សុខភាព

ហានិភ័យជំងឺបេះដូងកើនឡើងនៅអាស៊ីអាគ្នេយ៍៖ វេជ្ជបណ្ឌិតសិង្ហបុរីជំនាញបេះដូង ជំរុញឱ្យប្រជាពលរដ្ឋប្រញាប់ពិនិត្យសុខភាព ដើម្បីការពារគ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាល

ភ្នំពេញ៖ការកើនឡើងនូវករណីជំងឺបេះដូង និងសរសៃឈាមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលក្នុងនោះមានកម្ពុជាផងដែរនោះ កំពុងក្លាយជាប្រធានបទព្រួយបារម្ភយ៉ាងខ្លាំងផ្នែកសុខភាពសាធារណៈ។ លោកវេជ្ជបណ្ឌិតជំនាញខាងបេះដូងមកពីប្រទេសសិង្ហបុរី បានអំពាវនាវ និងជំរុញយ៉ាងទទូចឱ្យសាធារណជនក្នុងតំបន់ ជាពិសេសកម្ពុជា យកចិត្តទុកដាក់លើការពិនិត្យសុខភាពជាទៀងទាត់ ដើម្បីស្វែងរកជំងឺ និងបង្ការគ្រោះថ្នាក់នៃការដាច់សរសៃឈាមខួរក្បាល (Stroke) ឱ្យបានទាន់ពេលវេលា។


ប្រជាជននៅអាស៊ីអាគ្នេយ៍គួរតែចាប់ផ្តើមពិនិត្យសុខភាពជាទៀងទាត់ចាប់ពីវ័យ ៣០ ឆ្នាំឡើងទៅ និងផ្លាស់ប្តូរមកប្រើប្រាស់របៀបរស់នៅដែលមានសុខភាពល្អ ខណៈដែលជំងឺបេះដូង និងសរសៃឈាមបន្តកើនឡើងនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់។ នេះជាការអនុសាសន៍របស់លោកវេជ្ជបណ្ឌិត Tan Sian-Tsung ឯកទេសបេះដូងជនជាតិសិង្ហបុរី។
ថ្លែងនៅក្នុងបទសម្ភាសន៍មួយនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែសីហា លោកវេជ្ជបណ្ឌិត Tan បានមានប្រសាសន៍ថា រដ្ឋាភិបាលគួរតែពង្រឹងការយល់ដឹងជាសាធារណៈ និងកម្មវិធីពិនិត្យសុខភាព ព្រមទាំងដោះស្រាយកត្តាហានិភ័យបេះដូង និងសរសៃឈាមសំខាន់ៗ រួមមាន៖ ការជក់បារី ការឡើងជាតិខ្លាញ់ក្នុងឈាម ជំងឺទឹកនោមផ្អែម និងជំងឺធាត់។


សូមជម្រាបថាលោកបានអញ្ជើញមកកាន់រាជធានីភ្នំពេញ ដើម្បីចូលរួមវេទិកា Therapeutic Fusion Forum លើកទី ២ និងវេទិកា Cardio Metabolic Forum នាថ្ងៃទី២២ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខារ៉េស៊ីដង់ ដែលនៅក្នុងសិក្ខាសាលានេះ លោកបានចូលរួមចែករំលែកបទពិសោធន៍និងពិភាក្សាផ្លាស់ប្តូរយោបល់អំពីសុខភាពបេះដូង សរសៃឈាម ទឹកនោមផ្អែម និងការរំលាយអាហារ ។


លោកវេជ្ជបណ្ឌិត Tan បានលើកឡើងថា៖ នៅអាស៊ីអាគ្នេយ៍ ដែលភាគច្រើននៅតែត្រូវបានចាត់ទុកជាប្រទេសកំពុងអភិវឌ្ឍន៍ ហានិភ័យនៃជំងឺបេះដូង និងសរសៃឈាមមិនទាន់ដល់ចំណុចកំពូល ឬឈប់កើនឡើងនោះទេ គឺវានៅតែបន្តកើនឡើង ខណៈដែលនៅប្រទេសអភិវឌ្ឍន៍ដូចជា អាមេរិក អឺរ៉ុប ឬសូម្បីតែសិង្ហបុរី អត្រាជំងឺបេះដូងមិនសូវមានការប្រែប្រួលខ្លាំងទេក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ។
លោកបានបន្តថា៖ កត្តាហានិភ័យចម្បងៗរួមមាន៖ ការជក់បារី ប្រវត្តិគ្រួសារ ការឡើងជាតិខ្លាញ់ក្នុងឈាម ជំងឺទឹកនោមផ្អែម និងជំងឺធាត់ ។លោកបានបញ្ជាក់ថា៖ការកើនឡើងនៃជីវភាព និងការអភិវឌ្ឍបានរួមចំណែកធ្វើឱ្យកើនឡើងនូវជំងឺធាត់ និងជំងឺទឹកនោមផ្អែម។


