ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង÷ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានប្រគល់ផ្ទះចំនួន ២០០ខ្នងជូនដល់អតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង។

នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តកម្ពុជា, ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង រួមជាមួយលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានចុះប្រគល់ផ្ទះចំនួន ២០០ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជន ស្ថិតក្នុងភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ជាការតបស្នងនូវគុណបំណាច់ដ៏ធំធេងក្នុងបុព្វហេតុបម្រើប្រទេសជាតិមាតុភូមិកន្លងមក។

ផ្ទះចំនួន ២០០ខ្នងខាងលើនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តាមរយៈក្រុមហ៊ុន ជីប ម៉ុង៕


