៏ដោយ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក សត្វត្រា (seals) តូចៗជាង ១៣,០០០ ក្បាលបានងាប់ដោយសារវីរុសនេះនៅលើកោះនោះ។

លោកស្រី Skye Fruean ប្រធានមន្ត្រីពេទ្យសត្វនៃរដ្ឋអូស្ត្រាលីខាងត្បូង បានមានប្រសាសន៍ថា សត្វត្រាមានហានិភ័យខ្ពស់ក្នុងការឆ្លងវីរុសនេះ ដោយសារពួកវាស្នាក់នៅជិតសត្វស្លាបព្រៃខ្លាំងនៅលើតំបន់ថ្មតាមបណ្តោយឆ្នេរសមុទ្រ។

លោកស្រី Fruean បានថ្លែងនៅក្នុងការអត្ថាធិប្បាយតាមទូរទស្សន៍ថា៖ «ជាក់ស្តែង ពួកវានឹងប្រឈមមុខនឹងកម្រិតវីរុសដ៏ខ្ពស់នៅក្នុងបរិស្ថានរស់នៅរបស់ពួកវា»។

យោងតាមរដ្ឋាភិបាលសហព័ន្ធ វីរុស H5N1 មិនទាន់ត្រូវបានរកឃើញនៅក្នុងវិស័យបសុបក្សី ឬវិស័យកសិកម្មរបស់អូស្ត្រាលីនៅឡើយទេ ខណៈដែលរដ្ឋាភិបាលបានបញ្ជាក់កាលពីថ្ងៃសុក្រថា មានករណីឆ្លងចំនួន ២៩៧ ត្រូវបានបញ្ជាក់នៅទូទាំងប្រទេស៕

ប្រភព៖ Reuters/kg