ប្រែសម្រួល៖ សហការី

មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបការណ៍សម្ងាត់អ៊ុយក្រែនបានឲ្យដឹងថាក្រុមទាហានកូរ៉េខាងជើងមួយក្រុមថ្មី ដែលបច្ចុប្បន្នមានចំនួន ៨,៥០០នាក់នៅក្នុងប្រទេសរុស្ស៊ីនោះ រួមមានទាំងអង្គភាពដ្រូន (យន្តហោះគ្មានមនុស្សបើក) ដែលអាចវាយប្រហារគោលដៅនានានៅក្នុងប្រទេសអ៊ុយក្រែន។

លោកឧត្តមសេនីយ៍ទោ Vadym Skibitskiy អនុប្រធានផ្នែកស៊ើបការណ៍សម្ងាត់នៃក្រសួងការពារជាតិអ៊ុយក្រែន បានឱ្យដឹងថា កូរ៉េខាងជើង ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមកជាមួយរុស្ស៊ីក្នុងលក្ខណៈស្រដៀងនឹងអង្គការណាតូ (NATO) កាលពីពីរឆ្នាំមុននោះ បានបញ្ជូនទាហានទៅជួយប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូ ចាប់តាំងពីចុងឆ្នាំ ២០២៤ មក។ លោកបានបន្ថែមថា កូរ៉េខាងជើងអាចនឹងត្រូវបានស្នើសុំឱ្យបញ្ជូនទាហានបន្ថែមរហូតដល់ ៥០,០០០នាក់ទៀត នៅពេលដែលប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ជួបជាមួយសមភាគីកូរ៉េខាងជើង លោក Kim Jong Un នៅខែកញ្ញា។

