ដោយ៖ លន ស្រស់

ភ្នំពេញ៖ ផ្សារស្ទឹងមានជ័យ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង និងអាចបង្កហានិភ័យគ្រប់ពេលដល់អាជីវករ និងអតិថិជន អាជ្ញាធររាជធានីភ្នំពេញបានសម្រេចជួសជុល និងសង់ដំបូលថ្មី ដើម្បីធានាសុវត្ថិភាពទូទៅ ។ នេះបើយោងតាមការជូនដំណឹងរបស់រដ្ឋបាលខណ្ឌមានជ័យ កាលពីថ្ងៃទី១៧ ខែសីហា ។

ផ្សារស្ទឹងមានជ័យ ត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ១៩៦០ ដែលគិតមកដល់ពេលនេះមានអាយុ ៦៦ឆ្នាំហើយ។ បច្ចុប្បន្ន ដំបូលផ្សារដែលសង់អំពីឈើប្រក់ក្បឿងមានសភាពចាស់ទ្រុឌទ្រោមខ្លាំង បានបង្កការលំបាក និងហានិភ័យដល់អាជីវករ ក៏ដូចជាអតិថិជនចេញ-ចូល ផ្សារ ដែលមានទីតាំងស្ថិតនៅផ្លូវព្រះមុន្នីរ៉េត ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យនេះគ្រប់ពេល។

ផ្អែកតាមហេតុផលខាងលើនេះ និងតបតាមសំណើរបស់អាជីវករផងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចរៀបចំជួសជុល និងសាងសង់ដំបូលផ្សារ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សារដែលខូចខាតឡើងវិញ ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថាន និងសុវត្ថិភាព ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់បងប្អូនអាជីវករ ដែលប្រកបអាជីវកម្មនៅទីនោះ។

គម្រោងជុសជុលនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។

ដើម្បីរក្សាសណ្តាប់ធ្នាប់របៀបរៀបរយ កាត់បន្ថយជាអតិបរមានូវគ្រោះថ្នាក់ជាយថាហេតុ និងបញ្ចៀសការរាំងស្ទះការងារសាងសង់នេះ រដ្ឋបាលខណ្ឌមានជ័យ ស្នើឱ្យអាជីវករ និងម្ចាស់អាជីវកម្មពាក់ព័ន្ធ ត្រូវចូលរួមសហការបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារសាងសង់ឱ្យបានរលូន និងទទួលបានលទ្ធផលតាមការគ្រោងទុក៕
អត្តបទនិងរូបភាព៖ រដ្ឋបាលខណ្ឌមានជ័យ