លោកបានបន្តថា៖មនុស្សជាច្រើននៅតែមិនដឹងខ្លួនថា ពួកគេមានជំងឺលើសសម្ពាធឈាម ឬជំងឺទឹកនោមផ្អែម ឬមិនបានទទួលការព្យាបាលនោះទេ ដែលវាបង្កើនហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។
លោក Tan បានមានប្រសាសន៍បបន្ថែមថា៖ រដ្ឋាភិបាលគួរបង្កើតគំនិតផ្តួចផ្តើមក្នុងការលើកកម្ពស់ការយល់ដឹងជាសាធារណៈ ជាពិសេសក្នុងចំណោមសហគមន៍ជនបទ និងបានណែនាំឱ្យមានការពិនិត្យលើកត្តាហានិភ័យនៃការរំលាយអាហារចាប់ពីអាយុប្រហែល ៣០ ឆ្នាំ។
លោកបានថ្លែងថា៖« ការអប់រំអ្នកជំងឺ និងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល គឺជាកត្តាចម្បងបំផុត។ក្នុងនោះត្រូវមានវិធានការម៉ឺងម៉ាត់បន្ថែមទៀត ដើម្បីរារាំងការជក់បារី រួមទាំងការកម្រិតការទទួលបានបារី និងការដំឡើងតម្លៃបារីផងដែរ»។
លោកវេជ្ជបណ្ឌិត Tan បានឱ្យដឹងថា ការរីកចម្រើននៃបច្ចេកវិទ្យាស្តង់ (stent) ការថតរូបភាពសរសៃឈាម និងថ្នាំសម្រួលជាតិខ្លាញ់ក្នុងឈាម ស្ថិតនៅក្នុងចំណោមការវិវត្តន៍ដែលមានសក្តានុពលបំផុតក្នុងការព្យាបាលបេះដូង និងសរសៃឈាម។


លោកបានរំលេចអំពីឧបករណ៍ DynamX Bioadaptor stent ដែលជាឧបករណ៍ស៊េរីថ្មីរចនាឡើងដើម្បីអនុញ្ញាតឱ្យសរសៃឈាមស្តារឡើងវិញនូវភាពយឺត និងការកន្ត្រាក់តាមធម្មជាតិ បន្ទាប់ពីស្តង់នេះបើកចំហទាំងស្រុងក្រោយរយៈពេលប្រហែល ៦ ខែ។ លោកបានមានប្រសាសន៍ថា វាមានសក្តានុពលខ្លាំងជាពិសេសសម្រាប់អ្នកជំងឺវ័យក្មេង ទោះបីជាវាមានតម្លៃថ្លៃជាងស្តង់ធម្មតាប្រហែលពីរដងក៏ដោយ។
លោកក៏បានរំលេចអំពីការរីកចម្រើននៃបច្ចេកវិទ្យាថតរូបភាព រួមទាំងបញ្ញាសិប្បនិម្មិត (AI) ដែលអាចជួយគ្រូពេទ្យវាយតម្លៃសរសៃឈាម និងធានាថាស្តង់ត្រូវបានដាក់ និងពង្រីកបានត្រឹមត្រូវ។
លោកបានបន្តថា ថ្នាំសម្រួលជាតិខ្លាញ់ក្នុងឈាមស៊េរីថ្មីអាចកាត់បន្ថយ LDL ឬ “ខ្លាញ់អាក្រក់” មកនៅកម្រិតទាបបំផុត ហើយមានប្រសិទ្ធភាព និងសុវត្ថិភាព។ ថ្នាំខ្លះត្រូវចាក់រៀងរាល់ពីរពីរសប្តាហ៍ ម្តង ឬរៀងរាល់ ៦ ខែម្តង។
លោកវេជ្ជបណ្ឌិត Tan បានបន្ថែមថា៖ «ថ្នាំទាំងនេះមិនទាន់មាននៅកម្ពុជានៅឡើយទេ» ដោយលោកបានបន្តថា ថ្នាំទាំងនេះអាចនឹងមាននៅក្នុងប្រទេសនាឆ្នាំខាងមុខ«។
[8/22/2026 6:00 PM] Nhem Sophol: លោក Tan បានជំរុញឱ្យប្រជាជនកុំរំលងរោគសញ្ញាដែលជាសញ្ញាព្រមាននៃជំងឺបេះដូង ជាពិសេសរោគសញ្ញាដែលកើតឡើងក្នុងអំឡុងពេលប្រឹងប្រែងធ្វើសកម្មភាពរាងកាយ។ការចុកណែនទ្រូងកំឡុងពេលប្រឹងប្រែង គឺជាសញ្ញាព្រមានទូទៅ ប៉ុន្តែអ្នកមានជំងឺទឹកនោមផ្អែមអាចជួបប្រទះត្រឹមតែការហត់ដង្ហើមប៉ុណ្ណោះ។ស្ត្រីក៏អាចជួបប្រទះរោគសញ្ញាមិនសូវទូទៅដូចជា៖ ចុកណែនបំពង់ក ឈឺដៃ ឬឈឺខ្នងផងដែរ។រោគសញ្ញាទាក់ទងនឹងបេះដូង ពេលខ្លះអាចច្រឡំជាមួយជំងឺរលាកក្រពះ ឬជំងឺច្រាលអាស៊ីតក្រពះ ដែលធ្វើឱ្យការពិនិត្យវេជ្ជសាស្ត្រមានសារៈសំខាន់ខ្លាំង។


