កីឡា

Ipswich ទទួលបានជ័យជម្នះដ៏គួរឱ្យពេញចិត្ត ដើម្បីអបអរការវិលត្រឡប់មកកាន់ Premier League វិញ

ប្រែសម្រួល៖ តារា

IPSWICH ប្រទេសអង់គ្លេស ថ្ងៃទី ២២ ខែសីហា៖ ការស៊ុតបញ្ចូលទីនៅចុងម៉ោងរបស់ Jack Clarke បាននាំមកនូវជ័យជម្នះដ៏គួរឱ្យពេញចិត្តកាលពីថ្ងៃសៅរ៍ សម្រាប់ក្រុម Ipswich Town ដែលទើបតែឡើងមកលេងនៅលីគកំពូល។ ជ័យជម្នះ ២-១ លើក្រុម Sunderland នេះ បានបង្ហាញយ៉ាងច្បាស់ពីបំណងប្រាថ្នារបស់ក្លិបក្នុងការលុបបំបាត់អនុស្សាវរីយ៍ដ៏អាក្រក់នៃរដូវកាល Premier League ឆ្នាំ ២០២៤-២៥។

ក្រុម Ipswich ធ្លាប់ឈ្នះតែមួយប្រកួតប៉ុណ្ណោះបន្ទាប់ពីខែធ្នូ ឆ្នាំ ២០២៤ ខណៈដែលការវិលត្រឡប់មកកាន់លីគកំពូលវិញ បន្ទាប់ពីចំណាយពេលពីរទសវត្សរ៍នៅលីគកម្រិតទាបជាងនេះ បានបញ្ចប់ទៅដោយការឈរនៅចំណាត់ថ្នាក់ទី ១៩ និងត្រូវធ្លាក់ទៅលេងនៅលីគ Championship វិញ។

ប៉ុន្តែ ក្លិបនេះទទួលបានការឡើងទៅលេងនៅលីគកម្រិតខ្ពស់ជាងមុនមួយកម្រិតទៀតកាលពីរដូវកាលមុន ហើយបានបង្ហាញពីការវិលត្រឡប់មកកាន់ឆាកដ៏ធំនេះវិញជាមួយនឹងជ័យជម្នះមួយ ដែលបានធ្វើឱ្យហ្វូងអ្នកគាំទ្រដ៏កងរំពងនៅកីឡដ្ឋាន Portman Road បង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំង។

លោក Dara O’Shea ដែលជាប្រធានក្រុម Ipswich និងបានចូលរួមជាមួយក្លិបតាំងពីឆ្នាំ ២០២៤ មកនោះ បាននិយាយថា៖ «ពួកគេបានជំរុញទឹកចិត្ត និងជួយឱ្យយើងបន្តដំណើរទៅមុខ… យើងបានបញ្ចប់ការប្រកួតយ៉ាងខ្លាំងក្លា ហើយនេះគឺជាលទ្ធផលដែលកើតចេញពីការគាំទ្ររបស់ហ្វែនៗ»៕

ប្រភព៖ Reuters