អន្តរជាតិ

លោក ពូទីន អះអាងថា សំណើស្ដីពីសន្តិភាពរបស់អ៊ុយក្រែនមានលក្ខណៈ «ចម្លែកហួសហេតុ» សម្រាប់រុស្ស៊ី

ប្រែសម្រួល៖ ស.សម្បត្តិ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងកាលពីថ្ងៃទី ២២ ខែសីហាថា ទីក្រុងម៉ូស្គូបានទទួលនូវសំណើដែលលោកចាត់ទុកថាមានលក្ខណៈ «ចម្លែកខុសពីធម្មតា» (exotic) និង «មិនអាចទទួលយកបាន» ពាក់ព័ន្ធនឹងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

ការលើកឡើងនេះធ្វើឡើងក្នុងអំឡុងពេលដែលកិច្ចចរចាសន្តិភាពកំពុងជាប់គាំង ខណៈដែលអ៊ុយក្រែន និងសហរដ្ឋអាមេរិកកំពុងស្វែងរកវិធីសាស្រ្តថ្មីៗដើម្បីជំរុញដំណើរការនេះទៅមុខ រួមទាំងសំណើសម្រាប់ការឈប់បាញ់តាមផ្លូវអាកាសជាផ្នែកណាមួយផងដែរ។ ទីក្រុងកៀវក៏បានជំរុញឱ្យមានក្របខ័ណ្ឌនៃការឈប់បាញ់មួយដែលផ្អែកលើខ្សែត្រៀមប្រយុទ្ធជាក់ស្តែងនាពេលបច្ចុប្បន្ន។

លោក ពូទីន បានប្រាប់អ្នកសារព័ត៌មាន លោក Pavel Zarubin នៅក្នុងបទសម្ភាសន៍មួយបន្ទាប់ពីសមាជនៃគណបក្ស «រុស្ស៊ីរួបរួម» (United Russia) ថា៖ «សំណើដែលត្រូវបានបញ្ជូនមកកាន់យើង ជួនកាលមានលក្ខណៈចម្លែកខុសពីធម្មតា ហើយមិនអាចទទួលយកបានឡើយ»។

លោកបានបន្ថែមថា៖ «យើងតែងតែត្រៀមខ្លួនជានិច្ចសម្រាប់ការសន្ទនាអំពីសន្តិភាព ប៉ុន្តែត្រូវធ្វើឡើងតែលើមូលដ្ឋាននៃស្ថានភាពជាក់ស្តែងដែលកំពុងកើតមាននៅលើសមរភូមិប៉ុណ្ណោះ»។

នៅពេលត្រូវបានសួរថា តើលោកចង់សំដៅលើអ្វីចំពោះសំណើដែលហៅថា «ប្លែកពីធម្មតា» (exotic) នោះ លោក ពូទីន បានបដិសេធមិនបកស្រាយលម្អិតឡើយ។

លោកបានមានប្រសាសន៍ថា៖ «ខ្ញុំមិនចង់និយាយអំពីបញ្ហានេះ ឬចុះទៅក្នុងព័ត៌មានលម្អិតនៅពេលនេះទេ ព្រោះវាគ្រាន់តែជាការ “ស្ទាបស្ទង់” មតិយោបល់លើទិដ្ឋភាពផ្សេងៗទាក់ទងនឹងកិច្ចព្រមព្រៀងដែលអាចកើតមានឡើងប៉ុណ្ណោះ»។ លោកបានបន្ថែមថា គំនិតស្រដៀងគ្នានេះធ្លាប់ត្រូវបានលើកឡើងពីមុនមកដែរ ប៉ុន្តែនៅពេលនេះវាត្រូវបានលើកឡើងក្នុងទម្រង់ខុសប្លែកពីមុន៕

ប្រភព៖ Kyiv independent