អន្តរជាតិ

បារាំងនឹងពន្លឿនការបញ្ជូនមីស៊ីលទៅកាន់អ៊ុយក្រែន នៅចំពេលដែលមានការខ្វះខាតយ៉ាងធ្ងន់ធ្ងរនូវប្រព័ន្ធការពារដែនអាកាស

ប្រែសម្រួល៖ រតនា

ប្រទេសបារាំងនឹងពន្លឿនការបញ្ជូនមីស៊ីល និងសម្ភារៈយោធាផ្សេងទៀត បន្ទាប់ពីមានការសន្ទនាតាមទូរស័ព្ទរយៈពេលជិត ២ ម៉ោង រវាងប្រធានាធិបតី Volodymyr Zelensky និងប្រធានាធិបតីបារាំង Emmanuel Macron កាលពីថ្ងៃទី ២២ ខែសីហា។

ការសន្យារបស់លោក Macron ធ្វើឡើងបន្ទាប់ពីមានការវាយប្រហារដ៏សាហាវរបស់រុស្ស៊ីទៅលើជនស៊ីវិលអ៊ុយក្រែនអស់រយៈពេលមួយសប្តាហ៍មកហើយ។

លោក Macron បានសរសេរនៅលើបណ្តាញសង្គមថា៖ «វាជារឿងសំខាន់ណាស់ក្នុងការផ្តល់ជូនអ៊ុយក្រែននូវមធ្យោបាយចាំបាច់ទាំងអស់ ដើម្បីការពារដែនអាកាសរបស់ខ្លួន និងទប់ស្កាត់ការឈ្លានពាននេះ។ ខ្ញុំបានប្រកាសប្រាប់ប្រធានាធិបតី Zelensky អំពីការពង្រឹងការគាំទ្ររបស់យើង តាមរយៈការបញ្ជូនមីស៊ីលស្ទាក់ចាប់ (interceptors)»។

យោងតាមលោក Zelensky លោក Macron ក៏បានយល់ព្រមជួយទីក្រុង Kyiv ក្នុងការទំនាក់ទំនងជាមួយដៃគូអន្តរជាតិដែលមានប្រព័ន្ធការពារដែនអាកាស Patriot ផងដែរ។ ប្រធានាធិបតីរូបនេះតែងតែលើកឡើងថា ប្រព័ន្ធ Patriot មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការការពារជនស៊ីវិលអ៊ុយក្រែនពីការវាយប្រហារដោយមីស៊ីលផ្លោង (ballistic missiles) របស់រុស្ស៊ី។

លោក Zelensky ក៏បានថ្លែងអំណរគុណដល់លោក Macron ដែលបានបញ្ជាក់ពីឆន្ទៈរបស់បារាំងក្នុងការផ្តល់អាជ្ញាប័ណ្ណអនុញ្ញាតឱ្យអ៊ុយក្រែនផលិតមីស៊ីល។ កាលពីខែមុន ទីក្រុងប៉ារីសបានផ្តល់អាជ្ញាប័ណ្ណដល់អ៊ុយក្រែនដើម្បីផលិតមីស៊ីល ASTER សម្រាប់ប្រព័ន្ធការពារដែនអាកាស SAMP/T និងមីស៊ីលប្រភេទ cruise missile ម៉ូដែល SCALP។

ក្រៅពីការសន្ទនាតាមទូរស័ព្ទជាមួយលោក Macron លោក Zelensky ក៏បានពិភាក្សាផងដែរនៅថ្ងៃទី ២២ ខែសីហា អំពីតម្រូវការចាំបាច់របស់ទីក្រុង Kyiv លើប្រព័ន្ធការពារដែនអាកាស នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul និងអតីតបេសកជនពិសេសរបស់សហរដ្ឋអាមេរិកប្រចាំអ៊ុយក្រែន គឺឧត្តមសេនីយ៍ Keith Kellogg ដែលកំពុងបំពេញទស្សនកិច្ចនៅអ៊ុយក្រែន។

លោក Zelensky បានសរសេរនៅលើបណ្តាញ Telegram បន្ទាប់ពីជំនួបជាមួយលោក Kellogg (ដែលបច្ចុប្បន្នធ្វើការនៅវិទ្យាស្ថាន America First Policy Institute ដែលជាស្ថាប័នស្រាវជ្រាវគោលនយោបាយនៅទីក្រុងវ៉ាស៊ីនតោន) ថា៖ «ខ្ញុំបានជម្រាបជូនឧត្តមសេនីយ៍រូបនេះអំពីកិច្ចខិតខំប្រឹងប្រែងរបស់យើងជាមួយភាគីអឺរ៉ុបក្នុងការបង្កើតប្រព័ន្ធការពារប្រឆាំងនឹងមីស៊ីលផ្លោង (anti-ballistic system) ប៉ុន្តែដើម្បីឆ្លងកាត់រដូវរងានេះ ការផ្គត់ផ្គង់គ្រាប់មីស៊ីលស្ទាក់ចាប់ (interceptors) សម្រាប់ប្រព័ន្ធ Patriot គឺជារឿងចាំបាច់បំផុត»។

«អ៊ុយក្រែនត្រៀមខ្លួនរួចរាល់ក្នុងការទិញសម្ភារៈទាំងនេះ ហើយរាល់កិច្ចខិតខំប្រឹងប្រែងក្នុងទិសដៅនេះគឺមានសារៈសំខាន់ណាស់»។

បន្ទាប់ពីជំនួបជាមួយលោក Wadephul លោក Zelensky បាននិយាយថា ទាំងអាល្លឺម៉ង់ និងអ៊ុយក្រែន សុទ្ធតែត្រៀមខ្លួនរួចរាល់ក្នុងការចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងទិញដ្រូន (យន្តហោះគ្មានមនុស្សបើក)។ កាលពីខែមុន ប្រទេសទាំងពីរបានព្រមព្រៀងគ្នាផលិតរួមគ្នាលើដ្រូនប្រភេទ BARS ដែលប្រើម៉ាស៊ីនយន្តហោះប្រតិកម្ម (jet-powered) និងមានល្បឿនលឿន ដោយអាល្លឺម៉ង់ជាអ្នកផ្តល់ហិរញ្ញប្បទានសម្រាប់ការផលិតក្នុងដំណាក់កាលដំបូងនៃគម្រោងនេះ។

រុស្ស៊ីបានឆ្លៀតឱកាសពីកង្វះខាតប្រព័ន្ធការពារប្រឆាំងនឹងមីស៊ីលផ្លោងរបស់អ៊ុយក្រែន ដោយបានវាយប្រហារទីក្រុងនានាយ៉ាងខ្លាំងក្លា និងញឹកញាប់។ ការវាយប្រហារថ្មីៗក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានបណ្តាលឱ្យមនុស្ស ១៦ នាក់ស្លាប់នៅមជ្ឈមណ្ឌលពាណិជ្ជកម្មមួយក្នុងទីក្រុង Kryvyi Rih កាលពីថ្ងៃទី ២១ ខែសីហា និង ១៥ នាក់ទៀតស្លាប់នៅទីក្រុង Kyiv កាលពីថ្ងៃទី ២០ ខែសីហា៕

ប្រភព៖Kyiv independent