សន្ដិសុខសង្គម

ACU នាំខ្លួនទៅសួរចម្លើយពាក់ព័ន្ធបទល្មើស Online Scams លើមន្រ្តីក្រសួងការបរទេស លោក ថូ សំណាង ដែលគ្រួសារកំពុងប្រកាសស្វែងរកថាបាត់ខ្លួននោះ

ដោយ : បន្ទាយ 

ភ្នំពេញ៖ មន្រ្តីក្រសួងការបរទេស លោក ថូ សំណាង ដែលគ្រួសារកំពុងប្រកាសស្វែងរកថាបាត់ខ្លួននោះ តាមពិតលោកត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នាំខ្លួនទៅសួរចម្លើយពាក់ព័ន្ធបទល្មើស Online Scams ឯណោះទេ ។

នេះបើតាមលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២០ខែសីហា ឆ្នាំ២០២៦ ។

ករណីលោក ថូ សំណាង កំពុងត្រូវបាន ACU ស្តាប់ចម្លើយពាក់ព័ន្ធបទល្មើស Online Scams។

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានបន្តថា លោក ថូ សំណាង បានសារភាពលួចយកសន្លឹកទិដ្ឋការប្រភេទ C និង Cex ប្រើប្រាស់ខុសច្បាប់ ជាង ៦.០០០សន្លឹក ហើយចំណែកសន្លឹកនៅសល់ ៤ពាន់សន្លឹក ACU កំពុងតាមរកដែលគាត់ថាបានកម្ទេចចោល។

លោកទេសរដ្ឋមន្រ្តី ថ្លែងបញ្ជាក់ថែមទៀតថា យើងរកឃើញសន្លឹកទិដ្ឋាការរបស់ដែលគាត់បានបញ្ចេញដោយខុសច្បាស់ត្រូវបានជនបរទេស Online Scams ប្រើបា្រស់។

សូមបញ្ជាក់ថា លោក ថូ សំណាង ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងពីអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការច្បាប់កុងស៊ុល និងព្រំដែន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយតែងតាំងលោកជាទីប្រឹក្សាក្រសួងជំនួសវិញ មានឋាន:ស្មើអគ្គនាយក។

នៅយប់ថ្ងៃនេះ មានការចែកចាយព័ត៌មាននៃការបាត់ខ្លួនលោក ថូ សំណាង ក្រោយក្រុមគ្រួសារបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលជ្រោយចង្វា និងប្រកាសស្វែងរក៕