លោកបានមានប្រសាសន៍ថា៖ «អ្នកមិនអាចប្រាកដចិត្តដោយគ្រាន់តែមើលរោគសញ្ញាតែមួយមុខនោះទេ»។
លោកវេជ្ជបណ្ឌិត Tan បានឱ្យដឹងថា នាឡិកាវៃឆ្លាត (smartwatches) អាចតាមដានចង្វាក់បេះដូង ភាពប្រែប្រួលនៃចង្វាក់បេះដូង និងកម្រិតអុកស៊ីសែន ហើយក្នុងករណីខ្លះអាចថតរលកបេះដូងកម្រិតមូលដ្ឋានបាន។ទោះជាយ៉ាងណាក៏ដោយ លោកបានព្រមានប្រឆាំងនឹងការផ្អែកលើឧបករណ៍ពាក់ជាប់ខ្លួនដើម្បីរោគវិនិច្ឆ័យជំងឺបេះដូង និងសរសៃឈាមធ្ងន់ធ្ងរ ដោយកត់សម្គាល់ថា ការវាស់សម្ពាធឈាមនៅតែមានសុក្រិតភាពទាបជាងឧបករណ៍វេជ្ជសាស្ត្រធម្មតា។សម្រាប់មនុស្សដែលមានអាយុលើសពី ៣០ ឬ ៤០ ឆ្នាំ លោកបានណែនាំឱ្យមានការពិនិត្យសុខភាពជាទៀងទាត់ រួមទាំងការពិនិត្យការរំលាយអាហារ និងការវាស់សម្ពាធឈាម។
លោកវេជ្ជបណ្ឌិត Tan បាន បានលើកទឹកចិត្តឱ្យប្រជាជនស្វែងរកការប្រឹក្សាពីគ្រូពេទ្យ ប្រសិនបើពួកគេជួបប្រទះរោគសញ្ញាគួរឱ្យព្រួយបារម្ភ និងត្រូវធ្វើការពិនិត្យសុខភាពជាទៀងទាត់ ទោះបីជាពួកគេមានអារម្មណ៍ថាមានសុខភាពល្អក៏ដោយ។
លោកវេជ្ជបណ្ឌិត Tan បានទទួលការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រ និងឯកទេសបេះដូងនៅចក្រភពអង់គ្លេស មុនពេលបញ្ចប់ការសិក្សាថ្នាក់អាហារូបករណ៍ (fellowship) ផ្នែកអន្តរាគមន៍បេះដូងដ៏ស្មុគស្មាញនៅមន្ទីរពេទ្យ Royal Brompton Hospital។ បន្ទាប់មក លោកបានចូលរួមជាមួយមន្ទីរពេទ្យ Raffles Hospital ក្នុងប្រទេសសិង្ហបុរី ដែលលោកផ្តោតលើជំងឺសរសៃឈាមបេះដូង រួមទាំងការគាំងបេះដូង និងជំងឺចុកទ្រូងរ៉ាំរ៉ៃ (chronic angina)៕