ប្រែសម្រួល៖ វីរបុត្រ

កងទ័ពអ៊ុយក្រែនបានបើកការវាយប្រហារទៅលើប្រទេសរុស្ស៊ី និងទឹកដីដែលរុស្ស៊ីកាន់កាប់កាលពីថ្ងៃទី ២២ ខែសីហា ដោយបានបង្កជាអគ្គិភ័យនៅមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញរបស់ក្រុមហ៊ុន Ozon និងរោងចក្រចម្រាញ់ប្រេង Novokuibyshevskyi ក្នុងតំបន់ Samara ព្រមទាំងបានធ្វើឱ្យខូចខាតយន្តហោះមួយចំនួននៅមូលដ្ឋានទ័ពអាកាស Saky ក្នុងតំបន់ Crimea ផងដែរ។
ក្រុមហ៊ុន Ozon ដែលជាទីផ្សារលក់ទំនិញតាមអ៊ីនធឺណិតធំទីពីររបស់រុស្ស៊ី បានឱ្យដឹងថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (drone) បានបង្កជាអគ្គិភ័យនៅឃ្លាំងស្តុកទំនិញរបស់ខ្លួន និងតម្រូវឱ្យមានការជម្លៀសបុគ្គលិកជាង ៥០០ នាក់ចេញភ្លាមៗក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។ ក្រុមហ៊ុនបានបញ្ជាក់ថា មានមនុស្សមួយចំនួនបានរងរបួស។
នេះគឺជាលើកដំបូងហើយដែលអ៊ុយក្រែនបានវាយប្រហារលើឃ្លាំងរបស់ក្រុមហ៊ុន Ozon ទោះបីជាទីក្រុង Kyiv ធ្លាប់បានវាយប្រហារម្តងហើយម្តងទៀតទៅលើមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញរបស់ក្រុមហ៊ុន Wildberries ដែលជាទីផ្សារលក់ទំនិញតាមអ៊ីនធឺណិតធំបំផុតរបស់រុស្ស៊ីក៏ដោយ។ មន្ត្រីអ៊ុយក្រែនបានលើកឡើងថា ក្រុមហ៊ុននេះលក់ទំនិញទៅឱ្យកងទ័ពរុស្ស៊ី។ក្រសួងការពារជាតិបានបញ្ជាក់អំពីការវាយប្រហារលើក្រុមហ៊ុន Ozon នៅក្នុងសេចក្តីប្រកាសមួយនៅថ្ងៃបន្ទាប់។
ក្រសួងបានថ្លែងថា៖ «កងកម្លាំងការពារជាតិអ៊ុយក្រែនបានបើកការវាយប្រហារលើកដំបូងទៅលើមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញរបស់ក្រុមហ៊ុនរុស្ស៊ី Ozon»។
ការវាយប្រហារជាប្រព័ន្ធទៅលើឃ្លាំងស្តុកទំនិញដែលមានលក្ខណៈប្រើប្រាស់បានទាំងផ្នែកស៊ីវិល និងយោធា (dual-use goods) កំពុងធ្វើឱ្យប្រតិបត្តិការរបស់សត្រូវជួបការលំបាក និងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចទាំងមូលរបស់រុស្ស៊ី។ បន្ទាប់ពីកងកម្លាំងអ៊ុយក្រែនបានវាយប្រហារមជ្ឈមណ្ឌលដឹកជញ្ជូន និងស្តុកទំនិញធំៗចំនួន ១៥ របស់ក្រុមហ៊ុន Wildberries រួចមក ពេលនេះដល់វេនរបស់ក្រុមហ៊ុន Ozon វិញម្តង។
អគ្គសេនាធិការកងទ័ពអ៊ុយក្រែនបានរាយការណ៍ថា នៅយប់ដដែលនោះ អ៊ុយក្រែនក៏បានវាយប្រហាររោងចក្រចម្រាញ់ប្រេង Novokuibyshevskyi នៅក្នុងតំបន់ Samara Oblast ផងដែរ ដែលរោងចក្រនេះផលិតប្រេងឥន្ធនៈ និងប្រេងរំអិលសម្រាប់ប្រើប្រាស់ដោយកងទ័ពរុស្ស៊ី។
ទោះបីជាការខូចខាតកំពុងស្ថិតក្នុងការវាយតម្លៃក៏ដោយ ប៉ុន្តែនេះគឺជារោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតមួយរបស់រុស្ស៊ី ដែលមានសមត្ថភាពផលិតប្រេងបាន ៨,៨ លានតោនក្នុងមួយឆ្នាំ។ រូបថត និងវីដេអូដែលបង្ហោះដោយប្រជាពលរដ្ឋក្នុងតំបន់នៅលើបណ្តាញសង្គម បានបង្ហាញពីផ្សែងខ្មៅហុយទ្រលោមចេញពីរោងចក្រនោះ បន្ទាប់ពីការវាយប្រហារ។
ប្រធានាធិបតី Volodymyr Zelensky បានសរសេរនៅលើបណ្តាញ Telegram ថា នៅតំបន់ Crimea កងកម្លាំងអ៊ុយក្រែនបានបំផ្លាញយន្តហោះ Su-24M មួយគ្រឿង និងឧបករណ៍សម្រាប់ប្រើប្រាស់នៅព្រលានយន្តហោះចំនួន ៤ គ្រឿង នៅឯមូលដ្ឋានទ័ពអាកាស Saky។ អ៊ុយក្រែនក៏បានបំផ្លាញស្ថានីយបញ្ជូនសញ្ញា (relay stations) នៅក្នុងតំបន់ Bryansk Oblast ភាគខាងលិចប្រទេសរុស្ស៊ី ដែលត្រូវបានប្រើប្រាស់សម្រាប់បញ្ជាយន្តហោះគ្មានមនុស្សបើក (drones) ផងដែរ។
ទីតាំងរបស់ក្រុមហ៊ុន Ozon និងរោងចក្រចម្រាញ់ប្រេងនោះ មានទីតាំងស្ថិតនៅចម្ងាយប្រហែល ៩០០ គីឡូម៉ែត្រ (៥៦០ ម៉ាយ) ពីខ្សែត្រៀមជួរមុខក្នុងប្រទេសអ៊ុយក្រែន។
អ៊ុយក្រែនកាន់តែបង្កើនការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់រុស្ស៊ី ដែលជាផ្នែកមួយនៃយុទ្ធនាការរបស់ខ្លួនក្នុងការរំខានដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ទីក្រុងម៉ូស្គូ។ ការវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងបានបង្ខំឱ្យរោងចក្រមួយចំនួនកាត់បន្ថយ ឬបញ្ឈប់ការផលិត ដែលរួមចំណែកធ្វើឱ្យរុស្ស៊ីជួបបញ្ហាខ្វះខាតប្រេងឥន្ធនៈ។
ការវាយប្រហារចុងក្រោយនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតី Volodymyr Zelensky បានបញ្ជាក់ថា កងកម្លាំងអ៊ុយក្រែនបានវាយប្រហាររោងចក្រចម្រាញ់ប្រេង Perm របស់រុស្ស៊ីកាលពីយប់ថ្ងៃទី ២១ ខែសីហា។ រោងចក្រនេះមានទីតាំងស្ថិតនៅចម្ងាយប្រហែល ១.៥០០ គីឡូម៉ែត្រ (៩៣០ ម៉ាយ) ពីប្រទេសអ៊ុយក្រែន៕
ប្រភព៖ Kyiv independent