ការធ្វើបែបនេះនឹងបង្ហាញពីការពង្រីកយ៉ាងសំខាន់នៃកិច្ចសហប្រតិបត្តិការយោធារវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង ហើយវាកើតឡើងនៅចំពេលដែលអ៊ុយក្រែនកំពុងជួបប្រទះការខ្វះខាតយ៉ាងធ្ងន់ធ្ងរនូវប្រព័ន្ធការពារដែនអាកាស។
លោក Skibitskiy បានបញ្ជាក់ថា ទាហានកូរ៉េខាងជើងដែលបានដាក់ពង្រាយរួចហើយនោះ ភាគច្រើនស្ថិតនៅក្នុងតំបន់ Kursk របស់រុស្ស៊ី ហើយក្នុងនោះរួមមានវិស្វករ និងអ្នកដោះមីនចំនួន ១,០០០នាក់។ ពួកគេក៏រួមបញ្ចូលទាំងអ្នកបញ្ជាដ្រូនចំនួន ៤០០នាក់ផងដែរ ដែលក្នុងនោះជាច្រើននាក់មានបទពិសោធន៍ពីការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងពីមុនៗមក ហើយដ្រូនរបស់ពួកគេទំនងជានឹងត្រូវបានប្រើប្រាស់ទាំងសម្រាប់ការឈ្លបយកការណ៍ និងការវាយប្រហារលើគោលដៅនានានៅក្នុងប្រទេសអ៊ុយក្រែន។
ការពង្រឹងទំនាក់ទំនងរវាងកូរ៉េខាងជើង និងរុស្ស៊ី កំពុងបង្កក្តីបារម្ភដល់សមាជិកជាច្រើននៃសម្ព័ន្ធភាពណាតូ (NATO) ជាពិសេសបន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃអាទិត្យថា ការធ្វើសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូងនឹងត្រូវកាត់បន្ថយ ដើម្បីកុំឱ្យបង្កការខឹងសម្បារដល់លោក គីម ជុងអ៊ុន ដែលជាមេដឹកនាំកូរ៉េខាងជើងដ៏ឯកោ ហើយជាបុគ្គលដែលលោក ត្រាំ មានបំណងចង់ជួបពិភាក្សាជាថ្មីម្តងទៀត។
លោកស្រី Kim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់លោក Kim បានបដិសេធការអះអាងដែលថា ប្រជាជនកូរ៉េខាងជើងរាប់ម៉ឺននាក់ទៀតនឹងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីក្នុងពេលឆាប់ៗនេះ ដោយលោកស្រីបានហៅរឿងនេះថាជា «សេណារីយ៉ូដែលបង្កើតឡើងដោយខ្លួនឯង និងគ្មានមូលដ្ឋាន»។
លោក Skibitskiy បានលើកឡើងថា យោងតាមព័ត៌មានស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែន កងទ័ពកូរ៉េខាងជើងដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ីនឹងមិនចូលរួមប្រយុទ្ធនៅលើទឹកដីអ៊ុយក្រែននោះទេ ប៉ុន្តែពួកគេនឹងជួយពង្រឹងទីតាំងការពារនៅផ្នែកខាងក្រោយរបស់រុស្ស៊ី ដែលនឹងអនុញ្ញាតឱ្យកងទ័ពរុស្ស៊ីអាចដកខ្លួនចេញដើម្បីទៅធ្វើការវាយលុកនៅខាងក្នុងប្រទេសអ៊ុយក្រែនវិញ។
យន្តហោះគ្មានមនុស្សបើក និងស្ថានភាពជាក់ស្តែងថ្មីៗនៅសមរភូមិមុខ ដែលត្រូវបានគ្របដណ្ដប់ដោយបច្ចេកវិទ្យា។
ដើម្បីបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីបានបង្ហាញរូបភាពកងទ័ពកូរ៉េខាងជើងកំពុងហ្វឹកហាត់នៅក្នុងប្រទេសរុស្ស៊ីក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ហើយលោក គីម ជុងអ៊ុន (Kim Jong Un) ក៏បានសម្ពោធវិមានរំលឹកដល់ទាហានកូរ៉េខាងជើងដែលបានស្លាប់នៅក្នុងសង្គ្រាមអ៊ុយក្រែន កាលពីខែមេសាផងដែរ។
លោក Skibitskiy ក៏បានលើកឡើងផងដែរអំពីកម្រិតនៃការជួយជ្រោមជ្រែងរបស់កូរ៉េខាងជើង តាមរយៈការផ្តល់បច្ចេកវិទ្យាគ្រាប់មីស៊ីលសម្រាប់យុទ្ធនាការវាយលុករបស់រុស្ស៊ី។
លោកបានបញ្ជាក់ថា មុនខែសីហា ឆ្នាំមុន កូរ៉េខាងជើងបានបញ្ជូនគ្រាប់មីស៊ីលផ្លោងប្រភេទ KN-23 ឬ KN-24 យ៉ាងហោចណាស់ ១៥០ គ្រាប់ ដើម្បីប្រើប្រាស់នៅក្នុងប្រទេសអ៊ុយក្រែន ហើយក៏បានសន្យាថានឹងបញ្ជូនបន្ថែមចំនួន ១២០ គ្រាប់ទៀត។ អាវុធទាំងនេះកំពុងបង្កការលំបាកកាន់តែខ្លាំងឡើងសម្រាប់ទីក្រុងគៀវក្នុងការបាញ់ស្ទាក់ និងកម្ទេចចោល ខណៈដែលស្តុកគ្រាប់មីស៊ីលស្ទាក់ចាប់ប្រភេទ Patriot របស់សហរដ្ឋអាមេរិក ដែលជាប្រព័ន្ធមួយក្នុងចំណោមប្រព័ន្ធមួយចំនួនតូចដែលអាចកម្ទេចមីស៊ីលផ្លោងបាននោះ គឺស្ទើរតែអស់រលីងទៅហើយ។
លោក Skibitskiy បានមានប្រសាសន៍ថា អាវុធចំនួន ៤០ គ្រឿងក្នុងចំណោមនោះត្រូវបានបញ្ជូនមកដល់ហើយ ហើយគេសង្ស័យថាមាន ២ គ្រឿងត្រូវបានប្រើប្រាស់នៅក្នុងការវាយប្រហារមួយនៅតំបន់ Radushne នៃខេត្ត Dnipro កាលពីថ្ងៃទី ៣០ ខែកក្កដា ដែលបានបណ្តាលឱ្យកុមារយ៉ាងហោចណាស់ ៤ នាក់មកពីគ្រួសារតែមួយបានស្លាប់។
លោកបានបន្ថែមថា បុគ្គលិកប្រហែល ៩០ នាក់ត្រូវបានបញ្ជូនទៅកាន់ទីក្រុង Voronezh ដើម្បីជួយដល់ប្រតិបត្តិការបាញ់បង្ហោះមីស៊ីល ខណៈដែលមានជើងហោះហើរដឹកជញ្ជូនទំនិញធំៗចំនួន ១០ ជើង ដែលអាចនឹងផ្ទុកមីស៊ីលមកពីប្រទេសកូរ៉េខាងជើង បានចុះចតនៅឯព្រលានយន្តហោះ Baltimore ក្នុងតំបន់ Voronezh។
លោក Skibitskiy បានលើកឡើងថា មីស៊ីលប្រភេទទំនើបជាងមុនមានរយៈចម្ងាយហោះហើររហូតដល់ ៨០០គីឡូម៉ែត្រ ប៉ុន្តែជារឿយៗវាធ្លាក់ខុសពីគោលដៅចន្លោះពី ១៥ ទៅ ១៩គីឡូម៉ែត្រ។ លោកបានបន្ថែមថា កូរ៉េខាងជើងកំពុងប្រើប្រាស់ការបាញ់សាកល្បងនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីកែលម្អសមត្ថភាពកំណត់គោលដៅ និងសមត្ថភាពផ្ទុកក្បាលគ្រាប់របស់មីស៊ីល។
លោក Skibitskiy បានបញ្ជាក់ថា ជាការតបស្នងចំពោះការផ្គត់ផ្គង់កម្លាំងមនុស្ស និងគ្រាប់រំសេវដល់រុស្ស៊ី កូរ៉េខាងជើងបានស្នើសុំប្រព័ន្ធការពារដែនអាកាស S-400 របស់រុស្ស៊ី ហើយបានទទួលរួចហើយនូវប្រព័ន្ធបាញ់មីស៊ីលពីដីទៅអាកាសប្រភេទ Pantsir-1៕/
ប្រភព៖CNN

